ផ្ទះរបស់ Fan Bingbing និងគូស្នេហ៍ Li Chen មើលខាងក្នុង ឃើញហើយញាក់សាច់

ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សំណុំរូបភាពមួយចំនួន បង្ហាញពីផ្នែកខាងក្នុងនៃគេហដ្ឋានថ្មីមួយ បានរីកសុះសាយពេញបណ្តាញផ្សព្វផ្សាយសង្គម ដែលគេជឿជាក់ថា ជាកម្មសិទ្ធរបស់គូស្នេហ៍មួយគូ គឺនាង Fan Bingbang និងលោក Li Chen ត្រូវបានបែកធ្លាយលើអ៊ិនធឺណែត។

នេះបើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីគ្រឿងសង្ហារឹមទំនើបៗ នៅខាងក្នុងវិមានគេហដ្ឋានដ៏ថ្មីស្រឡាងមួយ អមជាមួយនឹងការតុបតែងរៀបចំយ៉ាងស្រស់ប្រណិត ត្រូវបានអ្នកជិតខាងបង្ហើបឲ្យដឹងថា ជាភូមិគ្រឹះរបស់គូស្នេហ៍មួយគូ មានមុខមានមាត់ល្បីល្បាញក្នុងវិស័យសិល្បៈ គឺនាង Fan Bingbing និងលោក Li Chen ដែលទើបតែផ្លាស់មករស់នៅទីនេះ។

អ្នកជិតខាងបានបង្ហើបឲ្យដឹងទៀតថា គូស្នេហ៍មួយគូនេះ មានមិត្តភកិ្តធ្វើការខាងស្ទូឌីយោ មកជួយថតផ្ទះរបស់ពួកគេ ហើយក៏បានបង្ហោះចូលទៅក្នុងអ៊ិនធឺណែត ទើបបណ្ដាលឲ្យមានការបែកធ្លាយ បែបនេះតែម្តង។

ដោយឡែកបើតាមប្រភពសារព័ត៌មាន នៃគេហទំព័រ Gucheng បានរាយការណ៍ឲ្យដឹងថា លំដ្ឋានដ៏ល្អប្រណិត ភាគច្រើនដែលមានទីតាំង ស្ថិតនៅក្នុងតំបន់ Huangdao នៃទីក្រុង Qingdao ភាគខាងកើតខេត្ត Shandong ប្រទេសចិន (ដែលជាទីតាំងផ្ទះរបស់គូស្នេហ៍មួយគូនេះ) ភាគច្រើនមានតម្លៃជាង ១០លានយ័ន (ប្រហែលជា ១,៥លានដុល្លារអាមេរិក) ឯណោះ។

យ៉ាងណាមិញប្រភពបានឲ្យដឹងទៀតថា ចំណែកគូស្នេហ៍មួយគូនេះវិញ បានចំណាយលុយជាង ៥លានយ័ន (ប្រហែលជា ៧៥៩,៤១៦ដុល្លារអាមេរិក) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតមួយនេះ ដែលនាង Fan Bingbing បានចំណាយអស់ ៤លានយ័ន (ប្រហែលជា ៦០៧,៥៣៣ដុល្លារអាមេរិក) ខណៈដែលលោក Li Chen បានចូលហ៊ុនចំណាយត្រឹមតែ ១លានយ័ន (ប្រហែលជា ១៥១,៨៨៣ដុល្លារអាមេរិក) តែប៉ុណ្ណោះ ដែលអាចមើលឃើញទេសភាពទឹកសមុទ្រ និងផ្នែកខាងក្រោយនៃផ្ទះអាចមើលឃើញទេសភាពព្រៃភ្នំ ដ៏ស្រស់បំព្រងថែមទៀតផង។

គួរបញ្ជាក់ដែលថា ទំនាក់ទំនងរវាងកំពូលតារាសម្តែងស្រី នាង Fan Bingbing ដែលមានមុខមាត់ និងតួនាទីច្រើនក្នុងវិស័យសិល្បៈ រួមជាមួយនឹងលោក Li Chen ដែលជាកំពូលតារាសម្តែងរបស់ប្រទេសចិន ពួកគេទាំងពីរនាក់នេះ កន្លងមកធ្លាប់មានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើន លើកច្រើនសារផងដែរ៕ 

ប្រភព ៖
Lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា តារាសម្តែងស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសចិន នាង Fan Bingbing បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន​ភ្ញាក់ផ្អើល ដោយងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះរ៉ូបពណ៌ក្រហម ដែលនាងបានស្លៀក និងបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Fan Bingbing បានស្លៀករ៉ូបពណ៌ក្រហមរឹបរាង ចូលរួមកម្មវិធីមួយ ក្នុងទីក្រុងសៀងហៃ តែបែរជាធ្វើឲ្យអ្នកគាំទ្រ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារទ្រង់ទ្រាយពោះរបស់នាង ហាក់បីដូចជាពើបធំ ខុសប្លែកពីធម្មតា។ មិនត្រឹមប៉ុណ្ណោះ គេឃើញនាង មានអ្នកជួយដឹកដៃ ពេលចូលរួមកម្មវិធីនោះទៀតផង។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងបានប្រកាស ទំនាក់ទំនងជាមួយគូស្នេហ៍ គឺលោក Jerry Lee នាពេលកន្លងទៅនេះ។ ជាងនេះទៅទៀត ពាក្យចចាមអារ៉ាម ថាពួកគេទាំង២នាក់ លួចចុះសំបុត្រអាពាហ៍ពិពាហ៍ស្ងាត់ៗទៀតផង នៅពេលថ្មីៗនេះ។

ទោះជាយ៉ាងណា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិនមួយចំនួន បានធ្វើការប៉ាន់ស្មានក្រៅផ្លូវការថា តារាសម្តែងស្រី ដែលមានរូបសម្រស់ ស្រស់សោភា នាង Fan Bingbing គឺកំពុងតែមានផ្ទៃពោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload