ចោរ​កាច់​សោ​.​ក​ម៉ូតូ​យកទៅ​បាត់ ពេល​ទៅ​ដាក់ពាក្យ​ប្តឹង សមត្ថកិច្ច​ថា ចប់​ម៉ោង​រដ្ឋបាល​ហើយ ចាំ​ព្រឹកស្អែក​

​រាជធានី​ភ្នំពេញ : នារី​ម្នា​ក់បាន​ខ្ចី​ម៉ូតូ​គេ​ពី​អ្នកជិតខាង​ជិះ​ទៅរក​ការងារ​ធ្វើ ហើយ​ត្រូវ​ចោរ​កាច់​សោ​.​ក​ម៉ូតូ​យកទៅ​បាត់​ដោយ​សុវត្ថិ​ភាពមិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ បើទោះជា​នាង​ជិះ​ម៉ូតូឌុប​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដែរ តែ​ខាង​សមត្ថកិច្ច​ប្រាប់ថា​គេ​កំពុង​ជាប់រវល់ ចាំ​ព្រឹកស្អែក​ចាំ​មក​ម្ដងទៀត នារី​រងគ្រោះ​ក៏​ជិះ​ម៉ូតូឌុប​តម្រង់ មក​ផ្ទះ​វិញ​ទាំង​ក្តី​អស់សង្ឃឹម​បំផុត​។​


​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ស្ថានីយ៍ ប្រេងឥន្ធនៈ​Total តាម​បណ្ដោយ ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី កែង​និង​ផ្លូវ​១០០៣ ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​


​នារី​រងគ្រោះ​មានឈ្មោះ ទៀវ រ៉ាវី អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស​រៀន​នៅ​សាលា​កូរ៉េ​ស្នាក់នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​។​


​បើតាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នាង​បាន​ចេញពី​រៀន​ដោយ​ខ្ចី​ម៉ូតូ​អ្នកជិតខាង ដើម្បី​ទៅ​សម្ភាសន៍​ការងារ ក្រោយមក​នាង​ក៏​ឈប់​ចូល​ចាក់​សាំង នៅ​ចំណុច​ប្រេងឥន្ធនៈ​ខាងលើ ដោយ​ចូល​អង្គុយ​ក្នុង​ម៉ា​ត​ហើយក៏​ត្រូវ​ចោរ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​យកទៅ​បាត់​តែម្តង​។ នាង​បន្តទៀតថា ម៉ូតូ​ដែល​ចោរលួច​ទៅនោះ​ជា​របស់ លឿម លាភ មាន​ស្រុកកំណើត ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​ស្នាក់នៅ​បន្ទប់​ជិតគ្នា​។ ដោយឡែក​ម៉ូតូ​ដែល​បាត់​នោះ​ម៉ាក​ហុងដា​វ៉េវ សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1R-1476​។​


​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​រូបនាង​ត្រូវបាន​ម្ចាស់​ម៉ូតូ​ដែល​ស្នាក់នៅ​បន្ទប់​ជាប់​គ្នា​ពឹងពាក់​ឲ្យ​ទៅ​ជួយ​យក​កូន គាត់​នៅ​សាលារៀន​តែ​នាង​ឆ្លើយថា ជាប់រវល់ ប្រញាប់​ទៅ​សម្ភាសន៍​ការងារ ហើយ​ម្ចាស់​ម៉ូតូ​ក៏​ប្រាប់ថា ឲ្យ​យក​ម៉ូតូ​គាត់​ទៅ​អ៊ីចឹង​។ ក្រោយពី​ជូន​កូន​ម្ចាស់​ម៉ូតូ​ដាក់​ផ្ទះ​ហើយ​នាង ប្រញាប់​ទៅ​កន្លែង​សម្ភាសន៍​ការងារ ក្រោយពី​រូបគេ​បាន​ចូលក្នុង​បន្ទប់​សម្ភាសន៍​ប្រមាណ​ជា​២០​នាទី​ពេលចេញ​មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែម្ដង​ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង​និង​តក់ស្លុត​ជាខ្លាំង​ព្រោះ​ម៉ូតូ​ខ្ចី​គេ​ផង​។​


​ប្រភពពី​សន្តិសុខ​ដែល​នៅ​ចាក់​សាំង​ជិត​នោះបាន​ប្រាប់ថា ឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ចេញទៅ​បាត់​ហើយ​។​


​ក្រោយ​កើតហេតុ​នារី​រងគ្រោះ​បាន ជិះ​ម៉ូតូឌុប​ទៅ​ដាក់​ពាក្យបណ្ដឹង​នោ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដែរ តែ​ខាង​សមត្ថកិច្ច​ប្រាប់ថា​គេ​កំពុង​ជាប់រវល់​ចាំ​ព្រឹកស្អែក​ចាំ​មក​ម្ដងទៀត​។ នារី​រងគ្រោះ​ក៏​ជិះ​ម៉ូតូឌុប​តម្រង់ មក​ផ្ទះ​វិញ​ទាំង​ក្តី​អស់សង្ឃឹម​បំផុត​៕

ចោរ​កាច់​សោ​.​ក​ម៉ូតូ​យកទៅ​បាត់ ពេល​ទៅ​ដាក់ពាក្យ​ប្តឹង សមត្ថកិច្ច​ថា ចប់​ម៉ោង​រដ្ឋបាល​ហើយ ចាំ​ព្រឹកស្អែក​ ចោរ​កាច់​សោ​.​ក​ម៉ូតូ​យកទៅ​បាត់ ពេល​ទៅ​ដាក់ពាក្យ​ប្តឹង សមត្ថកិច្ច​ថា ចប់​ម៉ោង​រដ្ឋបាល​ហើយ ចាំ​ព្រឹកស្អែក​