“អ្នកមាន ឃ្លានក្រ”តើវាបានន័យថាយ៉ាងម៉េចទៅ “អ្នកមាន ឃ្លានក្រ” ហ្នឹង?

សម្លោកមួយឃ្លានេះ​ គឺត្រូវបានពោលឡើង​ដោយលោកសាស្រ្តាចារ្យ​អក្សរសាស្រ្តខ្មែរ​ជាទីគោរពរបស់ខ្ញុំម្នាក់ ​។ កាលពីជាងមួយឆ្នាំមុនលោកបានពោលថា​៖​ “បើជាអ្នកមាន កុំឃ្លានក្រ”​ ។ សម្លោកមួយឃ្លានេះ​ បើសម្រាប់ជនមានគតិរាក់ ​នោះគេនឹងគិតថាវាជាដំនៀល ​ប៉ុន្តែបើពិនិត្យ​ឱ្យស៊ីជ្រៅ​ទៅទៀត ​នោះគេនឹងឃើញថា​វាគឺជាភាសាដាស់តឿនមនុស្ស ​និងចង់ឆ្លុះបញ្ចាំងឱ្យឃើញ​ពី​តថភាពពិត​នៅក្នុងសង្គមមនុស្ស​បច្ចុប្បន្ន ​ថាតើ ​វាពិតជាមាន​ជំពូកអ្នកមាន​ ឃ្លានក្រដែរឬទេ​? ​បើមាន​ តើជំពូកអ្នកមាន​ ឃ្លានក្រនេះ ​មានទម្រង់យ៉ាងណា​?​ អាត្មានិយមយ៉ាងណា​? ​ឃោរឃៅដែរឬទេ?​​
ស្របពេល​ដែលសម័យកាល​បានផ្លាស់ប្ដូរ​ពីមួយសតវត្សរ៍ទៅមួយសតវត្សរ៍ថ្មីមួយទៀត​ និងការរីកលូតលាស់នៃវិស័យសម្ភារៈនិយម ​ប្រព័ន្ធទំនាក់ទំនង​ និងហេដ្ឋារចនាសម្ព័ន្ធ ​មានភាពទំនើបៗផងនោះ ​ប្រព័ន្ធនៃការគិត ​និងចិត្តគំនិតរបស់មនុស្សក៏មានការប្រែប្រួលទៅតាមពេលវេលា ​និង​ទៅ​តាមទំនោរ​នៃការអូសទាញ​របស់បរិយាកាសសង្គមយ៉ាងជ្រួលជ្រើមផងដែរ​ ។​ឆ្ងាយពីការរស់​ដោយរំពឹងទៅលើធម្មជាតិ ​មនុស្សលោកបានបង្កើតសម្ភារសិប្បនិម្មិតជាច្រើនអនេក​ ដើម្បីដោះលក់ដូរនៅក្នុងទម្រង់ទីផ្សារជាប្រព័ន្ធ​ ដែលន័យនៅក្នុងទម្រង់នេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើង​ឥតឈប់ឈរ​នៃតម្រូវការរបស់មនុស្ស ​។ អ្នកមានចេះតែផលិត​ អ្នក​ក្រចេះតែធ្វើ ​និងលក់ ​។ ប្រាក់ហូរចូលហោប៉ៅអ្នកក្រ១០% ​ឯ៩០%ទៀត ​គឺហូរចូលហោប៉ៅរបស់ម្ចាស់ផលិតកម្ម​ ។​
បើសន្មត់​ពីបរិមាណចំនួនមនុស្សនៅក្នុងផែនដី​នេះ​ទាំងមូល​ ចំនួនអ្នកមានជីវភាពមធ្យម​រហូតមកដល់ថ្នាក់ក្រីក្រតោកយ៉ាក​ រកអង្ករច្រកឆ្នាំងស្ទើរគ្មាន ​គឺមានចំនួនច្រើនជាង ​ចំនួនអ្នកមានកម្រិតបង្គួររហូតទៅដល់ថ្នាក់មហាសេដ្ឋីលុយពាន់លាន ​រកកន្លែងទុកដាក់លុយ​ស្ទើរគ្មាន ​និយាយ​ឱ្យ​ខ្លី ​គឺចំនួនអ្នកមាន ​នៅក្នុងពិភពលោកនេះ​ គឺមិនបានស្មើកន្លះភាគបី​នៃចំនួន​ប្រជាជាតិក្រីក្រឡើយ ​។​
