កំពុង​​​ស្តារ​​ស្រះ​​វត្ត​​ ស្រាប់តែ​ភ្ញាក់ព្រើតផ្អើល​​គ្រប់គ្នា​

ខេត្ត​សៀមរាប​ ៖ កង​វិស្វកម្ម​តេ​ជោ ​ហ៊ុន សែន សៀមរាប បាន​ធ្វើការ​ស្តារ​ស្រះ​នៅ​ក្នុង​វត្ត​កន្ទួត​ខ្នារ​ក្រៅ ក្នុង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​ទុក​ឱ្យ​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​ប្រើប្រាស់ ។ ក្នុង​ការ​ស្តារ​នេះ គឺ​​មាន​រយៈពេល​ចំនួន​៦​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃ​ទី​២៦ ​មក ស្រាប់​តែ​ដល់​ថ្ងៃ​ទី​៣១ ឧសភា ​ស្រាបតែប្រទះឃើញ​​​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះរហូតដល់​​៩​គ្រាប់ និង​មីន​​ថ្មើរជើងចំនួន​៣​គ្រាប់ ។

មន្ត្រី​ស៊ី​ម៉ាក់​ដែល​ប្រចាំការ​នៅ​ស្រះ​ទឹក​វត្ត​កន្ទួត​ខ្នារ​ក្រៅ​បានឱ្យ​ដឹង​ថា យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​៩​គ្រាប់​នោះ ​គឺ​មាន​ប្រភេទ​គ្រាប់​បេ​៤០, គ្រាប់​បេ​៤១ ​និង​ប្រភេទ​គ្រាប់​ផ្លោង​ ។  ការ​រាវរក​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​តទៅ​ទៀត​នេះ សង្ឃឹមថានឹង​ជួប​ប្រទះ​នូវ​គ្រាប់​ផ្សេង​ៗ​ទៀត​ ។

ក្នុង​ឱកាស​នោះ​ដែរ នាយ​ឧត្តមសេនីយ៍​ខេ​ង សុមេធ ​​ជា​មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ​ហ៊ុន ​សែន សៀមរាប ក៏​បាន​ស្នើឱ្យ​អង្គភាព​កំចាត់​មីន​ទី​៤ស៊ី​ម៉ាក់ ប្រចាំ​ខេត្តសៀមរាប បន្ត​រាវរក​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ស្រះកំពុង​ស្តារ​នោះ​បន្ត​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រតិបត្តិការ​ស្តារ​ស្រះ​ទឹក​នេះ ​ឱ្យ​បាន​ល្បឿន​កាន់តែ​ប្រសើ​ ​។

​នាយ​ឧត្តមសេនីយ៍​ ខេ​ង សុមេធ បាន​បញ្ជាក់​ថា ក្នុង​ការ​ស្តារ​ស្រះ​នេះ​ដែរ លោកមិន​បាន​ធ្វើការ​សន្យា​ជា​មុន​ទេ ​ព្រោះថា ស្រះ​នោះ​គោកហើយរាក់ បច្ចុប្បន្ន​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកស្រះ​នោះ​បាន ដោយ​ហេតុផល​ចាំបាច់​ ត្រូវ​តែ​ធ្វើការ​ស្តារ​ស្រះ​នេះ ​ឱ្យ​បាន​ជ្រៅ មុន​រដូវវស្សា​មក​ដល់​។

គួរ​បញ្ជាក់​​ថា ស្រះ​ដែល​កំពុង​ស្តារ​ដោយ​កង​វិស្វកម្ម​តេ​ជោ ​ហ៊ុន ​សែន​ សៀមរាប ​នេះ បាន​ចាប់​ដំណើរការ​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៦ ​ឧសភា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៣១​​ឧសភា​ឆ្នាំ​២០១៦ ​នេះ ដោយ​ស្រះ​នោះ​មាន​ទំហំ​១៥០​ម៉ែត្រ​x ២០០​ម៉ែត្រ ជម្រៅ​ប្រមាណ​៤​ម៉ែត្រ ដែល​គ្រោង​បញ្ចប់​ការ​ស្តារ​នៅ​រយៈពេល​មួ​យស​ប្តា​ហ៍​ខាង​មុខ​ទៀត​ ៕