​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​​​ត្រួស​ត្រាយ​​ផ្លូវ​ឆ្ពោះ​ទៅ​​​ការ​ចាប់​​​​លោក ​​កឹម សុខា ​​​​​​ដាក់​ពន្ធនាគារ

ដោយសម្ងំលាក់ខ្លួនមួូយថ្ងៃទៀតក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានសេរីភាពនៅឡើយគិតរហូតមកទល់យប់មិញនេះ ថ្វីបើតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចកោះប្រជុំក្នុងរដ្ឋសភាតែឯងកាលពីពេលព្រឹកក្នុងថ្ងៃដដែលដើម្បីអនុម័តការចាប់ខ្លួនលោកក្តី។ លោក កឹម សុខា ត្រូវបានចោទប្រកាន់បឋមចំពោះការមិនចូលបំភ្លឺក្នុងតុលាការក្នុងនាមជាសាក្សី។ កាលពីម្សិលមិញ លោក កឹមសុខា បានចំណាយពេលបង្ហោះរូបថតតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីកន្លែងមាន សុវត្ថិភាព នៃការិយាល័យរបស់គណបក្សសង្គ្រោះជាតិ ខណៈតំណាងរាស្ត្រមួយចំនួនរបស់គណបក្សនេះយាមការពារនៅខាងក្រៅ ហើយតំណាងរាស្ត្រផ្សេងទៀតដឹកនាំក្បួនរថយន្ត ដើម្បីថ្វាយញត្តិដល់ព្រះមហាក្សត្រសុំ ព្រះរាជអន្តរាគមន៍។ ក្នុងសម័យប្រជុំពេលព្រឹកដែលតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការ តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានប្រើវិធានការសម្រេចដោយសំឡេងភាគច្រើនធម្មតាថា សមត្ថកិច្ច អាចចាប់ខ្លួនលោក កឹម សុខា បាន ថ្វីបើលោកមានអភ័យឯកសិទ្ធិការពារខ្លួនពីការចោទប្រកាន់ក្ដី។ លោក ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញលទ្ធផលនៃការបោះឆ្នោតឯកបក្សបន្ទាប់ពីសម័យប្រជុំពេលព្រឹក ដោយប្រកាសថា មិនចាំបាច់ដកអភ័យឯកសិទ្ធិរបស់លោកកឹម សុខា ឡើយ។ លោកមានប្រសាសន៍ថា “រដ្ឋសភាបាន យល់ព្រមអនុញ្ញាតឲ្យ [សមត្ថកិច្ច] បន្តអនុវត្តនីតិវិធីក្នុងសំណុំរឿងលោក កឹម សុខា តំណាងរាស្ត្រខេត្តកំពង់ចាម ដោយទទួលបានសំឡេងឆ្នោតចំនួន៦៨នៃសមាជិកទាំងអស់របស់រដ្ឋសភា”។ នៅក្នុងអាណត្តិបោះឆ្នោតមុនៗ គណបក្សប្រជាជនកម្ពុជា តែងតែពឹងផ្អែកលើការបោះឆ្នោតដោយសំឡេងឆ្នោត២ភាគ៣ ដើម្បីដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សប្រឆាំងក្នុងបំណងប្ដឹង ឬចាប់ខ្លួនតំណាងរាស្ត្រទាំង នោះដាក់ពន្ធនាគារ នៅពេលខ្លួនមានសំឡេងភាគច្រើនបែបនេះតែម្នាក់ឯង ឬអាចទទួលបានសំឡេងបែបនេះយ៉ាងងាយតាមរយៈរដ្ឋាភិបាលចម្រុះ។ ទោះជាយ៉ាងណា ចាប់តាំងពីការបោះឆ្នោតលើកចុងក្រោយបន្ទាប់ពីបាត់បង់សមត្ថភាពនោះមក គណបក្សកាន់អំណាចបែរជាងាកមកប្រើប្រាស់ករណីលើកលែងចំពោះអភ័យឯកសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៅពេលតំណាង រាស្ត្រត្រូវចាប់បានពេលកំពុងប្រព្រឹត្តបទល្មើសទៅវិញ ហើយបានចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបទៀតដាក់ពន្ធនាគារដោយបែបនេះរួចទៅហើយ។ សម្រាប់លោក កឹម សុខា គណបក្សប្រជាជនកម្ពុជាទាញទឡ្ហីករណ៍ថា ការដែលលោកមិនចូលខ្លួនបំភ្លឺសម្រាប់ការសាកសួរក្នុងនាមជាសាក្សីក្នុងសំណុំរឿង “សញ្ចរកម្ម” ប្រឆាំងស្រីកំណាន់របស់លោក ចាត់ទុកស្មើនឹងបទល្មើស ជាក់ស្ដែងដែលអនុញ្ញាតឲ្យខ្លួន “អនុម័ត” ការចោទប្រកាន់រូបលោកតែម្ដង។ […]

The post ​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​​​ត្រួស​ត្រាយ​​ផ្លូវ​ឆ្ពោះ​ទៅ​​​ការ​ចាប់​​​​លោក ​​កឹម សុខា ​​​​​​ដាក់​ពន្ធនាគារ appeared first on The Cambodia Daily.