កាណុង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​អា​មេ​រិ​ក​នឹង​សាកល្បង​ក្នុង​សមុទ្រ​នា​រដូវក្តៅ​ខាង​មុខ

បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ពី​កាលបរិច្ឆេទ​នៃ​ការ​សាកល្បង​ក្នុង​សមុទ្រ​នូវ​អាវុធ​របស់​កងទ័ព​អា​មេ​រិ​ក​ប្រឆាំង​បណ្តា​នាវាចម្បាំង ។

យោង​តាម​ទូរទស្សន៍ FOX NEWS ថា កាណុង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក ដែល​គេ​ស្គាល់​ផង​ដែរ​ក្រោម​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា RAILGUN អាច​ធ្វើការ​សាកល្បង​នា​រដូវក្តៅ​ខាង​មុខ​លើ​នាវា​ពិឃាត​អា​មេ​រិ​កមួយ​គ្រឿង​។ តែ​ទោះបី​យ៉ាងណា​នៅ​ពុំ​ទាន់​មានការ​អះអាង​ជា​ផ្លូវការ​ណាមួយ​ពី​ព័ត៌មាន​នោះ​នៅឡើយ​សម្រាប់​ពេល​នេះ ។

មុន​នេះ កាសែត WALL STREET JOURNAL ចាត់​ទុក​កាណុង RAILGUN ថា​ជា​ការ​ឆ្លើយ​តប​ចំពោះ​បច្ចេកវិទ្យា​ឈានមុខ​របស់​កងទ័ព​រុ​ស្ស៊ី ។

កាណុង RAILGUN ជា​អាវុធ​បាញ់​ផ្លោង​គ្រាប់​តាម​រយៈ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក ដែល​អាច​បាញ់​គ្រាប់​ផ្លោង​ទម្ងន់​១៨​គីឡូក្រាម ឱ្យ​រត់​បាន​ដល់​ល្បឿន​៩.០០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង រួច​អាច​បាញ់​បាន​ចម្ងាយ​ដល់​ជាង​១៨០​គីឡូម៉ែត្រ ។ បើ​និយាយ​ពី​សង្វា​ក់​នៃ​ការ​បាញ់​កាណុង​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​នេះ​វា​អាច​បាញ់​ចេញ​បាន​ដល់​១០​គ្រាប់​ក្នុង​មួយ​នាទី ។ រួច​តម្លៃ​នៃ​ការ​បាញ់​មួយ​គ្រាប់​មាន​ទាប​ជាង​ការ​បាញ់​មី​ស៊ី​លអាច​បាញ់​បាន​ចម្ងាយ​ដូច​គ្នា នេះ​គឺ​ត្រឹមតែ​២៥.០០០​ដុល្លារ​ទល់​នឹង​១​លាន​ដុល្លារ ។

បច្ចុប្បន្ន​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ប្រើប្រាស់​កាណុង​ស្តង់ដា​ទំហំ​១២២​មី​ល្លី​ម៉ែត្រ ដែល​អាច​កម្ទេច​គោលដៅ​ក្នុង​ចម្ងាយ​២០​គីឡូម៉ែត្រ ។ ពួក​អ្នក​ផលិត​កាណុង RAILGUN គូសបញ្ជាក់​ថា អាវុធ​ថ្មី​នេះ​នឹង​អាច​ឱ្យ​បណ្តា​នាវាចម្បាំង​ធានា​ការ​ជួយ​ទ្រទ្រង់​ដល់​កង​ទាហាន​ម៉ា​រី​ន​ប្រយុទ្ធ​លើគោក​នៅ​តាម​ឆ្នេរសមុទ្រ​ឆ្ងាយ​ៗ ហើយ​អាច​ការពារ​ទប់ទល់​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​មី​ស៊ី​ល​បណ្តែត ព្រមទាំង​វាយប្រហារ​បណ្តា​នាវា​សត្រូវ ដោយ​ពុំ​ខ្លាច​រង​ការ​វាយប្រហារ​តបត​វិញ ៕