មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកទ្វារ​ប៉ុស្ដិ៍​បុស្ស​មន ស្រុក​រំដួល ខេត្តស្វាយរៀង យ៉ាង​អនាធិបតេយ្យ​

​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ មាន​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ក្នុងភូមិ​វាល ឃុំ​បុស្ស​មន ស្រុក​រំដួល ឲ្យ​ដឹងថា​មាន​រថយន្ត​យី​ឌុប​ធំៗ​៣​គ្រឿង​បាន​ដឹក​ដើម​អាកាស្យា​បង្កប់​ឈើ​ប្រណីត​ពីក្រោម​ចេញទៅ​ស្រុក​យួន​តាម​ប៉ុស្ដិ៍​ច្រកទ្វារ​បុស្ស​មន​។ សកម្មភាព​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ មានការ​ស្ទាក់​ឃាត់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយរយៈ​ពេល​ខ្លី​ផងដែរ ប៉ុន្តែ​បន្តិចក្រោយមក​រថយន្ត​ទាំងនោះ​អាច​ចូលទៅក្នុង​ទឹកដី​យួន​យ៉ាង​រលូន​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​សូម្បីតែ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ក៏មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដែរ​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដែល​សង្ស័យ​បង្កប់​ឈើ​ខុសច្បាប់​ទី​១​ម៉ាក​ហ៊ីយ៉ាន់ដាយ​ភ្លៅ​៥ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​3A-0207 ទី​២​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ភ្លៅ​៥ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-1178 និង​ទី​៣​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ភ្លៅ​៥ ស្លាក​លេខ​ស្វាយរៀង​3A-1205 សុទ្ធតែ​ដឹក​កំណាត់​ដើម​អាកាស្យា​ពេញ​ទ្រុង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​៣​គ្រឿង​ដែល​សង្ស័យ​បង្កប់​ឈើ​ប្រណីត​ខុសច្បាប់ ប៉ុន្តែ​អ្នកបើករថយន្ត​ទាំង​៣​គ្រឿង​នោះ ប្រាប់ថា​ពួកគេ​ជា​អ្នកស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ឈ្មួញ​ពី​ស្រុក​លើកដែក ខេត្តកណ្ដាល មកដល់​ព្រំប្រទល់​យួន​ក្នុងស្រុក​រំដួល ដោយ​យក​តម្លៃ​៨០​ម៉ឺន​រៀល​ក្នុង​រថយន្ត​១​គ្រឿង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិនទាន់​ឆែកឆេរ​រក​ឈើ​បង្កប់​ផង​ស្រាប់​តែមាន​អន្តរាគមន៍​ភ្លាមៗ​។     ​

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្នុងខណៈដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពុង​ពិនិត្យ​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A-1205 ស្រាប់តែ​មន្ត្រីនគរបាល​ប៉ុស្ដិ៍​ព្រំដែន​បុស្ស​មន​ម្នាក់ ជិះ​ម៉ូតូ​មក​ឡូឡា​រួច​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​បើក​ចេញពី​ចំណុច​ភូមិ​វាល ទៅតាម​ច្រកព្រំដែន​ប៉ុស្ដិ៍​បុស្ស​មន ឆ្លងទៅ​ចំណុច​តំបន់ស ក្នុង​ទឹកដី​យួន​ឈប់​លើផ្លូវ​ថ្នល់​ខាងមុខ​ប៉ុស្ដិ៍​ព្រំដែន​យួន​។ បន្ទាប់មក​ស្រាប់​តែមាន​ទាហាន​យួន​ជិះ​ម៉ូតូ​មក​ដេញ​សមត្ថកិច្ច​ខ្មែរ​ចេញពី​តំបន់ស ហើយ​ឲ្យ​រថយន្ត​ទាំងនោះ​បើកចូលទៅ​ក្នុង​ទឹកដី​យួន​យ៉ាង​រលូន​តែម្តង​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពទន់ខ្សោយ​របស់​សម​ត្ថ​កិច្ច​ខ្មែរ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​៕

848 639e63dec9d80ea35c77a52eda1a9461 847