ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២៥​ម៉ឺន​នាក់ ត្រូវគេ​រកឃើញថា ធ្លាក់​ក្នុង​ភាពជា​ទាសករ​សម័យ​ទំនើប​

​ផ្អែកលើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​ការស្ទង់មតិ​ពិភពលោក​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន ហ្គា​ឡាប់​(Gallup)​របស់​សហរដ្ឋអាមេរិក អង្គការ​មូលនិធិ វ៉ក​ហ្វ្រី​(Walk Free) បានធ្វើការ​កំណត់ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ២៥​ម៉ឺន​នាក់​ស្មើនឹង ១.៦៥ ភាគរយ​នៃ​ប្រជាជន​សរុប​កំពុងតែ​រងគ្រោះ​ដោយសារតែ​ពលកម្ម​ដោយ​បង្ខំ ឬ​ការរៀប​អាពាហ៍ពិពាហ៍​បង្ខិតបង្ខំ​។​

មន្ត្រី​ជំនាញ​នៅ​អង្គការ​មូលនិធិ វ៉ក​ហ្វ្រី បាន​បញ្ជាក់ថា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​វិបត្តិ​ទាសភាព​សម័យ​ទំនើប​របស់ខ្លួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទាសភាព ត្រូវបាន​គេ​កំណត់​និយមន័យ​ថា គឺជា​ស្ថានភាព​នៃ​កេងប្រវ័ញ្ច​ដែល​បុគ្គល​ម្នាក់​ពុំ​អាច​ចាក​ចេញពី​ការធ្វើ​អ្វីមួយ​បាន ដោយសារតែ​ការគំរាមកំហែង អំពើហិង្សា ការបង្ខិតបង្ខំ ការរំលោភបំពាន​ដោយ​អំណាច ឬ​ការ​ភូតភរ​បោកប្រាស់​។​

​របាយការណ៍​ក្នុង​ទិន្នន័យ​ខាងលើ​បាន​ពន្យល់ថា​វា​ពុំមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​កម្ពុជា​។ ឱកាស​សេដ្ឋកិច្ច​ដែល​នៅមានកម្រិត​ទាប​បាន​រុញច្រាន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ឆ្លង​តំបន់ ឆ្លង​សមុទ្រ ហើយ​ពេលខ្លះ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ ឬ​មធ្យោបាយ​ដែល​ពុំ​សូវ​ជាមាន​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​ពួកគាត់​ងាយ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​តាមច្រើន​រូបភាព​។​

​របាយការណ៍​ខាងលើនេះ​បាន​សង្កត់ធ្ងន់​ទៅលើ​និន្នាការ​កើនឡើង​នៃ​ស្ត្រី​កម្ពុជា​ដែល​ត្រូវបាន​គេ​ជួញដូរ​ទៅ​ប្រទេស​ចិន សម្រាប់​ឲ្យ​រៀបការ​ជាមួយ​បុរស​នៅ​ទីនោះ​។ គួរ​រម្លឹក​ផងដែរ​ថា ស្ត្រី​កម្ពុជា​រងគ្រោះ​ចំនួន ៨២ នាក់​បានធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។​

​គួរ​បញ្ជាក់ថា​របាយការណ៍​ស​ន្ទ​ស្សន៍​ទាសភាព​សកល​ឆ្នាំ ២០១៦ បានលើកឡើង​ពី​ការស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​ពិភពលោក  ដែល​បាន​រកឃើញថា ៩ ភាគរយ​នៃ​កម្មករ​នេសាទ​កម្ពុជា​ត្រូវ​រងគ្រោះ​ដោយ​ការបង្ខិតបង្ខំ​ឲ្យ​ធ្វើការ​។ ការស្រាវជ្រាវ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ៤០ ភាគរយ​នៃ​កម្មករ​នេសាទ​នៅ​កំពង់ផែ​ធំ​ទាំង​៤ របស់​ប្រទេស​សៀម​គឺជា​ជនជាតិ​កម្ពុជា​។​

​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រសើរឡើង​ដើម្បី​បង្កើត​ការងារ​សមរម្យ​ជូន​ប្រជាពលរដ្ឋ និង​ការអប់រំ​ជាដើម គឺជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ខាងលើ​ដែល​ត្រូវបាន​លើកឡើង​ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនគួរ​ព្យាយាម​លាក់បាំង​ពី​កំហុសឆ្គង​របស់ខ្លួន​ក្នុងការ​ដឹកនាំ​ប្រទេស​នោះទេ តែ​ផ្ទុយទៅវិញ​ពួកគេ ត្រូវ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ព្រោះ​ពលករ​ខ្មែរ​កំពុង​រង​ទុក្ខ​នៅ​បរទេស​៕

355E4335-6138-489E-8008-8CA150AC651B_cx0_cy1_cw0_w987_r1_s_r1 1456710906