ព្រោះតែមនោគមវិជ្ជា​មហិច្ឆតានិយម ​និងឱកាសនិយមរបស់បណ្ដាជនមួយក្ដាប់តូច​ ដែលហៅថាពួកមូលធននិយម​, ពីមួយថ្ងៃទៅមួយថ្ងៃ​ ពួកគេតែងតែបង្កើតភាសារំជួលចិត្តជាច្រើនដូចជាពាក្យ​៖ ​ជោគជ័យ! ​ពាក្យសម្រេចក្ដីប្រាថ្នា​ដើម្បីទៅដល់គោលដៅជាអ្នកមាន! ​ត្រូវធ្វើជាមនុស្ស​មានមហិច្ឆតា!​ ការរកស៊ីគឺគ្មានមនោសញ្ចេតនាជាដាច់ខាត!​ ត្រូវចេះឆ្លៀតឱកាស​ ឬត្រូវក្ដោបក្ដាប់ទីផ្សារ!​ និងពាក្យថា ​កាន់កាប់ទីផ្សារផ្ដាច់មុខ ជាដើម!​ ។ ភាសារំជួលចិត្តទាំងអស់នេះ​ បើស្ដាប់តែមួយភ្លែតនោះគេនឹងយល់ថា ​វាជាភាសាសាមញ្ញៗ,​ គ្រាន់តែចង់លើកទឹកចិត្តមនុស្សឱ្យចេះពុះពារ​ក្នុង​ការងារ​ ឬដើម្បីមនុស្សធម៌ប៉ុណ្ណោះ ​ប៉ុន្តែបើសម្រាប់ជនមានគតិបណ្ឌិតនៅក្នុងខ្លួនវិញ​ គេនឹងមើលឃើញយ៉ាងច្បាស់ថា​៖ ​ភាសារំជួលចិត្តរបស់បណ្ដាពួកមូលធនទាំងនោះ គឺបង្កើតឡើងសម្ដៅក្នុងបំណងប្រើប្រាស់អ្នកក្រ​ ជាចង្កោម ដើម្បីឱ្យពួកអ្នកក្រ​ ជួយពង្រីកវិសាលភាពនៃអាជីវកម្ម​របស់​ពួកគេឱ្យកាន់តែ​ មានឡើងៗ ​។ ​សម្រាប់​អ្នកក្រ​ កាលណា​គេរកបានប្រាក់បន្តិចបន្តួច​ដែលខ្លួនមិនដែលធ្លាប់បានស្គាល់ពីមុនមកនោះ​ គឺគ្នាត្រេកអរខ្លាំងណាស់ ​ប៉ុន្តែគេភ្លេចគិតថា​ អ្វីៗ​ដែលគេកំពុងធ្វើរាល់ថ្ងៃនេះ ​គឺគេកំពុងតែដើរតាមខ្សែស្នាមភ្លោះនៃអាជីវកម្ម​ប្រកបដោយមហន្តរាយ ដែលត្រូវបាន​រៀបចំឡើងយ៉ាងលម្អិត​រួច​ជាស្រេចដោយពួកមូលធន​ ។ លទ្ធផលគឺអ្នកមាន ​មានកាន់តែខ្លាំង​ ឯអ្នកក្របានត្រឹមមួយរស់​ ។ នេះគឺជារូបភាពមួយជ្រុង​ ។​
ឯ​មួយជ្រុងទៀតនោះគឺ​ មានជំពូកអ្នកមានៗ​ មួយប្រភេទទៀត ​ដែលចូលចិត្តស៊ីសប្បាយលើកម្លាំងញើសឈាមរបស់អ្នកក្រ, ​រំលោភនីតិរដ្ឋ,​ ក្បត់មនសិការជាមនុស្ស,​ ប្រព្រឹត្តតែអំពើពុករលួយ,​ កិបកេងប្រវ័ញ្ច,​ ពន្លើសតម្លៃផលិតផលក្នុងទីផ្សារ ​សូកប៉ាន់លុយក្រោមតុ-កៅអីដើម្បីឱ្យបាន​ឈ្នះគម្រោង ​និងបន្លំភ្នែកជញ្ជីង និងបន្លំទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រជាដើម​ ។ ​ឧទាហរណ៍នៅក្នុងករណីមួយចំនួន (មិនមែនទាំងអស់នោះទេ)៖​ បើជាអ្នកលក់ឱសថ គេលួចដាក់តម្លៃថ្នាំឱ្យខ្ពស់​ ហើយកុហកថានោះជា​ថ្នាំនាំចូលពីបរទេសមានគុណភាពខ្ពស់, ​បើជាអ្នកដាំដុះ ​គេលួចប្រើថ្នាំពុល ​ថ្នាំគីមី​ ដើម្បីឱ្យរុក្ខជាតិ​ឆាប់បញ្ចេញផល​ ដើម្បីលក់ទៅក្នុងទីផ្សារ, បើជាមន្រ្តីបម្រើសេវា