ក្រុមហ៊ុន​ចិន​កំពុង​បំផ្លាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្តព្រះវិហារ យ៉ាង​កំរោល​បំផុត​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ និង​បង្កើត​រោងចក្រ​ផលិត​ស្ករស​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ បានធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ជាក់ស្ដែង​ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង និង​ឡាន​ហ្វេ​ង ដែល​ចូលមក​វិនិយោគ​ដាំ​អំពៅ​ក្នុង​ខេត្តព្រះវិហារ បាន​បង្កើត​រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​មួយ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំង​២​នេះ និង​ក្រុមហ៊ុន​ចិន​ដទៃទៀត​កំពុង​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​បំផុត​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន​ឆក់​ប្លន់​ដីធ្លី បានធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់​ឲ្យ​អាជ្ញាធរខេត្ត​ព្រះវិហារ​ជួយ​ដោះស្រាយ ប៉ុន្តែ​អាជ្ញាធរខេត្ត​បែរជា​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ទៅវិញ​។

ប្រភពពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ជម្លោះដីធ្លី​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា សកម្មភាព​រំលោភបំពាន​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង និង​ឡាន​ហ្វេ​ង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅក្នុង​តំបន់​នោះ ដោយ​អ្នកខ្លះ​ត្រូវ​បាត់បង់​ដីធ្លី​ស្រែចម្ការ អ្នកខ្លះ​បាត់បង់​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ចិញ្ចឹមជីវិត ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ធ្លាក់ចុះ​យ៉ាងគំហុក​។ តំណាង​ជនជាតិដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា អំពើ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​ចិន បានធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ដោយហេតុថា​ដីព្រៃ​សហគមន៍​រាប់រយ​ហិកតា ត្រូវ​ក្រុមហ៊ុន​ចិន​ឈូសឆាយ​បំផ្លាញ​ទន្ទ្រាន​យក​ដី ហើយ​ដើម​ច្បោះ​ជ័រ​រាប់ពាន់​ដើម​ត្រូវបាន​កាប់បំផ្លាញ​យ៉ាង​មហន្តរាយ​។

តំណាង​ជនជាតិដើម​ភាគតិច​កួយ​រស់នៅ​ក្នុងស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា ពីមុន​ពួកគាត់​ធ្លាប់​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត ហើយ​មួយផ្នែក​នៃ​ប្រាក់ចំណូល​របស់​ពួកគាត់​បានមកពី​ផល​និង​អនុផល​ព្រៃឈើ​។ ប៉ុន្តែ​ចាប់តាំងពី​មាន​វត្តមាន​ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង និង​ឡាន​ហ្វេ​ង ក៏ដូចជា​ក្រុមហ៊ុន​ដទៃទៀត​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ បែរជា​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ធ្លាក់ចុះ​យ៉ាង​ដុនដាប ព្រោះ​ព្រៃ​សហគមន៍​ដែល​ពួកគាត់​អាស្រ័យ​ផល អនុផល ត្រូវ​ក្រុមហ៊ុន​ចិន​ឈូសឆាយ​បំផ្លាញ​ស្ទើរតែ​អស់ទាំង​ស្រុង​ទៅហើយ​។ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់ថា លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ មិនដែល​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​ឆក់​ប្លន់​ដីធ្លី​នោះទេ ផ្ទុយទៅវិញ​អាជ្ញាធរ​ស្រុក អាជ្ញាធរខេត្ត និង​ប្រព័ន្ធតុលាការ កំពុង​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ដោយ​ខ្វះ​ការពិចារណា​៕

9 7 15 13 12 11