គន្លឹះ​ឆ្លើយ​សំណួរ​សំខាន់​ៗ​ក្នុង​សម្ភាស​ការងារ ឲ្យ​​បាន​ត្រឹមត្រូវ​និង​ឆាប់​ជាប់

សម្ភាស​ការងារ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ប៉ិនប្រសប់​ពី​លើ​លក្ខណៈសម្បត្តិ​ដែល​អ្នក​មាន។ បើ​ទោះ​ជា​ក្រុមហ៊ុន​ផ្សេង​ៗ​មាន​គោលការណ៍​ខុស​ៗ​គ្នា ប៉ុន្តែ​មាន​សំណួរ​មួយ​ចំនួន​ដែល​តែងតែ​លេចឡើង​គ្រប់​ពេល​ក្នុង​ដំណាក់កាល​សម្ភាស​ការងារ។ ប៉ុន្តែ​​ពី​ក្រោយ​សំណួរ​ទាំង​នោះ​ តើ​អ្នក​សម្ភាស​ចង់​បាន​ចម្លើយ​បែប​ណា​ពិត​ប្រាកដ ហើយ​អ្នក​គួរ​ឆ្លើយ​យ៉ាង​ណា?​

 

១. ណែនាំ​ខ្លួន​របស់​អ្នក

 

គន្លឹះ​ឆ្លើយ​សំណួរ​សំខាន់​ៗ​ក្នុង​សម្ភាស​ការងារ ឲ្យ​​បាន​ត្រឹមត្រូវ​និង​ឆាប់​ជាប់

 

ពួក​គេ​បាន​អាន CV របស់​អ្នក​រួច​ហើយ​ ដូច្នេះ​​នេះ​មិន​មែន​ជា​ពេល​ដែល​អ្នក​ត្រូវ​និយាយ​ពី​អ្វី​ក្នុង​នោះ​ឡើងវិញ​ទាំង​អស់​នោះ​ទេ។ ជំនួស​មក​វិញ អ្នក​គួរ​មើល​ឃើញ​សំណួរ​នេះ​ជា​ឱកាស​ដើម្បី​និយាយ​ពី​ផ្នែក​សំខាន់​ៗ​ក្នុង CV ដែល​អ្នក​គិត​ថា​ជា​បច្ច័យ​ធំ​បំផុត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការងារ។

 

មនុស្ស​មួយ​ចំនួន​​បង្កើត​កំហុស​នៅ​ពេល​ពួក​គេ​រៀបរាប់​​ពី​រឿង​ផ្ទាល់​ខ្លួន​ជ្រៅ​ពេក​ ពេល​ឆ្លើយ​សំណួរ​នេះ។ ដោយ​នេះ​គ្រាន់​តែ​ជា​សំណួរ​បើក​ក្បាល​ដំបូង ដូច្នេះ​សូម​និយាយ​សង្ខេប​ពី​បទពិសោធន៍​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នោះ​បាន​ហើយ។​

 

២. តើ​អ្នក​គិត​ថា​ខ្លួន​ឯង​នឹង​ក្លាយ​ជា​អ្វី​ក្នុង​រយៈ​ពេល​៥​ឆ្នាំ?

 

សម្រាប់​សំណួរ​នេះ គឺ​និយោជិក​​ចង់​ដឹង​ពី​គោលបំណង​របស់​អ្នក​ជាមួយ​ក្រុមហ៊ុន ថា​តើ​ជា​រយៈ​ពេល​វែង​ឬ​ខ្លី និង​ចង់​ដឹង​ថា​តើ​អ្នក​មាន​គំនិត​ល្អ​​​យ៉ាង​ណា​ចំពោះ​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​ក្នុង​ជីវិត។ គោលដៅ​ដែល​អ្នក​គួរ​ឆ្លើយ​នោះ​គឺ​គោលដៅ​​ក្នុង​ជីវិត​ការងារ មិន​មែន​គោលដៅ​ក្នុង​ជីវិត​ឯកជន​ឡើយ។ ក៏​ល្អ​ប្រសិន​បើ​អ្នក​ឆ្លើយ​ថា អ្នក​អាច​ក្លាយ​ជា​បុគ្គល​សំខាន់​មួយ​រូប​របស់​ក្រុមហ៊ុន ​ក្នុង​តំណែង​ជា​ថ្នាក់​ដឹកនាំ​ណា​មួយ។ ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​មិន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​វិវត្ត​ខ្លួន និង​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ​ឡើយ។​​

 

៣. អ្នក​ដឹង​អ្វី​ខ្លះ​ពី​ក្រុមហ៊ុន​នេះ?

