រឿង​ក្រុមហ៊ុន​យួន​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា អាជ្ញាធរ​មិន​ចាត់វិធានការ​ដោះស្រាយ​

កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ប្រមាណ​៦០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាខេត្ត ដើម្បី​ដាក់​ញត្តិ​ជូន​អភិបាលខេត្ត លោក ស្វាយ សំ​អ៊ាង ឲ្យ​ជួយ​ដោះស្រាយ​។ ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ជនជាតិដើម​ភាគតិច​ព្នង​ប្រមាណ​៦០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​២១១​គ្រួសារ​នៅ​ឃុំ​ចក់​ចារ សុំ​ជួប​អភិបាលខេត្ត​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ជម្លោះដីធ្លី​ជាង​៤០០​ហិកតា ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យួន​រំលោភ​យក​។ តំណាង​ជនជាតិដើម​ភាគតិច​ព្នង​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យួន​ឈ្មោះ ប៊ិ​ញ​ភឿ​ក​ក្រចេះ​រ៉ាប់​ប័​រ​១(Binh Phuoc Kratie Rubber 1) បាន​ឈូសឆាយ​និង​រំលោភ​យក​ដីធ្លី​ពួកគាត់​យ៉ាង​កំរោល​។

តំណាង​ជនជាតិដើម​ភាគតិច​ព្នង​បាន​តវ៉ា​តាំងពីព្រឹក​ថ្ងៃទី​៣១ ខែឧសភា រហូតដល់​រសៀល​ទើប​មន្ត្រី​អាជ្ញាធរខេត្ត​ចេញមក​ជួបពិភាក្សា ហើយ​សន្យាថា​ជួយ​ដោះស្រាយ ប៉ុន្តែ​ជាក់ស្ដែង​ប្រជាពលរដ្ឋ​មិនសូវមាន​ជំនឿ​លើ​ការសន្យា​នោះទេ​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន Binh Phuoc Kratie Rubber 1 រំលោភបំពាន​ដីធ្លី​បាន​ឲ្យ​ដឹងថា ពួកគាត់​រងគ្រោះ​គ្មាន​ដីធ្លី​ធ្វើស្រែ​ចម្ការ​ដោយសារតែ​ក្រុមហ៊ុន​យួន​បាន​ឈូសឆាយដី​ចម្ការ​វិលជុំ​របស់​ពួកគាត់​យក​ធ្វើជា​ដី​សម្បទាន​។ ជាងនេះទៅទៀត​រោងស្នាក់នៅ​របស់​អ្នកភូមិ​ត្រូវ​សមត្ថកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​ដុត​បំផ្លាញចោល​គ្មាន​សល់ ដោយ​ចោទថា​អ្នកភូមិ​សាងសង់​លើដី​សម្បទាន​របស់​ក្រុមហ៊ុន​ទៅវិញ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​សំណុំរឿង​ជម្លោះដីធ្លី​នេះ បាន​ឲ្យ​ដឹងថា​តាំងពី​ឆ្នាំ​២០១៤​រហូតមក សមត្ថកិច្ច​ដែល​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន Binh Phuoc Kratie Rubber 1 បាន​ដុតបំផ្លាញ​រោងស្នាក់នៅ ក៏ដូចជា​ដំណាំ​ដំឡូង​មីរ​បស់​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​២១១​គ្រួសារ​រស់នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដោយ​បច្ចុប្បន្ននេះ​ពួកគាត់​គ្មាន​ដី​សម្រាប់​ដាំដំឡូង ស្រូវ ពោត​សណ្ដែក ចេក​ល្ពៅ សម្រាប់​ទ្រទ្រង់​ជីវភាព​ទៀតឡើយ​។ មិនតែប៉ុណ្ណោះ​ច្រើន​ឆ្នាំ​កន្លងមកនេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​កែវ​សីមា តែងតែ​ធ្វើបាប​ជនជាតិដើម​ភាគតិច​ព្នង​យ៉ាង​កំរោល ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន Binh Phuoc Kratie Rubber 1 របស់​យួន​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមូលផ្ដុំ​គ្នា​មុខ​សាលាខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត ជួយ​ដោះស្រាយ​៕

ae031eaf-6ff7-4ff1-aa19-67733e9d40fbប្រជាពលរដ្ឋតវ៉ាមុខសាលាខេត្តមណ្ឌលគិរី ៣១ ឧសភា 2016-03-06 22-51-242លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី