រនាំង​ដែក​ការពារ​រថយន្ត​ធំ កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស​

រនាំង​ដែក​ការពារ​រថយន្ត​ធំ កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស​



បាត់ដំបង ​៖ រនាំង​ដែក​មួយ​ផ្ទាំង ដែល​មាន​កម្ពស់ ២,៥០ ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​ធ្វើឡើង​ ដើម្បី​រារាំង និង​ការពារ​មិន​ឲ្យ​រថយន្ត​ធំ ឬក៏​រថយន្ត ដែល​ផ្ទុកទំនិញ​សំពីងសំពោង​បើកបរ​ឆ្លងកាត់ លើ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ កំពុង​ប្រឈមមុខ​នឹង​ការ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ហើយ ប្រសិនបើ​មិន​មា​ន​ការ​ត្រួត​ពិនិត្យ និង​យកចិត្តទុកដាក់ ពី​សំណាក់​អាជ្ញាធរ ឬក៏​សមត្ថកិច្ច​ជំនាញ ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ។​

​តាំង​ពី​ដើម​រៀងមក គេ​សង្កេត​ឃើញ​ថា នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លេខ ១០០ ជាមួយ​នឹង​ផ្លូវ​លេខ ១២១ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង គឺ​មាន​ការ​ចាក់​គ្រឹះ​ជា​សសរ​ចំនួន២​ដើម ដោយមាន​ផ្សា​ដែក​រនាំង​ជា​របា​ជា​របៀប​ខ្លោង​ទ្វារ​ផង ដើម្បី​ការពារ​ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​គេ​ទើបនឹង​កសាង​ឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​រាល់​រថយន្ត​ធំ និង​រថយន្ត ដែល​ដឹក​ទំនិ​ញ​សំពីងសំពោង​ដែល​បើកបរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​លេខ ១០០ នេះ ដែល​អាច​បង្ក​ឲ្យ​មាន​ការ ខូចខាត​បាន ដោយសារតែ​ទម្ងន់​វា​លើស​កម្រិត។​

​ប៉ុន្តែ​ក្រោយមក នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១០០ នេះ បាន​ចាប់​ផ្ដើម​កសាង​ជា​ឃ្លាំង​ដាក់​ទំនិញ​ផង និង​ជាទី​តាំង​ស្តុក​ស្រា​បៀរ​របស់​ក្រុមហ៊ុន​នានា​ផង ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​​រថយន្ត​របស់​ក្រុមហ៊ុន​នេះ បើកបរ​ឆ្លងកាត់​គ្មាន​ញញើត​ឡើយ ដោយមាន​ពេលខ្លះ​គឺ​ទ្រុង​របស់​រថយន្ត មានការ​ទាក់ ជាមួ​យ​នឹង​ដែក​រនាំង​នេះ ប៉ុន្តែ​អ្នកបើកបរ​ដ៏​ទំនើង​ទាំងនោះ នៅតែ​បើក​បំពាន​រហូត​ធ្វើ​ឲ្យ​រនាំង​នេះ កាន់​តែ​បាក់​ធ្លាក់​មក​ទាប​បន្តិច​ម្តងៗ​ស្ទើរតែ​រៀងរាល់ថ្ងៃ។​

​ហើយ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រថយន្ត​តូចៗ​របស់​ប្រជាពលរដ្ឋ ឬក៏​កង់ ម៉ូតូ ដែល​ប្រជា​ពលរដ្ឋ​ធ្លាប់តែ​ធ្វើដំណើរ​ចេញចូល​តាមផ្លូវ​នេះ បាន​បង្វែរ​ទិសដៅ​ទៅតាម​ផ្លូវ​ដទៃ​វិញ ដោយសារតែ​គេ​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដែល​អាច​កើតមានឡើង​ចំពោះ​រូបគេ ព្រោះ​ដែក​របា​នេះ កាន់តែ​ធ្លាក់​មក​ទាប​ណាស់​ទៅ​ហើយ​ ឯ​បង្គោល​សសរ​ក៏​មាន​សភាព​ទ្រេត​ខ្លាំង​ផង​ដែរ។​

​ទន្ទឹម​នឹង​គ្រោះថ្នាក់ ដែល​អាច​ប្រឈមមុខ​ជាមួយនឹង​ជីវិត​មនុស្ស នា​ពេល​នេះ គឺ​គេ​មិនទាន់​ឃើញ​អង្គភាព​ពាក់ព័ន្ធ ឬក៏​ខាង​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ណាមួយ បាន​ចុះ​មក​ត្រួត​ពិនិត្យ​ឡើយ គឺ​មាន​សភាព​ស្ងាត់​តែម្តង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ខាង​នឹង​ទីតាំង​នេះ មាន​ការ​ព្រួយបារម្ភ ជំនួស​អ្នក​ដែល​បាន​បើកបរ​ឆ្លងកាត់​ពីក្រោម​ដែក​រនាំង​នេះ​ ព្រោះ​វា​កាន់តែ​ទាប​មែនទែន ទៅ​ហើយ​មក​ទល់​នឹង​ថ្ងៃនេះ៕

រនាំង​ដែក​ការពារ​រថយន្ត​ធំ កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស​