ទោះជា​ត្រូវ​បង្ហូរឈាម​ក៏​ធ្វើ​ដែរ​ឲ្យ​តែ​បាន​ដី​វត្ត​មក​វិញ

ខេត្តកណ្តាល ៖ ទំនាស់​ដីធ្លី​របស់​វត្ត​ដ៏​រាំ​រ៉ៃ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​វត្ត​សំរោង​ធំ ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រវាង​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជាង​១០០​អង្គ​/​នាក់​មាន​ក្តីក្តាំ​គ្នា​ជាមួយ​បុគ្គល​បី​បួន​នាក់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ចាប់ពី​សាលាដំបូង​រហូត​ដល់​ឧ​ទ្ធ​ណ៍ និង​តុលាការ​កំពូល បាន​កាត់ក្តី​ឲ្យ​ខាង​ភាគី​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ចាញ់ក្តី ។ ដោយ​ទ​ទូល​រង​នូវ​ភាព​អយុត្តិធម៌​ជាទី​បំផុត​បែប​នេះ​ធ្វើ​ឲ្យ​ពូក​គាត់​កើត​ទុក​មិន​សុខចិត្ត​បាន​និមន្ត និង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ស្វែងរក​យុត្តិធម៌ ទាមទារ​យក​ដី​របស់​វត្ត​មក​ទុកជា​សម្បត្តិ​រួម​វិញ ដាច់ខាត​មិន​ឲ្យ​ធ្លាក់​លើ​ដៃ​បុគ្គល​ឯកជន​បី​បួន​អ្នក​ដែល​ជា​ទមិឡ​ឥត​សាសនា​មិន​ស្គាល់​បាប​មិន​ស្គាល់​បុណ្យ​ឃុបឃិត​គ្នា​ចង់​យក​ដី​វត្ត​ទៅ​លក់​ឲ្យ​អ្នកមាន​លុយ​មាន​អំណាច​ឡើយ ។

លោក ប៉ែន ប៊ុ​ន​ថា គណៈកម្មការ​វត្ត​សំរោង​ធំ មាន​ប្រសា​ស​ន៏​ថា ការ​នាំ​គ្នា​ទៅ​ឈរ​នៅ​មុខ​បរិវេណ​តុលាការ​កំពូល​នេះ គឺ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​សម្រេច​កាត់ក្តី​ឈរ​លើ​គោលការណ៍​យត្តិ​ធម៌ ខណៈ​ដែល​ដី​របស់​វត្តមាន​ប្លង់​រឹង​ត្រឹមត្រូវ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាន់កាប់​ដឹង​ឮជា​សាធារណៈ​ហើយ បែរជា​តុលាការ​កំពូល​កាត់ក្តី​ឲ្យ​វត្ត​ចាញ់ក្តី​ទៅ​វិញ រីឯ​ភាគី​ដែល​ចង់បាន​ដី​វត្ត​គ្មាន​ឯកសារ​អ្វី​ទាំងអស់ ឈ្នះក្តី​ដោយ​អយុត្តិធម៌​បំផុត ។

ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​ជា​ច្រើន​បាន​លើក​ឡើង​ដែរ​ថា ដី​វត្ត​នេះ​ជា​ដី​កម្ម​សិ​ទ្ឋិ​របស់​វត្ត​ពិតប្រាកដ​មែន ដែល​បាន​កាន់កាប់​ក្រោយ​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ និង​បាន​ធ្វើ​ជា​ប្លង់​កម្ម​សិ​ទ្ឋិ​របស់​វត្ត​ចាប់តាំងពី​ឆ្នាំ​២០០៥ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ចាប់ផ្តើម​ដី​មាន​ហាងឆេង ស្រាប់តែ​មាន​បុគ្គល​ឈ្មោះ ឈុំ មុន្នី មក​ប្តឹង​ទាមទារ​យក​ដី​វត្ត​ដោយ​សំ​អា​ថា ជា​ដី​របស់​អតីត​សេនា​ជន​ភូមិ​ដោយ​គ្មាន​ហេតុផល​និង​គ្មាន​ឯកសារ​កាន់កាប់​អ្វី​ទាំងអស់ ហើយ​បែរជា​តុលាការ​កំពូល​កាត់​ឲ្យ​វត្ត​ចាញ់ក្តី​ទៅ​វិញ ។

