ទីតាំង​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ AEON MALL រៀបចំ​រួចរាល់​ហើយ

រាជធានី​ភ្នំពេញ ៖ ផែនការ​ទទួល ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON MALL​រាជធានី​ភ្នំពេញ ពេល​នេះ​បាន​រៀបចំ​រួចរាល់​ហើយ ត្រៀម​សាកល្បង​នៅ​ថ្ងៃ​ទី​០២ មិថុនា និង​ដំណើរការ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​០៦ មិថុនា ២០១៦ តទៅ ប្រសិនបើ​មិន​មានការ​រាំងស្ទះ​អ្វី​នោះ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក​មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៣១ ឧសភា ២០១៦ នេះ លោក ចាន់ តារា អគ្គនាយក​ដឹក​ជញ្ជូន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អម​ដោយ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ពី​ដំណើរការ​សាកល្បង​នៃ​ការ​ប្តូរ ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ AEON MALL​បន្ទាប់​ពី​តម្លើង​គ្រឿង​បរិក្ខារ កុំព្យូទ័រ ប្រព័ន្ធ IT រួច ដែល​ពេល​នេះ​កំពុង​ហ្វឹកហាត់​មន្ត្រី​បម្រើ​ការ​នៅ​ទីនោះ ដើម្បី​ដំណើរការ​សាកល្បង ។ លោក​បន្ត​ថា ដំណើរការ​សាកល្បង​ពេល​នេះ​ទទួលលទ្ធផល​ល្អ​ប្រសើរ ដែល​នឹង​អាច​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ចាប់ពី​ថ្ងៃ​ទី​០២ មិថុនា នេះ និង​ចាប់​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០៦ មិថុនា តែ​ម្តង នោះ​ប្រសិនបើ​មិន​មានការ​រាំងស្ទះ​អ្វី​ទេ ហើយ​ការ​ប្តូរ​សេវា​ទី​នេះ មាន​ប្តូរ ពន្យារ​ប័ណ្ណបើកបរ​ជូន​ប្រជាពលរដ្ឋ សម្រាប់​២៥​រាជធានី​-​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១០​យប់ ។

លោក មាស ច​ន្ថា បាន​បញ្ជាក់​ថា  ការ​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ​នេះ មាន​លក្ខណៈ​ទំនើប គឺ​បម្រើសេវា​រហ័ស​ទាន់ចិត្ត​ក្នុង​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់ ចំណែក​តម្លៃ​វិញ​សម្រាប់​រថយន្ត​តូច​៤​ម៉ឺន​រៀល ក្នុង​នោះ​ពិនិត្យ​សុខភាព​១​ម៉ឺន​រៀល និង​រថយន្ត​ធំ​លើស​នេះ​តែ​បន្តិច​នោះ​ទេ ៕