ពលរដ្ឋថាតំបន់អភិរក្សព្រៃ​ព្រះរការកើតមានបទល្មើសច្រើនដោយសារពុករលួយ

ប្រជាសហគមន៍នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ឲ្យដឹងថាបទល្មើសព្រៃឈើកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅតំបន់អភិរក្សព្រៃព្រះរកា ដោយអះអាងថា បទល្មើសនោះកើតឡើងដោយសារមន្ដ្រីជំនាញទទួលសំណូកពីក្រុមឈ្មួញ។

ពលរដ្ឋថាតំបន់អភិរក្សព្រៃ​ព្រះរការកើតមានបទល្មើសច្រើនដោយសារពុករលួយ

សមាជិកសហគមន៍នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យលោក បា ផល អះអាងប្រាប់VODនៅថ្ងៃចន្ទថាប្រជាសហគមន៍៣១នាក់ចុះល្បាតនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សព្រៃព្រះរការយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែឧសភានេះ បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើកើតឡើងគួរឲ្យបារម្ភ។ លោកបន្ដថាមធ្យោបាយធ្វើបទល្មើសនោះ ពួកគេប្រើរណាយន្ដជាច្រើនគ្រឿងដោយអារកាប់ដើមឈើធំនៅក្នុងតំបន់ព្រៃអភិរក្សនោះ ដែលលោកថាក្រុមឈ្មួញទាំងនោះបង់លុយឲ្យសមត្ថកិច្ចជំនាញប្រចាំខែចាប់ពី១៥ម៉ឺនរៀលឡើងទៅ។ លោកបន្ដថា៖ ឈើប្រភេទដើមឈើទាល ដើមត្រាច ច្រើនណាស់ចង់វាលជាចំការទៅហើយបាទ! សមត្ថកិច្ចគេចុះបង្រ្កាបនឹងគេចូលដែរតែគេចូលរកថវិកាមិនមែនបង្ក្រាបបទល្មើសទេ ជួនកាលខ្លះទៅជួបទៅគេបង់ខែបង់អីទៅខ្លះ១៥ម៉ឺ២០ម៉ឺនក៏មានជួបតាមព្រៃគេយក៣០ម៉ឺ៤០ម៉ឺន២០ម៉ឺនវាចឹងឯង

សមាជិកសហគមន៍មួយរូបទៀតលោក ពេជ ពាន់ ឲ្យដឹងថាការចុះទប់ស្កាត់បទល្មើសព្រៃឈើនោះពួកគាត់ចាប់បានម៉ាស៊ីនរណាយន្ដ៤គ្រឿង និងវត្ថុតាងជាច្រើនទៀតដែលលោកថា អ្នកកាប់បំផ្លាញព្រៃឈើជាពលរដ្ឋមកពីខេត្ដផ្សេងដែលទំនងជាកម្មករកាប់ឈើឲ្យក្រុមឈ្មួញ។ លោកសម្ដែងការព្រួយបារម្ភពីបទល្មើសកើតឡើងនេះដោយអំពាវឲ្យស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់លើករណីនេះ។ លោកបន្ដថា៖ សហគមន៍យើងខ្ញុំនៅតែព្រួយបារម្ភវាមិនបាត់ ព្រោះអនាធិបតេយ្យអត់ស្រុតចុះសោះនៅតែកើនឡើង ចាប់ជា១០ម៉ាស៊ីនក៏ដោយនៅតែកើនឡើងរហូតនៅខាងខ្ញុំនេះមួយខែពីដងក៍បាន៣ដងក៏មានចុះម្ដងនេះ៣១នាក់ជួនកាល៤០នាក់ជួន៥០នាក់

ករណីនេះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដព្រះវិហារលោក អ៊ិត ភូម្រា មានប្រសាសន៍ថាការកាប់បំផ្លាញព្រៃឈើមិនមែនជាដែនសមត្ថកិច្ចរបស់លោកទប់ស្កាត់នោះទេ ដែលលោកអះអាងថារដ្ឋាភិបាលបានប្រគល់ព្រៃព្រះរកាឲ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង។ លោក ភូម្រា បង្វែរសំណួរទៅខាងផ្នែកបរិស្ថានវិញ។ លោកបន្ដថា៖ រដ្ឋាភិបាលគេបានចុះហត្ថលេខាប្រគល់ដីព្រៃកសិកម្មឲ្យក្រសួងបរិស្ថានគ្រប់គ្រងហើយចឹងរាល់បទល្មើសសួរខាងបរិស្ថាន ខាងខ្ញុំអត់មានសមត្ថកិច្ចគ្រប់គ្រងទៀតទេ

VODមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារលោក អ៊ា សុខា ដើម្បីសាកសួរពីបញ្ហានេះបានទេដោយទូរស័ព្ទមិនអាចទាក់ទងបាន។

ទោះជាយ៉ាងណាប្រជាសហគមន៍ឲ្យដឹងថាប្រតិបត្ដិការនេះពួកគេបានសុំសហការជាមួយមន្ដ្រីពាក់ព័ន្ធដែរ ប៉ុន្ដែមន្ដ្រីទាំងនោះបដិសេធមិនចូលរួមដោយលើកឡើងថាគ្មានកម្លាំងនិងមិនទាន់ទទួលព័ត៌មានដែលរដ្ឋាភិបាលឲ្យទប់ស្កាត់បទល្មើសព្រៃឈើជាមួយសហគមន៍។

កាលពីពាក់កណ្ដាលខែឧសភានេះប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធបន្តទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាពដោយបញ្ជាឲ្យសហការជាមួយសហគមន៍ការពារព្រៃឈើនៅថ្នាក់មូលដ្ឋាន ខណៈសមត្ថកិច្ចបើកប្រតិបត្តិការមួយរយៈនេះរឹបអូសបានឈើល្មើសច្បាប់៧ម៉ឺនម៉ែត្រគូប។

គួរបញ្ជាក់ថារដ្ឋាភិបាលបានប្រកាសដកតំបន់ព្រៃចំនួន១៨កន្លែងមានផ្ទៃដីសរុបជាង២៦ម៉ឺនហិកតា(២៦៧៤៥០៣) ដូចជាព្រៃនៅតំបន់ក្រវាញខាងត្បូងក្នុងខេត្តពោធិ៍សាត់ ព្រៃព្រះរការក្នុងខេត្តព្រះវិហារ និងព្រៃនៅតំបន់មួយចំនួនទៀត រួមទាំងតំបន់ព្រៃឡង់ផងធ្វើជាតំបន់អភិរក្សវិញ៕

ប្រភពៈ VOD