ដឹងអត់​ ! ACU ​ឃាត់ខ្លួនលោកមេធាវី​ ពេជ រតនា ​ដោយសារអ្វី ?

រាជធានីភ្នំពេញ ៖​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ ​មកដល់វេលា​ម៉ោង៨និង៤៥នាទី​ព្រឹកថ្ងៃទី០១ មិថុនា ២០១៦នេះ​ អង្គភាពប្រឆំាងអំពើពុករលួយ​ (ACU)​ មិនទាន់បញ្ជូនលោក​ ពេជ រតនា ​មកកាន់សាលាដំបូង​រាជធានីភ្នំពេញ​នៅ​ឡើយទេ ​បន្ទាប់ពីលោកមេធាវីរូបនេះ​ បានត្រូវACU ​ឃុំខ្លួនកាលពីវេលា​ម៉ោង៥ល្ងាចថ្ងៃទី៣១​ ឧសភា ​ក្រោយការសាកសួរអស់​រយៈ​ពេល​ជាច្រើនម៉ោងបន្ទាប់ពី ​ACU ឃាត់សួរនំាតាំង​ពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ ។

ក្នុងវ័យ៤០ឆ្នាំ ​និងមានស្រុកកំណើត​នៅឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ ​ខេត្តកណ្តាល លោក ពេជ រតនា ​បានក្លាយជា​មេធាវី​ពេញសិទ្ឋិកាលពីថ្ងៃទី១៤​ កុម្ភៈ ២០០៦ ​អត្តលេខ៣៤៦ ​ក្រោយពីបានស្បថ​ចូលជាសមាជិក​គណមេធាវីនៃ​ព្រះរាជាណាចក្រកម្ពុជា​កាលពីថ្ងៃទី២០​ សីហា ២០០៤ ។

សេចក្តីរាយការណ៍​ជំហានដំបូងបានឲ្យដឹងថា ​លោកមេធាវី ពេជ រតនា​ បានត្រូវកូនក្តី​សុំមិនបង្ហាញឈ្មោះ​ពឹងពាក់ឲ្យ​ជួយផ្នែក​ផ្លូវ​ច្បាប់ដើម្បីការពារ​សំណុំរឿងក្តីក្តំាមួយ​ ប៉ុន្តែទំនងជាដោះស្រាយ​មិនចេញ ឬក៍ចាញ់ក្តី​ ​ហើយជននេះ​ចេះតែយក​លុយ​ពីជនរង​គ្រោះ​ជាបន្តបន្ទាប់​ ទើបកូនក្តី​សម្រេច​ប្តឹងទៅ ACU ។

នៅព្រឹកថ្ងៃទី៣១​ ឧសភា ២០១៦ ​លោកមេធាវី ពេជ រតនា​ គ្រោងនឹងចូលជួប​​ចៅក្រមសាលាដំបូង​រាជធានីភ្នំពេញ​ម្នាក់ដែលសុំមិន​បញ្ចេញឈ្មោះ​ ប៉ុន្តែមុនពេលជួបចៅក្រមដែល​កាន់សំណុំរឿងនោះ​ គឺកូនក្តី​បានណាត់ជួបលោក​មេធាវីដើម្បីប្រគល់លុយ (មិនដឹង​ចំនួនប៉ុន្មាន) ​នៅក្នុងពហុកីឡដ្ឋានជាតិអូឡំាពិក ​ហើយក៍ត្រូវមន្រ្តី ACU ​ដែលទំនងរៀប​ផែនការទុកមុន​និងរង់ចំានៅទីនោះ​រួចជា​ស្រេចធ្វើការឃាត់ខ្លួន​បញ្ជូនមកសាក​សួរនៅ ACU​ តែម្តង ៕