ទូច បញ្ចរ៉ុង ​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​​តៃប៉ិ ​ព្រោះ​គ្រូ Lee ​ប្រើ​ទម្រង់​នេះ?

​​ខ្សែ​ការពារ​បឹង​កេត​អង្គរ​ ទូច បញ្ចរ៉ុង ​បាន​​​ទម្លាយ​មូល​ហេតុ​ ដែល​​នាំ​ឲ្យ​រូប​គេ​​មិន​បាន​ជាប់​​​ជម្រើស​ជាតិ​​​​​​ថា ​ដោយ​សារ​គ្រូ​​បង្វឹក​ក្រុម​ជម្រើស​ជាតិ​លោក Lee Tae Hoon ​ប្រើ​ទម្រង់​​លេង( ៣ ៥ ២ ​)សម្រាប់​​ការ​ប៉ះ​​ក្រុម​ឆាយ​នីស​តៃប៉ិ​ ក្នុង​​វគ្គ​ជម្រុះ​ពាន AFC ​Asian Cup 2019 ​ជើង​ទី​១ នៅ​​​​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៦ ​ស្អែក​នេះ។

 

ទូច បញ្ចរ៉ុង ​មិន​ជាប់​ជម្រើស​ជាតិ​ប៉ះ​​តៃប៉ិ ​ព្រោះ​គ្រូ Lee ​ប្រើ​ទម្រង់​នេះ?ទូច បញ្ចរ៉ុង លើក​ពាន ពេល​ Cambodia All Stars ឈ្នះ Moungthong United

 

​​ខ្សែ​ការពារ​ស្លាប​ឆ្វេង​​ដ៏​រឹង​មាំ​របស់​បឹង​កេត​ ទូច បញ្ចរ៉ុង​ ជា​រឿយៗ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កម្រ​​បាត់​មុខ​ពី​ក្រុម​ជម្រើស​ជាតិ​​​ណាស់ ប៉ុន្តែ​កីឡាករ​រូប​នេះ​​មិន​បាន​ជាប់​ឈ្មោះ​ឡើយ សម្រាប់​ការ​ជ្រើស​រើស​របស់​លោក Lee ​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្ត​ភាព​ជាមួយ​ប្រទេស​ទីម័រខាងកើត​កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​ចេញ​ទៅ​ប្រកួត​ជាមួយ​ឆាយ​នីស​តៃប៉ិ​​ជា​ដើម​។

 

​​​​​​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះ​កុង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​បើ​តាម​ការ​យល់​ឃើញ​​របស់​គេ​មក​ពី​​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង​ដូរ​ទម្រង់​លេង​ថ្មី​​ សម្រាប់​ការ​ប៉ះ​ឆាយ​នីសតៃប៉ិ​គឺ ៣ ៥ ២ (​ការពារ​ ៣ បម្រើ ៥ ​ប្រយុទ្ធ ២ )។ ​ទន្ទឹម​ នឹង​នោះ​ការ​ប្រើ​ទម្រង់​នេះ​​​ខ្សែ​បម្រើ​ឆ្វេង​ និង​ស្ដាំ​ត្រូវ​ចុះ​មក​ជួយ​បិទ​នៅ​តំបន់​ការពារ​កំឡុង​បាត់​បាល់​​ ហើយ​​ឡើង​ទៅ​ជួយ​​នៅ​តំបន់​ប្រយុទ្ធ​វិញ​ពេល​ដែល​​​ដណ្ដើម​បាន​បាល់​ពី​​គូបដិបក្ខ។

 

​បញ្ចរ៉ុង បន្ថែម​ថា ​​​មិន​បាន​ជាប់​ជម្រើស​ជាតិ​លើក​នេះ ​ក៏​អាច​មក​ពី​​គេ​គ្មាន​សមត្ថភាព​អាច​លេង​​តាម​ការ​ចង់​បាន​របស់​លោក​ Lee ផង​ដែរ។ ​ការ​លេង​នៅ​តំបន់​ការពារ​ស្លាប​ឆ្វេង​ស្ដាំ​របស់​​គ្រូ Lee ​​ត្រូវ​តែ​មាន​ល្បឿន​លឿន ឡើង​ជួយ​តំបន់​ប្រយុទ្ធ​ និង​ចុះ​មក​ជួយ​តំបន់​ការពារ​ឲ្យ​បាន​លឿន សម្រាប់​ទម្រង់​លេង​ថ្មី​នេះ​។

 

​​​ទូច បញ្ចរ៉ុង បាន​ជាប់​ជម្រើស​ជាតិ​​ទាំង​ឈុត​​ U19 ​និង U23 ​កម្ពុជា​​​ទៅ​ប្រកួត​​កីឡា​ស៊ីហ្គេម​​នៅ​ប្រទេស​ឡាវ​​ឆ្នាំ​២០០៩​​ ។ ​​បន្ទាប់​មក​​រូប​គេ​បាន​ជាប់​​​ឈ្មោះ​លេង​ឲ្យ​ជម្រើស​ជាតិ​ឈុត​ធំ​កំឡុង​ឆ្នាំ​២០១០​​​ រហូត​មក​ដល់​បច្ចុប្បន្ន៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​