បន្សល់​ពាក្យ «​ខ្ញុំ​សុំ​ទោស​… ប៉ា​សុំ​ទោស​ផង​» ក្រោយ​ពេល​ធ្វើ​អត្តឃាត

ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍​ដ៏​អកុសល​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បុរស​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​របស់​ខ្លួនឯង​បន្ទាប់​ពី​បាន​វាយ​ប្រពន្ធ​និង​កូន​រួច ។

ប្រភព​ពី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជី​ម ចិត្ត អាយុ​៣១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជា មុំ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា​ន​មាស ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ឧសភា​មុន​កើតហេតុ​១​ថ្ងៃ មិនដឹង​ជា​យ៉ាងម៉េច​ទេ​ស្រាប់តែ​ប្តី​របស់​គាត់​បាន​សុំ​វ៉ៃ​​គាត់​និង​កូន ។ ដោយសារ​តែ​ប្តី​របស់​គាត់​ជា​មនុស្ស​មាន​សតិ​មិនសូវ​គ្រប់ យូរ​ៗ​ម្តង​មាន​អាកា​រៈ​ខុស​ប្រក្រតី ហើយ​តាំងពី​ដើម​មក​ប្តី​របស់​គាត់​មិន​ដែល​វ៉ៃ​គាត់​ទេ ម្យ៉ាង​ដោយ​គិត​ថា​ប្តី​របស់​គាត់​មិន​វ៉ៃ​គាត់​ទេ​ព្រោះ​គ្មាន​រឿង​អ្វី​ផង​នោះ រូប​គាត់​ជា​ប្រពន្ធ​ក៏​សុខចិត្ត​អង្គុយ​ស្ងៀម​ឲ្យ​ប្តី​វ៉ៃ ស្រាប់តែ​ប្តី​របស់​គាត់​វ៉ៃ​គាត់​មែន គឺ​វ៉ៃ​ឡើង​បែកក្បាល ។ បន្ទាប់​ពី​វ៉ៃ​រួច​ហើយ​ប្តី​របស់​គាត់​ក៏​សុំ​ទោស​គាត់ និង​សុំ​លាង​របួស​ឲ្យ តែ​គាត់​ប្រកែក​មិន​ព្រម​ឲ្យ​លាង​ឲ្យ​ទេ ហើយ​ក៏​ដើរទៅ​ផ្ទះ​ម្តាយ​ដែល​នៅ​ជិត​នោះ​ឲ្យ​គាត់​ជួយ​លាង​របួស​ឲ្យ ។ បន្ទាប់​ពី​ម្តាយ​លាង​របួស​ឲ្យ​ហើយ ពេល​យប់​បន្តិច​គាត់​ក៏​នាំ​កូន​តូច​ៗ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ផ្ទះ​ដាក់​គន្លឹះ​ពី​ខាងក្នុង គាត់​ក៏​នាំ​កូន​ដេក​នៅ​ខាងក្រោម​ផ្ទះ​ទៅ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើត​មិនឃើញ​ទ្វារផ្ទះ​បើក​សោះ រហូត​ដល់​ម៉ោង​កើត​ហេតុ​​ស្រាប់តែ​ឮ​ស្នូរ​កាំភ្លើង​ច្នៃ​ផ្ទុះ​១​គ្រាប់​ចេញពី​ក្នុងផ្ទះ ពេល​នោះ​គាត់​ក៏​រត់ឡើង​ទៅ​មើល​តាម​ចន្លោះ​ទ្វារ​ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​កំពុង​ប្រកាច់​ក្នុង​ថ្លុកឈាម ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ តែ​ហួសពេល​ទៅ​ហើយ​ប្តី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បញ្ជាក់​ថា ប្តី​របស់​គាត់​បាន​សរសេរ​ពាក្យសុំ​ទោស​នៅ​លើ​ក្តារ​រនាប​ផ្ទះ​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ខ្ងុំ សុំ​ទោស​ផង ខ្ញុំ​ជា​អ្នក​ខុស ជា​មនុស្ស​មិនល្អ ខ្ញុំ​សមតែ​ស្លាប់ សូម​ជួយ​អហោសិកម្ម​ឲ្យ​ខ្ញុំ​ផង ឈប់​មានកម្ម​ពារ​នឹង​គ្នា​ទៀត​ទៅ ចង់​លា​កូន​ក៏​លា​មិន​បាន​ដែរ កូន​សម្លាញ់ ប៉ា​លា​ហើយ ប៉ា​ខុស​ហើយ​កូន​ឲ្យ​ប៉ា​សុំ​ទោស​ផង​» ៕