ព្រៃ​សហគមន៍​ព្រះ​រកា ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែ​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

​ប្រជា​សហគមន៍​ការ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក បើទោះបី​តំបន់​នេះ​ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស​ការពារ​យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែលមាន​តួនាទី​ក្នុងការ​អភិរក្ស​ការពារ​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា​ជាបន្ទាន់ ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ មិនតែប៉ុណ្ណោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ចូល​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ទាំងយប់​ទាំង​ថ្ងៃ​។

តាម​ប្រភពពី​តំណាង​សហគមន៍​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា សមាជិក​សហគមន៍​៣១​នាក់​បាន​ចុះ​ល្បាត​ការពារ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៩ ខែឧសភា ហើយ​រកឃើញ​បទល្មើស​កាប់​ឈើ​នៅតែមាន​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ មានន័យថា ក្រោយពេល​រដ្ឋាភិបាល​បានដាក់​តំបន់​ព្រៃ​ព្រះ​រកា​ជា​តំបន់​ការពារ​និង​អភិរក្ស​រួចមក គឺ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​នេះ នៅតែ​កើតឡើង​ឥតឈប់ឈរ​។ ក្រុម​ជនល្មើស​បាន​ប្រើ​រណារយន្ត​ជាច្រើន​គ្រឿង​អារ​រំលំ​ដើមឈើ​ធំៗ​ក្នុងព្រៃ​ព្រះ​រកា ហើយ​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​រលូន​ដោយសារ​ពួកគេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ជាក់ស្ដែង​អ្នក​កាប់​ឈើ​ខ្លះ​បាន​ប្រាប់​តំណាង​សហគមន៍​ថា ពួកគេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ក្នុង​មួយខែ​ចាប់ពី​១៥​ម៉ឺន​រៀល​ឡើងទៅ ទើប​អាច​ចូល​កាប់​ឈើ​ដោយ​គ្មាន​ការបង្ក្រាប​។

នៅក្នុង​ប្រតិបត្តិការ​ថ្មីៗ​នេះ​ប្រជា​សហគមន៍​រឹបអូស​បាន​រណារយន្ត​៤​គ្រឿង និង​វត្ថុតាង​ជាច្រើន​ទៀត ដោយសារ​ក្រុម​ជនល្មើស​នៅតែ​បន្តសកម្មភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​នេះ ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​កាប់​ឈើ​នៅក្នុង​ព្រៃ​ព្រះ​រកា ទើប​មិន​ព្រម​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ស្របទៅតាម​បទបញ្ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ អ្នកទទួលខុសត្រូវ​ធំជាងគេ​នៅពេលនេះ គឺ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រោះ​ក្រោយពេល​រដ្ឋាភិបាល​សម្រេច​ដាក់​ព្រៃ​ព្រះ​រកា​ជា​តំបន់​ការពារ​និង​អភិរក្ស​រួចមក គឺ​បទល្មើស​កាប់​ឈើ​នៅតែ​កើតឡើង​ពេញបន្ទុក​ដដែល ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក អ៊ា សុខា មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​៕

environment-620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន Photo_54sTemplate_872x562