គេលួចទារថ្លៃរត់ការក្នុងតម្លៃខ្ពស់ជាអតិបរមា​ បើពុំដូច្នោះទេ គេនឹងតម្កល់ឯកសារនោះទុកក្នុងរយៈពេលយូរ ទើបហៅទៅយក ​ទោះបីឯកសារ​នោះហើយរួចរាល់ក៏ដោយ, ​និងបើជាអ្នកនាំចូលទំនិញពី​បរទេស ​គេជ្រើសរើសយកទំនិញណាដែលមានគុណភាពអន់​ ដែលប្រហាក់ប្រហែលនឹងផលិតផលដើម ​តម្លៃទាបជាង ប៉ុន្តែគេនឹងចំណេញគុណនឹង៣-១០ដង ដើម្បីបោះលក់ទៅក្នុងទីផ្សារ ។​
ជាក់ស្ដែង ​អ្វីៗដែលបានរៀបរាប់ជូនមកខាងលើនេះ ​វាគឺជាការលើកឡើងបែបឧទារហណ៍ក្នុងន័យឆ្លុះបញ្ចាំងដល់មិត្តៗអ្នកអានឱ្យបានឃើញច្បាស់អំពីអ្វីទៅដែលហៅថា៖​ “អ្នកមាន ឃ្លានក្រ” តើវាពិតជាកំពុងកើតមាននៅក្នុងសង្គមរបស់យើងដែរឬទេ? ​បើមានមែន មានច្រើន​កម្រិតណា?​ តើជំពូកអ្នកមានឃ្លានក្រនេះ​ ឃោរឃៅដែរឬទេ? ជាជនល្មើសច្បាប់របស់នគរដែរឬទេ?​ អ្វីដែលជាចម្លើយប្រកបដោយគតិបណ្ឌិតនោះ គឺវាអាស្រ័យទៅលើកម្រិតនៃការឆ្លើយ ​និងការគិតរបស់មិត្តៗអ្នកអានប៉ុណ្ណោះ ​។ ​
ក្នុងនាមជាមនុស្សរស់ក្រោមដំបូលមេឃាតែមួយ​ យើងគ្រប់គ្នាកើតមកមិនបាននាំយកមកជាមួយនូវរបស់អ្វីសូម្បីតែមួយ​ យើងកើតមកគឺអាក្រាតកាយដូចៗគ្នា ​ហើយពេលស្លាប់ទៅក៏មិនបានយកអ្វីទៅសូម្បីតែមួយដែរ ​។ ចុះហេតុអ្វីយើងត្រូវដណ្ដើមគ្នាចង់មានចង់បានឥតព្រំដែន ​ដោយធ្វើឱ្យអ្នកដទៃរងទុក្ខ ​និងឈឺចាប់ដោយសារមុខរបរ ​ឬទង្វើរបស់យើងទោវិញ? អ្វីគ្រប់យ៉ាងនៅក្នុងសាកលលោកនេះ​ វាប្រៀបបីដូចជាផ្សែង វាកើតឡើងមួយខណៈហើយ​ ក៏វានឹងរលត់ទៅវិញ​នៅក្នុងខណៈបន្ទាប់មិនយូរអង្វែងឡើយ ។ ការរស់នៅជាជំពូក​ “អ្នកមានឃ្លានក្រ” គឺគេកំពុងតែ​រស់​នៅ​ដោយកុហកខ្លួនឯង​ និងក្បត់មនសិការជាមនុស្សរបស់ខ្លួនឯង​ ក្បត់សច្ចធម៌ ក្បត់សង្គម ​និងក្បត់អ្នកដទៃ ​។ ​ប៉ុន្តែភាពប្រសើរដែលអ្នកមានទាំងឡាយគួរធ្វើនោះ​ គឺគួររស់នៅក្នុងភាពជាអ្នកមាន ​នៅក្នុងព្រំដែនដែលត្រូវបានកំណត់ដោយចិត្តមានលំនឹងច្បាស់លាស់ ​ថាតើយើងត្រូវ​មា​នកម្រិត​ប៉ុណ្ណា​ទើបសមល្មម ​?​ បើចង់មាន​ ចង់បាន មិនចេះចប់មិនចេះហើយនោះ ​គឺហៅថា៖ ​“អ្នកមាន ឃ្លាននូវភាពក្រ” ​មិនយូរមិនឆាប់ទ្រព្យដែលរកបាននោះនឹងគង់តែរលាយទៅវិញជាក់ជាមិនខាន​ ៕​

“អ្នកមាន ឃ្លានក្រ”តើវាបានន័យថាយ៉ាងម៉េចទៅ “អ្នកមាន ឃ្លានក្រ” ហ្នឹង?ដោយ៖ ឈូក ស
Cool FM 100.7