វិស័យ​សុខាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ខ្លះ​ តែ​ហេតុ​អ្វី​ក៏​អ្នក​ក្រ​មិន​អាច​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដោយ​សេរី​?

បញ្ហានៃការសម្រេចចិត្តលក់ដីធ្លី ផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្រីក្រដែលមូលហេតុចម្បងនោះគឺដោយសារតែការចំណាយទៅលើថ្លៃព្យាបាលជំងឺ។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់អង្គការអុកស្វាមអំពីឫសគល់នៃបញ្ហាការបាត់បង់ដីធ្លីនិងផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្រីក្រ(Oxam UK, 20០1)។

វិស័យ​សុខាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ខ្លះ​ តែ​ហេតុ​អ្វី​ក៏​អ្នក​ក្រ​មិន​អាច​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដោយ​សេរី​?

ទិដ្ឋភាពនៅមន្ទីរពេទ្យគន្ធបុប្ផាដែលបម្រើសេវាសុខភាពគំរូតែមួយរបស់កម្ពុជា។ ស្រេង ម៉េងស្រ៊ុន

បន្ទាប់ពីដំណាក់កាលមួយៗ អ្នកជំងឺធ្ងន់ៗឬក៏រ៉ាំរ៉ៃបានព្យាយាមតាំងពីមានលុយនៅតាមគ្លីនិកឯកជនអស់ចិត្ត ហើយមិនជា ក៏ចាប់ផ្តើមទៅពេទ្យរដ្ឋវិញម្តង តែនៅពេលដល់មន្ទីរពេទ្យបង្អែករដ្ឋទាំងតាមស្រុកនិងខេត្ត ការព្យាបាលសុទ្ធតែត្រូវបង់លុយមុនទាំងអស់។ ទោះបីជាយ៉ាងណា ក៏មានជំងឺខ្លះគឺរដ្ឋាភិបាលនិងម្ចាស់ជំនួយជួយទាំងស្រុង ដូចជា ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ជាដើម ហើយក៏នៅមានមូលនិធិសមធម៌ពីអង្គការមិនមែនរដ្ឋាភិបាលសម្រាប់អ្នកជំងឺដែលមានប័ណ្ណក្រីក្រអាចជួយសម្រាប់ការស្នាក់នៅពីមួយយប់ទៅមួយយប់ផងដែរ។

នៅពេលដែលនៅពេទ្យស្រុកទប់មិនរួច មកពេទ្យខេត្ត ពេទ្យខេត្តទប់មិនរួចទៀតក៏បញ្ជូនមកមន្ទីរពេទ្យនៅភ្នំពេញដែលក៏ជាមន្ទីរពេទ្យមានមូលនិធិសមធម៌ដែរ ដូចមន្ទីរពេទ្យរុស្ស៊ីជាដើម។ ប៉ុន្តែក្នុងករណីនេះ វាក៏មិនអាចដែរសម្រាប់អ្នកជំងឺក្រីក្រដែលទៅរកសេវានៅពេទ្យកាល់ម៉ែត ជាពិសេសការព្យាបាលជំងឺបេះដូងដោយគ្រាន់តែ១យប់គិតថ្លៃ១០០ដុល្លារទៅហើយ នេះមិនទាន់គិតដល់ករណីដាច់សរសៃឈាមក្នុងខួរក្បាល គាំងបេះដូងផងគឺអ្វីៗសុទ្ធតែមានតារាងចំណាយស្រាប់គូសយកៗចុងក្រោយចេញវិក្កយបត្រដែលត្រូវបង់សម្រាប់អ្នកធូរធារ។

ជាទូទៅ ការអនុវត្តជាក់ស្តែងសម្រាប់អ្នកជំងឺក្រីក្រភាគច្រើនគឺទទួលរងនូវការរើសអើងពីការព្យាបាលមិនពេញដៃ ពេញជើងឬក៏ការប្រើពាក្យសម្តីគំរោះគំរើយរបស់គ្រូពេទ្យអសីលធម៌មួយចំនួនឬក៏គ្រូពេទ្យខ្លះយកពេលវេលាធ្វើការងាររដ្ឋទៅបម្រើការនៅគ្លីនិកខ្លួនឯងឬក៏នៅផ្នែកឯកជន។

