ក្រៅពី​ទាហាន​យួន​បំពាន​លើ​ទឹកដី​ខ្មែរ​តាម​ព្រំដែន គឺ​ជនជាតិ​យួន​ចូលមក​បំផ្លាញ​ត្រី និង​ព្រៃឈើ​ខ្មែរ​តាម​អំពើ​ចិត្ត​

មានការ​កត់សម្គាល់ថា ពេលដែល​ទាហាន​យួន​បំពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​នោះទេ​។ បន្ទាប់មក​ពេលដែល​ភាគី​យួន​ធ្វើ​ផ្លូវ​ជា​ឯកតោភាគី​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង អំឡុង​ខែកុម្ភៈ និង​ខែមីនា ឆ្នាំ​២០១៦ ហើយ​បំពាន​ចូល​ដីស្រែ​កសិករ​ខ្មែរ​ប្រមាណ​៥០០​ហិកតា ក៏​រដ្ឋាភិបាល​កម្ពុជា​ពុំមាន​ប្រតិកម្ម​អ្វី​ទាំងអស់​។ ថ្មីៗ​នេះ​ករណី​ភាគី​យួន​ចូលមក​ជីក​ស្រះ​ទឹក​៥​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​តែម្តង​។

ក្រៅពី​ករណី​ទាហាន​យួន​និង​អាជ្ញាធរ​យួន​រំលោភបំពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ស្រេច​តែ​អំពើ​ចិត្ត គឺ​ករណី​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ខ្មែរ​តាម​តំបន់​ព្រំដែន​ទៀតផង​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​នៅតែ​លបលួច​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់ ហើយ​សហគមន៍​ការពារ​ព្រៃឈើ​គឺជា​អ្នក​ចាត់វិធានការ​ទប់ស្កាត់ មិនមែន​សមត្ថកិច្ច​ឡើយ​។ ចំណែក​នៅតាម​តំបន់​ព្រំដែន​នៅ​ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ក្នុង​ខេត្តរតនគិរី ក៏មាន​សេចក្ដីរាយការណ៍​ពី​រឿង​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​ផងដែរ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​យួន​នៅតែ​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញពី​ទឹកដី​ខ្មែរ​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក​។

​ដោយឡែក​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​ជាដើម ភាគច្រើន​ប្រព្រឹត្ត​ដោយ​ជនជាតិ​យួន​ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​។ មានន័យថា ជនជាតិ​យួន​កំពុង​បំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ​ទាំង​ឈើ ត្រី និង​រ៉ែ​មាស​ជាដើម ឲ្យ​រលត់រលាយ​ក្នុងខណៈដែល​រដ្ឋាភិបាល​និង​មន្ត្រី​អាជ្ញាធរ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ ផ្ទុយទៅវិញ​អ្នកកាន់អំណាច​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គិតតែ​ពី​រឿង​អំណាច​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​យួន​អាច​បំពាន​លើ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ខ្មែរ និង​បំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ​សព្វបែបយ៉ាង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ទាហានយួន-2 13344712_1698245303770344_4919902279508308348_n 13315759_1698245313770343_3310270159918288956_n