ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ជាមួយនឹងអត្រាប្រជាជនត្រឹមតែ៣២៦០០០នាក់ អ៊ីស្លង់ ជប្រទេសដ៏តូចបំផុតមិនធ្លាប់មានពីមុនមកក្នុងការឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការដ៏ធំមួយ ប៉ុន្តែ សូមកុំមើលស្រាលឲ្យសោះ ខណៈដែលនេះគឺជាក្រុមមួយដែលមានសមត្ថភាពក្នុងការបង្កើតភាពភ្ញាក់ផ្អើលដល់ក្រុមភាគច្រើន។
អីស្លង់Euro16
Euro ឆ្នាំ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនក្នុងយុទ្ធនាការដ៏ធំជាលើកទីមួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់។ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលតាមរយៈការឈ្នះកៅអីជាស្វ័យប្រវត្តិរបស់ពួកគេពីការប្រកួតជម្រុះពូល A ដែលក៏មានក្រុមជម្រើសជាតិហូឡង់ សាធារណរដ្ឋឆែក និងតួកគី ផងដែរ។

ពួកគេបានបញ្ចប់ដោយឈរលេខ២ក្នុងពូល A បន្ទាប់ពីសាធារណរដ្ឋឆែក ក្រោយពីបានកត់ត្រាជ័យជម្នះ៦លើក ស្មើ២លើក ចាញ់១លើកពីការប្រកួតជម្រុះទាំង១០លើក ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ទាំងពីរជើងក្នុងលទ្ធផល ៣-០ ផងដែរ។

កីឡាករដ៏សំខាន់របស់ពួកគេគឺ Gylfi Sigurdsson របស់ក្លិប Swansea ស្របពេលសមត្ថភាពលេងដ៏ល្អរបស់គេអាចនឹងបង្កើតភាពអស្ចារ្យក្នុងតំបន់ប្រយុទ្ធរបស់អ៊ីស្លង់។

សម្រាប់ការបង្ហាញខ្លួនជាលើកទី១របស់ពួកគេក្នុងយុទ្ធនាការកីឡាបាល់ទាត់ដ៏ធំក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រុមជម្រើសជាតិអ៊ីស្លង់ស្ថិតក្នុងពូល F រួមជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ អូទ្រីស និងហុងគ្រី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ខ្លួននៅពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី១៤ ខែមិថុនា នាកីឡដ្ឋាន Stade Geoffroy-Guichard ក្នុងទីក្រុង Saint-Etienne៕