ហេតុអ្វី​លោក គុណ ញឹម មិន​ចាត់វិធានការ​លើ​មន្ត្រី​គយ​ខិលខូច​នៅ​ខេត្តបន្ទាយមានជ័យ​?

​អំពើអាក្រក់​របស់​មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង​ការប្រើ​អំពើហិង្សា​ទៅលើ​អ្នកបើករថយន្ត​តាក់ស៊ី​កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​សារព័ត៌មាន​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ រូបភាព​ដែល​មន្ត្រី​គយ​ប្រចាំ​កុងត្រូលជជុះ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ប្រើ​អំពើហិង្សា​លើ​អ្នករត់​តាក់ស៊ី គឺ​មិន​ខុសពី​ក្រុមចោរប្លន់​ឡើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​លើ​មន្ត្រី​គយ​ខិលខូច​ទាំង​នោះទេ​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា លោក គុណ ញឹម ទទួលផល​ប្រយោជន៍​ពី​មន្ត្រី​គយ​ខិលខូច​ទាំងនោះ​ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ អ្នករត់​តាក់ស៊ី​ឈ្មោះ ពែ​ក ចាន់​រ៉ា បានដាក់​ពាក្យបណ្ដឹង​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​រូបគាត់​ជា​ជនរងគ្រោះ​ដោយសារ​មន្ត្រី​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​ធ្វើ​ទារុណកម្ម កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​។ ការដែល​លោក ពែ​ក ចាន់​រ៉ា សម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ គឺ​ដោយសារ​គាត់​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជាង​កន្លះ​ខែ​មកហើយ នៅតែ​មិន​ទទួលបាន​លទ្ធផល ហេតុនេះ​ទើប​គាត់​ដាក់​ពាក្យបណ្ដឹង​ឲ្យ​តុលា​ការកោះហៅ​មន្ត្រី​គយ​ជា​ជនដៃដល់​មក​សាកសួរ និង​ចាត់វិធានការ​តាមច្បាប់​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​រង់ចាំ​តាមដាន​ដោយ​យកចិត្តទុកដាក់​។

ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ជួយ​អន្តរាគមន៍​ដល់​ជនរងគ្រោះ​ឈ្មោះ ពែ​ក ចាន់​រ៉ា បាន​ឲ្យ​ដឹងថា នៅក្នុង​ពាក្យបណ្ដឹង​ជនរងគ្រោះ​បាន​ប្ដឹង​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ​៣​នាក់ ពីបទ​ហិង្សា​បង្ក​របួសស្នាម គឺ​លោក ឆែ សុធា លោក ហ៊ុយ សុជាតិ និង​លោក រដ្ឋ វីរៈ​។ ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ​ចូលដល់​តុលាការ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​ចំណាត់ការ​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដោយ​យកចិត្តទុកដាក់ ព្រោះ​រហូតមក​ដល់ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិន​ចាត់វិធានការ​លើ​មន្ត្រី​គយ​ឈ្មោះ រដ្ឋ វីរៈ ដែលជា​ជនដៃដល់​ធ្វើ​សកម្មភាព​ដូច​ចោរប្លន់​នោះទេ​។ ចំណែក​លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ គឺជា​អ្នក​បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ដើម្បី​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​៕

Pic89 imageលោក ពែក ចាន់រ៉ា អ្នកបើកតាក់ស៊ីដែលជាជនរងគ្រោះ