 

ត្រង់​នេះ អ្នក​សម្ភាសន៍​មិន​មែន​ចង់​ដឹង​ឲ្យ​អ្នក​និយាយ​ឡើង​វិញ​ពី​ព័ត៌មាន​ដែល​មាន​សរសេរ​ស្រាប់​លើ​វេបសាយ​ក្រុមហ៊ុន​គេ​នោះ​ឡើយ ប៉ុន្តែ​គេ​ចង់​ដឹង​ថា​អ្នក​បាន​ស្រាវជ្រាវ​បាន​ល្អិតល្អន់​ប៉ុណ្ណា​ពី​ក្រុមហ៊ុន​របស់​គេ។

 

តាមដាន​​សកម្មភាព​លើ​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន​ ព្យាយាម​សិក្សា​ស្វែងយល់​ពី​ផលិតផល ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន រួច​លើក​ពី​ចំណុច​ល្អ​ៗ និង​ចំណុច​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​គួរ​តែ​មាន​ការ​កែ​លម្អ។ នេះ​ជា​ឱកាស​ដើម្បី​បង្ហាញ​ថា​អ្នក​ស្គាល់​ពួក​គេ​ច្បាស់​កម្រិត​ណា។

 

៤. ហេតុ​អ្វី​អ្នក​ចង់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ?

 

គន្លឹះ​ឆ្លើយ​សំណួរ​សំខាន់​ៗ​ក្នុង​សម្ភាស​ការងារ ឲ្យ​​បាន​ត្រឹមត្រូវ​និង​ឆាប់​ជាប់

 

សំណួរ​នេះ​ជា​ធម្មតា​ក៏​បង្កប់​គោលបំណង​ដូច​ខាង​លើ​ដែរ គឺ​វា​ជា​ឱកាស​ដែល​អ្នក​ត្រូវ​បង្ហាញ​ថា​អ្នក​ដឹង​ពី​ការងារ​នោះ​ច្បាស់។ អាន​លក្ខខណ្ឌ​ការងារ​នោះ​ឲ្យ​បាន​ច្បាស់​និង​វិភាគ​ថា​តើ​ចំណុច​ណា​ដែល​ទាក់ទាញ​អ្នក​ឲ្យ​ធ្វើ​ការងារ​មួយ​នេះ? តើ​មុខ​ជំនួញ​ក្រុមហ៊ុន​នោះ​មាន​គុណ​តម្លៃ​អ្វី​ខ្លះ​ដែល​ត្រូវ​ជាមួយ​លក្ខណៈសម្បត្តិ​របស់​អ្នក? គួរ​តែ​ពន្យល់​ពី​ចំណុច​ទាំង​នេះ។ លើក​ពី​ចំណុច​ល្អ​ខ្លះ​ៗ​របស់​ក្រុមហ៊ុន​ដែល​អ្នក​បាន​ដឹង ប៉ុន្តែ​មិន​ត្រូវ​ផ្ដោត​សំខាន់​លើ​ប្រាក់​ខែ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នោះ​ទេ ព្រោះ​វា​ហាក់​បង្ហាញ​ថា​អ្នក​មិន​ស្មោះ​ត្រង់​នឹង​ក្រុមហ៊ុន​និង​រង់​ចាំ​តែ​ផលប្រយោជន៍។​​

 

៥. តើ​អ្នក​មាន​ ចំណុច​ខ្សោយ​អ្វី​ខ្លះ?

 

បើ​​សិន​ជា​ត្រូវ​គេ​សួរ​សំណួរ​មួយ​នេះ អ្នក​គួរ​ឆ្លើយ​ឲ្យ​បាន​សម​ហេតុផល ចៀសវាង​និយាយ​ល្អ​ពី​ខ្លួន​ឯង​ជ្រុល​ពេក ដែល​ធ្វើ​ឲ្យ​គេ​លែង​ចង់​ជឿ​អ្នក​ទៅ​វិញ។ អ្នក​គួរ​ដឹង​ថា មូលហេតុ​ដែល​គេ​សួរ​បែប​នេះ ព្រោះ​ចង់​ដឹង​ពី​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ឯង និង​សក្ដានុពល​ដែល​អ្នក​អាច​វិវត្ត​ខ្លួន​ទៅ​មុខ​ទៀត។

 

ជ្រើសរើស​ចំណុច​ខ្សោយ​ដែល​អ្នក​មាន​ពិត​ប្រាកដ ប៉ុន្តែ​មិនមែន​ជា​​ឧបសគ្គ​ដែល​រារាំង​អ្នក​ពី​ការ​បំពេញ​តួនាទី​ការងារ​ឲ្យ​បាន​ល្អ​ឡើយ ហើយ​សូម​កុំ​បញ្ចប់​ដោយ​មិន​បាន​និយាយ​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​ដើម្បី​កែប្រែ​ចំណុច​ខ្សោយ​ទាំង​នោះ និង​ការ​កែប្រែ​របស់​អ្នក។

 

 

តើ​មាន​សំណួរ​ណា​ទៀត​ដែល​គេ​ឧស្សាហ៍​សួរ​ក្នុង​សម្ភាស​ការងារ​ដែរ? ចូល​រួម​ចែក​រំលែក​តាម​រយៈ Comment ខាង​ក្រោម។​​​

 

ចុចអាន​បន្ថែម៖៨​សំណួរ​ដែល​អ្នក​ចៀស​មិន​ផុត​ ពេល​ទៅ​សម្ភាសន៍​ការងារ​

ចុចអានបន្ថែម៖៧​សំណួរ​មិន​គួរ​សួរ​បក​ទៅ​អ្នក​សម្ភាសន៍

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ youqueen