កើត​ជាមនុស្ស​ទេ! តែ​ចរិតនិងទង្វើ​អន់ជាងសត្វទៅទៀត​

ខេត្តក្រចេះ ​៖ ​បុរស​​​ជាឪពុក​ចុង​​ម្នាក់​ ​ត្រូវ​​នគរបាល​ចាប់​ខ្លួន​​ក្រោយរយៈ​​ពេល​៤​ថ្ងៃ ​បន្ទាប់​ពី​ជន​នេះបាន​ប្រព្រឹត្ត​សកម្មភាព​ដ៏អាក្រក់​បំផុត ដោយ​​ចាប់​កូនស្រី​ចុង​​​អាយុ​​​១៣​​ឆ្នាំ​ ​រំលោភបាន​សម្រេច​នៅ​កណ្តាល​​ព្រៃ​ ។

ជន​សង្ស័យខាងលើឈ្មោះមាស ហន​ ជា​ឪ​ពុក​ចុង​​​​​ បាន​​​យក​ស្ត្រី​ដែល​ជា​ម្តាយ​របស់ក្មេង​ស្រី​រង​គ្រោះ ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

បើ​តាមប្រភព​ពី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​​ឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ឧសភា កន្លងមក ក្មេង​ស្រីរង​គ្រោះ​បាន​ចូល​ទៅ​ព្រៃ​ដើម្បី​អារឈើ​ជាមួយ ​និង​ជនសង្ស័យ​ជា​ឪ​ពុក​ចុង​នោះ ​។ ​ជន​នេះ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង រហូត​បាន​សម្រេច​ម្តង​នៅ​កណ្តាល​ព្រៃ​ ដោយបាន​គំរាមកំហែង​នាង​មិនឱ្យយក​រឿង​នេះ ​ប្រាប់អ្នកណា​ទេ ។

​​៣​ថ្ងៃ​ក្រោយមក ​បន្ទាប់​ពី​បានត្រឡប់មក​ពី​ព្រៃវិញ ​ក្មេង​ស្រី​រង​គ្រោះ​​​បាន​យក​រឿង​នេះ​ មក​ប្រាប់​ស្ត្រី​ជា​ម្តាយ ។ ​បន្ទាប់​ពី​ម្តាយ​ដឹង​រឿង​នេះ និង​បាន​សួរនាំ​បុរស​ជា​ប្តី​ចុង ​ក៏​កើតជា​ជម្លោះ​ក្នុងគ្រួសារ ដោយ​បុរស​ជា​ប្តី​ចុង​រូប​នេះ​ បាន​បណ្តេញ​ស្ត្រី​ជា​ម្តាយ​​និង​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ចុះចេញពីផ្ទះ​។  ក្រោយ​ចុះ​ចេញពីផ្ទះ ​ស្ត្រី​ជា​ម្តាយ​និង​កួន​ស្រី​ទាំង២​នាក់​​បាន​មក​ស្នាក់​នៅផ្ទះអ្នក​ភូមិ ​និង​បាន​មក​ប្តឹង​ឱ្យនគរបាល​ប្រាប់​ពី​​សកម្មភាព​របស់​ជនសង្ស័យ ។

អធិការរង​នគរបាល​ស្រុក​សំបូរ លោកណ​យ ស៊ី​ថា​ច បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួលបាន​ពាក្យបណ្តឹង នគរបាល​បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ ​និងបាន​នាំ​ខ្លួន​មក​អធិការ​រ​ដ្ឋា​ន​ដើម្បី​សាកសួរ​ ។ ជនសង្ស័យ​បាន​ទទួលស្គាល់​កំហុស​​ថា រូបគេពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​ប្រាកដ​មែន ​។