កំពូល​ប្ដី​មហា​ប្រចណ្ឌ ​ភ្ញៀវ​ប្រុសមក​ទិញ​នំ​បុ័ង​សាច់ប្រពន្ធ​​រាក់ទាក់មិន​បាន​

កំពូល​ប្ដី​មហា​ប្រចណ្ឌ ​ភ្ញៀវ​ប្រុសមក​ទិញ​នំ​បុ័ង​សាច់ប្រពន្ធ​​រាក់ទាក់មិន​បាន​



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ពេក រហូត​កើតរោគ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ភ្ញៀវ​ដែល​មក​ទិញ​នំ​បុ័ង​សាច់​និង ទឹកអំពៅ បាន​ផឹកស្រា​ស្រវឹង​រួចរ​ត់ទៅ​ចង​.​ក​ប៉ង​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ពោធិ៍ ។ ប៉ុន្តែ​ដោយ​ជីវិត​មិន​ទាន់​អស់ អ្នក​ភូមិ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​ក្នុង​បុរី​ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កំពូល​ប្ដី​មហា​ប្រចណ្ឌ​រក​លេខ​ដាក់​គ្មាន​នេះ ឈ្មោះ ជ័យ វណ្ណ​ឌី អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ប្រពន្ធ​ឈ្មោះ រស់ សុភា អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង​សាច់​និង​ទឹកអំពៅ មានស្រុក​កំណើត​នៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ មានកូន​២​នាក់ កូនស្រី​ច្បង អាយុ​១៨​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​១៤​ឆ្នាំ ។

ប្រភព​ពី​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ទៅ​ផឹកស្រា​តាំងពី​ក្បាល​ល្ងាច រហូត​ដល់​ម៉ោងជាង​៨​យប់ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ឡើង​ដើម​ពោធិ៍​ខ្ទម​អ្នកតា នៅ​ខាងក្រោយ​បុរី​ប៊ុ​ន​ហួរ លុះ​នាំ​គ្នា​ទៅ​មើល​ទើប​ដឹង​ថា ជា​បុរស​លក់​ទឹកអំពៅ ។ ពេល​ឃើញ​បែប​នេះ អ្នក​ភូមិ​ដែល​ជួល​ផ្ទះ​នៅ​ទីនោះ បាន​នាំ​គ្នា​ឡើង​ទៅ​ជួយ​ដោយ​យក​ខ្សែពួរ​ដែល​គាត់​យក​ទៅ​បម្រុង​ចង​.​ក ធ្វើ​អត្តឃាត​នោះ​យក​មក​ចង​រុំ​ខ្លួន​គាត់​ឱ្យ​ចុះ​មក​ក្រោម​វិញ ខ្លាច​គាត់​លោត​ស្លាប់​ទៅ ខ្លាច​ក្លាយជា​ខ្មោចលង​គេឯង ។

ប្រពន្ធ​របស់​បុរស​រូប​នេះ​និយាយ​ថា កាលពីមុន ពួក​គាត់​រស់នៅ​ឯ​ខេត្តសៀមរាប​ទេ ប៉ុន្តែ​ដោយសារ​ខឹង​ប្តី​ពូកែ​ប្រចណ្ឌ​ពេក និង​ឱ្យ​តែ​ប្រចណ្ឌ​ខ្លាំង​ម្ដង​ៗ តែងតែ​រក​សម្លាប់​ខ្លួន ។ ប្រពន្ធ​និយាយ​ថា ច្រើន​ដង ច្រើន​លើក​មក​ហើយ ពេល​ប្រចណ្ឌ​ម្ដង​ៗ បាន​ដើរ​ចូល​រថយន្ត​ដែល​គេ​កំពុង​បើកបរ​តាម​ផ្លូវ បង្កើត​បញ្ហា​មិន​ឈប់​ឈរ តែ​មិន​ដែល​បាន​ដូច​បំណង ។ ដោយសារ​ចង់​ផ្លាស់​ប្ដូរ​ទីកន្លែង​កែកុន​ស្ថានការណ៍​គ្រួសារ​ឱ្យ​ប្រសើរ​ឡើង​វិញ ទើប​គាត់​ក៏​មក​រស់នៅ​ភ្នំពេញ ហើយ​ប្តី​ក៏​តាម​មក​រក​ឃើញ​រស់នៅ​ជាមួយ​គ្នា​បន្ត​ទៀត ជួយ​លក់​នំ​បុ័ង​សាច់​និង​ទឹកអំពៅ ។ ប៉ុន្តែ​ឲ្យ​តែ​មាន​មនុស្ស​ប្រុស​មក​ទិញ ហើយ​គាត់​និយាយ​រាក់ទាក់​ជាមួយ ក៏​ប្តី​ប្រចណ្ឌ​ដែរ ។ ម្យ៉ាងទៀត ពេល​ផឹកស៊ី​ស្រវឹង​ម្តង​ៗ តែងតែ​រករឿង​ប្រចណ្ឌ រួច​ហើយ​តែងតែរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ឈ្លោះប្រកែក​គ្នា​តិចតួច​រួច​ហើយ  ប្តី​បាន​ទៅ​ផឹកស្រា​ស្រវឹង និង​យក​ខ្សែពួរ​ឡើង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ពោធិ៍ ។ ប៉ុន្តែ​មិន​ទាន់​បាន​ចង​នៅឡើយ​ទេ គ្រាន់តែ​ឡើង​ទៅ​ដល់​លើ​ដើម​ពោធិ៍ ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង​ទៅ​តាម ហើយ​យក​ខ្សែពួរ​ពី​ដៃ​របស់​គាត់​មក​ចង​ជាប់​នឹង​ខ្លួន​គាត់​ហើយ​ឱ្យ​ចុះ​មក​ក្រោម​វិញ ខ្លាចក្រែង​របូតដៃ​ធ្លាក់​គ្រោះថ្នាក់ ។

បន្ទាប់​ពី​ចុះ​ពីលើ​ដើម​ពោធិ៍​មក​ដល់​ខាងក្រោម ក៏​ត្រូវ​បានកូន​និង​អ្នក​ជិតខាង​លួងលោម​ឱ្យ​ចូល​ទៅ​សម្រាក​ក្នុងផ្ទះ​វិញ ។ ចំណែក​ប្រពន្ធ​ដោយ​ខឹង​នឹង​ទ​ង្វើ​ប្តី​ដែល​ព្យាយាម​សម្លាប់​ខ្លួន​ច្រើន​ដង​ពេក​ឡើង​ស៊ាំ​អស់ហើយ​នោះ មិន​បានរ​វីរ​វល់​ជាមួយ​ទេ ។ ឱ្យ​តែ​បែប​នេះ តើរ​ស់បាន​ដល់​ពេល​ណា ?

អ្នកខ្លះ​និយាយ​ថា ឱ្យ​តែ​បែប​នេះ​ច្រើន​ដង​ទៀត គង់តែ​បាន​សម្រេច​បំណង​រលត់​សង្ខារ​មិន​ខាន ៕