ព្រះ​ចៅអធិការ​វត្ត​សំរោង​ធំ ព្រះ​នាម យ៉ា​ន វណ្ណ​ធឿ​ន បាន​មាន​សង្ឃដីកា​ថា ករណី​រឿង​ក្តីក្តាំ​ដី​វត្ត​ជាង​២​ហិ​កតា​ជាមួយ​បុគ្គល​ឯកជន​នេះ​រយៈពេល​១១​ឆ្នាំ​ហើយ ដោយ​ចូល​ទៅ​សាលាដំបូង​ខេត្ត​ឲ្យ​វត្ត​ចាញ់ក្តី រហូត​មក​ដល់​ព្រឹក​នេះ​សាលា​ឧ​ទ្ធ​ណ៍​កាត់​ឲ្យ​វត្ត​ចាញ់ក្តី និង​ប្រគល់​ដី​ទៅ​ឲ្យ​បុគ្គល​ឈ្មោះ ឈុំ មុន្នី នេះ​គឺជា​រឿង​មិន​ប្រក្រតី ឬ​ហៅ​ថា​ជា​អំពើ​ពុក​រលួយ ដោយ​បុគ្គល​ឈ្មោះ ឈុំ មុន្នី មិន​បាន​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​នោះ​ទេ ចំណែក​វត្តមាន​សាក្សី​រស់ គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​-​ឃុំ និង​មាន​ដាំ​ដើមឈើ​ដុះ​ច្រូង​ច្រាំង បែរជា​តុលាការ​កំពូល​កាត់ក្តី​ឲ្យ​វត្ត​ចាញ់​ដ៏​អយុត្តិធម៌​ទៅ​វិញ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​បុគ្គល​ឈ្មោះ ឈុំ មុន្នី ដែល​ជា​ភាគី​ឈ្នះក្តី និង​ចៅក្រម​សម្រេច​ក្តី​នោះ​ទេ ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​សំរោង​ធំ មិន​សុខចិត្ត​ទៅ​នឹង​ការ​សម្រេច​ក្តី​នោះ​ទេ​ហើយ​ថា នឹង​តវ៉ា​ទាមទារ​ស្វែងរក​យុត្តិធម៌​ទៅ​ព្រះមហាក្សត្រ និង​សម្តេច​នាយក​រដ្ឋមន្ត្រី ឬ​ស្ថាប័ន​ពាក់​ព័​ន្ឋ​ដ៏​ទៃ​ទៀត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ប្រគល់​ដី​នេះ​មក​ជាក​ម្មសិ​ទ្ឋិ​រួម​របស់​វត្ត​វិញ ហើយ​ថា ទោះជា​បង្ហូរឈាម​ក៏​ត្រូវ​ទាមទារ​ដី​នេះ​ឲ្យ​បាន​មក​ជា​សម្បត្តិ​រួម​របស់​វត្ត​វិញ ព្រោះ​បើ​បាត់ដី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នឹង​បាត់​ផ្លូវ​និមន្ត​ឬ​ដើរ​ចុះ​ទៅ​ទន្លេ​គ្រាន់​ដឹក​ទឹក​យក​មក​ប្រើប្រាស់​មុជ ដាំ​ស្ល និង​ដឹក​សត្វ​គោ​ចុះ​ទៅ​លាង​ទឹកទន្លេ ជា​ពិសេស​ផ្លូវ​នេះ​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ខេត្តកណ្តាល ធ្វើការ​ដឹក​ជញ្ជូន​ទំនិញ និង​កសិផល​ផ្សេង​ៗ​ទៅ​កាន់​ទីផ្សារ​ព្រោះ​ជា​ចំណុច​កំពង់ដរ ។

ប្រភព​ក្រៅផ្លូវការ​និយាយ​ថា ការ​ដែល​បុគ្គល​ឈ្មោះ ឈុំ មុន្នី ឃុបឃិត​គ្នា​ចង់បាន​ដី​វត្ត​នេះ គឺ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ដី​ដ៏​ធំ​មួយ​ដែល​មាន​ក្រុមហ៊ុន​នៅ​ជិត​ដី​វត្ត ព្រោះ​សងខាង​គេ​ទិញ​អស់ហើយ​នៅ​ស្ទះ​តែ​ដី​វត្ត​ទេ ទើប​ថៅកែ​ដី​ដ៏​ធំ​ដែល​ជា​អ្នកមាន​លុយ​មាន​អំណាច​ក្នុងស្រុក​ខ្មែរ​នោះ​ញុះញុង​ឈរ​នៅ​ពី​ខាងក្រោយ​ខ្នង ហេតុ​ដូច្នេះ​ទើប​អស់លោក​តុលាការ​គ្រប់​ថ្នាក់​កាត់​ឲ្យ​ភាគី​ខាង​វត្ត​ចាញ់ក្តី​ដោយ​អយុត្តិធម៌ ៕