នៅទីបំផុតអ្នកជំងឺធ្ងន់ៗក្រីក្រទាំងនោះដែលអាចព្យាបាលឲ្យរស់បានសោះក៏សម្រេចចិត្តចាកចេញពីមន្ទីរពេទ្យរដ្ឋត្រឡប់ទៅស្រុកភូមិវិញ ដោយសម្រេចប្រើថ្នាំខ្មែរផឹកជំនួស ហើយនៅពេលជួយមិនបានក៏ស្លាប់ទៅ។ ចំណុចទាំងនេះ ធ្វើឲ្យគ្រួសារអ្នកជំងឺធ្លាក់ក្នុងភាពក្រីក្រតែម្តង ហើយជម្រើសចុងក្រោយគឺមានតែធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស។

រីឯសេវាសុខាភិបាលឯកជនវិញគឺមិនមែនសម្រាប់អ្នកជំងឺក្រីក្រទេ ហើយអ្នកបើកបម្រើសេវាគ្លីនិក សម្ភព ឱសថស្ថាន ឬក៏ការពិគ្រោះយោបល់សុទ្ធតែស្វះស្វែងរកខ្នងអ្នកធំៗឬក៏អ្នកមានអំណាចមកធ្វើជាបង្អែក ជាជាងធ្វើអ្វីដែលក្រសួងឬក៏មន្ទីរសុខាភិបាលរាជធានី-ខេត្ត បានចេញអាជ្ញាប័ណ្ណឲ្យ។

ពួកគេឲ្យតែក្រសួងឬក៏មន្ទីរចេញអាជ្ញាប័ណ្ណឲ្យគឺគេលេងម៉ាសេរី ដោយគ្លីនិកខ្លះធ្វើអ្វីៗហាក់បីដូចជាមិនមានការទទួលខុសត្រូវសោះ យកអ្នកជំងឺមកធ្វើជាបទពិសោធរបស់ខ្លួន អ៊ីចឹងគឺត្រូវវះកាត់ឬក៏ព្យាបាលឲ្យអស់ចិត្តសិន មើលតែអ្នកជំងឺផ្តឹកៗជិតស្លាប់ទើបបានរៀបចំឡានសង្គ្រោះបន្ទាន់ ហើយពេលដឹកចេញបានតែបន្តិច អ្នកជំងឺក៏ស្លាប់ រួចតាំងសរសេរក្នុងកំណត់ហេតុដាក់ថា អ្នកជំងឺស្លាប់នៅតាមផ្លូវពេលបញ្ជូនមកមន្ទីរពេទ្យ ហើយក្រសួងកម្រចុះមកបិទឬក៏ឲ្យម្ចាស់គ្លីនិកទទួលទោសទណ្ឌនោះដែរគឺភាគច្រើនពួកគេរួចខ្លួនរហូតពីព្រោះម្ចាស់គ្លីនិកលេងសុទ្ធតែខ្សែធំៗនៅពីក្រោយខ្នង។

ឧទាហរណ៍ ដូចជា កាលពីសប្តាហ៍មុននេះ នៅសម្ភពសោភាហ្គោលដែលមានទារកស្លាប់ដោយសារគិលានុបដ្ឋាយិកាបានបំបៅទឹកដោះគោដែលករណីនេះមិនមានឃើញការប្តឹងប្ដល់ឬការតវ៉ាឬក៏ចេញសេចក្តីព្រមានពីក្រសួងឲ្យបញ្ឈប់ដូចករណីស្លាប់បុរសម្នាក់ដោយសារការចាក់ថ្នាំ២ម្ជុលនៅគ្លីនិក ឃឹម រ៉ានី ដែលក្រសួងបានចុះបិទភ្លាមៗក្រោមហេតុផលថាមកពីគ្លីនិកហ្នឹងមានបញ្ហាការស្លាប់មួយចំនួន នោះឡើយ។ ចុះសម្រាប់សម្ភពសោភានិងគ្លីនិកមួយចំនួនទៀតដែលធ្វើឲ្យអ្នកជំងឺស្លាប់ដែរនោះ ក្រសួងមានចំណាត់ការយ៉ាងដូចម្តេច?ឬមួយក៏នៅតែស៊ុមគ្រលុំគ្នាឬក៏ខ្នងម្ចាស់ក្រាស់ៗពេកបានជានាំគ្នាធ្វើមិនដឹងមិនឮដដែល?

