លោក ហ៊ុន សែន បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ស្នាម​មេដៃ​ដែល​បក្ស​ប្រឆាំង​ថ្វាយ​ព្រះមហាក្សត្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បទ​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​នូវ​ភាព​ត្រឹមត្រូវ​លើ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

ចំណារ​ពី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​នេះ​ទៅ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ធ្វើ​កិច្ចការ​នេះ​យ៉ាង​ហ្មត់ចត់​បំផុត ដោយ​​ត្រូវ​ប្រើ​មធ្យោបាយ​មួយ​ចំនួន ដូចជា​ការ​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ ការ​ស្រាវជ្រាវ​​ពី​ប្រជាជន​ដោយ​ផ្ទាល់ និង​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​ផ្ដិត​មេដៃ​នោះ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​​បោកប្រាស់ ទាំង​ប្រជាជន ជាពិសេស​បោក​ប្រាស់​ព្រះមហាក្សត្រ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថ្លែង​បញ្ជាក់​ភ្លាមៗ​ថា ខ្លួន​មិន​បារម្ភ​រឿង​ការ​ស៊ើប​អង្កេត​ស្នាម​មេដៃ​នោះ​ទេ និង​បាន​ថ្លែង​ចំអក​ថា ចង់​ហៅ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​បាន​ផ្ដិត​មេដៃ​នោះ​មក​បញ្ជាក់​ការ​ពិត​នៅ​មុខ​ព្រះ​បរម​រាជវាំង​ក៏​ធ្វើ​ទៅ​ចុះ។

តំណាងរាស្រ្ត និង​មន្ត្រី គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា បាន​ដង្ហែ​ញត្តិ​ដោយ​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ ប្រជាពលរដ្ឋ​ជាង ១៧​ម៉ឺន​មេដៃ ថ្វាយ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​អន្តរាគមន៍​ដោះលែង​​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​សិទ្ធិមនុស្ស និង​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។