ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិអ៊ីតាលី ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្រិតកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងពិភពលោកនេះ។
italy-Euro16
ក្នុងនាមជាក្រុមមានភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់នៅលើឆាកអន្តរជាតិ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នឹងធ្វើការបង្ហាញខ្លួនជាលើកទី៩របស់ពួកគេក្នុងព្រឹត្តិការណ៍ Euro ក្រោយពីបានអវត្តមានត្រឹមតែ៤លើកគត់មកទល់ពេលនេះ។

អ៊ីតាលី បានឈ្នះពាន World Cup ដល់ទៅ៤លើក ប៉ុន្តែ ពួកគេបានឈ្នះពាន Euro តែមួយលើកគត់កាលពីឆ្នាំ១៩៦៨ ដោយកាលនោះពួកគេបានធ្វើជាម្ចាស់ផ្ទះ និងបានបញ្ចប់ក្នុងនាមជាក្រុមម្ចាស់ជើងឯករងពីរលើកកាលពីឆ្នាំ២០០០ និងឆ្នាំ២០១២។ ក្នុងយុទ្ធនាការប្រកួតជម្រុះសម្រាប់ Euro ឆ្នាំ២០១៦ អ៊ីតាលី បានបញ្ចប់ដោយការស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូល H ក្រោយពីបានកត់ត្រាជ័យជម្នះ៧លើក ស្មើ៣លើក និងមិនដែលចាញ់សោះពីការប្រកួតជម្រុះ១០លើករបស់ពួកគេ។

កីឡាករវ័យក្មេង Domenico Berardi ក៏អាចនឹងបង្កើតឲ្យមានការភ្ញាក់ផ្អើលលើឆាកអន្តរជាតិអំឡុងពេលយុទ្ធនាការនេះផងដែរ ក្រោយពីបានស៊ុតបាល់បញ្ចូលទី៣៣គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A បើគិតចាប់តាំងពីឆ្នាំ២០១៤។ ក្រុមជម្រើសជាតិអ៊ីតាលី បានស្ថិតក្នុងពូល E សម្រាប់យុទ្ធនាការ Euro នៅឆ្នាំនេះរួមជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក សាធារណរដ្ឋអៀរឡង់ និងស៊ុយអែត ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ពួកគេដោយត្រូវប៉ះជាមួយនឹងក្រុមជើងខ្លាំងប្រចាំពូល បែលហ្ស៊ិក នាថ្ងៃទី១៣ ខែមិថុនា នាកីឡដ្ឋាន Parc Olympique Lyonnais ក្នុងទីក្រុង Lyon