នេះក៏ជាផ្នែកមួយដែលធ្វើឲ្យមិនមានការទុកចិត្តពីអ្នកជំងឺធូរធារគឺគេទៅមើលតែនៅក្រៅប្រទេសវិញប្រសើរជាង។

តើក្រសួងសុខាភិបាល មានយន្តការឬក៏កំណែទម្រង់ណាមួយដើម្បីឲ្យអ្នកជំងឺក្រីក្រនិងធូរធារ ត្រូវធានាអាយុជីវិតតាមរយៈសេវាសាធារណៈឬសេវាឯកជន?បើក្រឡេកមើលទៅស្ថិតិនៃការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញអំពីជំងឺឆ្លងមានការថយចុះ តែជំងឺរ៉ាំរ៉ៃមានការកើនឡើងនោះគឺ៤៤ ភាគរយនៃអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យសាធារណៈសព្វថ្ងៃនេះជាជំងឺមិនឆ្លង។

ជាងនេះទៅទៀត ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីកជាជំងឺរ៉ាំរ៉ៃដែលឈានមុខគេក្នុងចំណោមប្រជាជនអាយុ២៥-៦៤ឆ្នាំ។ ឧទាហរណ៍ត្រួសៗនៃជំងឺមិនឆ្លងដែលមានការកើនឡើងដូចជា មានអ្នកជំងឺលើសឈាមពី៩នាក់ក្នុងចំណោមប្រជាជន១ពាន់នាក់នៅឆ្នាំ២០០៨ មកដល់ ឆ្នាំ២០១២ កើនឡើង១៣ នាក់ក្នុងចំណោមប្រជាជន១ពាន់នាក់ទៅវិញ។

រីឯជំងឺទឹកនោមផ្អែមវិញក្នុងរយៈពេលតែ៥ឆ្នាំពី២០០៨ទៅ២០១២ គឺកើនឡើងចំនួនអ្នកជំងឺដល់ទៅ៤ដងពី៥២៧ នាក់ទៅ២០៨២នាក់ ដែលមកសម្រាកនៅមន្ទីរពេទ្យ។ចុះនៅអ្នកជំងឺមិនមកសម្រាកនៅមន្ទីរពេទ្យក្នុងស្រុក តែទៅព្យាបាលនៅក្រៅប្រទេសទៀតនោះតើមានប៉ុន្មាននាក់ទៀត?ផលប៉ះពាល់ខ្លាំងជាងគេគឺអ្នកជំងឺរ៉ាំរ៉ៃហើយក្រក្រីទៀត។

តែករណីបែបនេះ ក្រសួងសុខាភិបាលត្រូវមានយុទ្ធនាការធំមួយទៀតក្នុងការដោះស្រាយឫសគល់នៃបញ្ហាដែលបង្កឲ្យមានជំងឺរ៉ាំរ៉ៃទាំងនេះដូចជា ថ្មីៗក្រសួងបានចេញបញ្ជាផាកពិន័យទៅតាមច្បាប់គ្រប់គ្រងបារីទៅលើអ្នកជក់បារីតាមទីសាធារណៈដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកជំងឺនិងក្រុមហ៊ុនផលិតបារីអំពីរូបភាពនិងសារគ្រោះថ្នាក់ដោយសារបារី។

តែក្រសួងមិនសម្រេចបាននូវកិច្ចខំប្រឹងប្រែងក្នុងការអនុម័តច្បាប់គ្រប់គ្រងស្រានៅឡើយទេ គឺជាប់គាំងនៅត្រឹមទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ។ តើមកពីមន្ត្រីដែលចូលរួមតាក់តែងឬក៏សែស្រឡាយមន្ត្រីអនុម័តច្បាប់គ្រប់គ្រងស្រានេះមានភាគហ៊ុននៅតាមបណ្តាក្រុមហ៊ុននាំចូលនិងផលិតស្រាទើបបានជាមានការអូសបន្លាយយូរម្ល៉េះ? គឺស្រានិងស្រាបៀរដែលធ្វើឲ្យអ្នកផឹកចេះតែក្រទៅៗដោយសារតែជំងឺរួតរឹតច្រើនប្រភេទហើយធ្វើប៉ះពាល់វិស័យសុខាភិបាលនិងភាពក្រីក្រ។ ហេតុដូច្នេះរាជរដ្ឋាភិបាលគួរតែពន្លឿនការអនុម័តច្បាប់គ្រប់គ្រងស្រាឲ្យដូចច្បាប់បារីនិងធ្វើកំណែទម្រង់បន្ថែមទៅលើការចុះត្រួតពិនិត្យការអនុវត្តជាក់ស្តែងពីថ្នាក់ក្រសួងឲ្យបានជាប់លាប់ទាំងរដ្ឋ ទាំងឯកជន ជាពិសេសជួយអ្នកជំងឺក្រីក្រដែលគ្មានលទ្ធភាពអ្វីសោះឲ្យអាចរស់បាន៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