សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​បង្ហាញ​​ផែនការ​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន វុ​ទ្ធី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​(KAAF) បានឱ្យ​ដឹង​ថា KAAF​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​៥​រូប​ក្នុង​នោះ​មាន​នារី​១​រូប ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​លើក​ទី​១៧ នៅ​ប្រទេស​វៀតណាម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ មិថុនា ដោយ​បាន​ចេញដំណើរ​តាម​រថយន្ត​ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា  ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​មាន​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ចំនួន​៤៥​ចូលរួម ។ នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត ដោយ​២​លើក​មុន​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ។

ដោយឡែក​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ខាង​មុខ​នេះ KAAF ក៏​បាន​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​៤​រូប ក្នុង​នោះ​មាន​នារី​២​រូប​ដើម្បី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ក្រប​ខ័ណ្ឌ​និស្សិត​(ASEAN University Games 2016) នៅ​ប្រទេស​សិង្ហ​បុរី ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​មានការ​បញ្ជូន​អត្ត​ព​លិ​ក​ជា​ច្រើន​រូប​ទៀត​ទៅ​ចូលរួម​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ​ជើងឯក​សិស្ស​មធ្យមសិក្សា​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​នា​ខែកក្កដា ២០១៦ និង​កីឡាករ​២​រូប​ទៀត​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំពិ​ក​​រដូវក្ដៅ​នៅ​ទីក្រុង​RIO ប្រទេស​ប្រេ​ស៊ី​ល​នៅ​ខែសីហា ២០១៦ ខាង​មុខ​នេះ ។

រាល់​ការ​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ គឺ​ដើម្បី​ស្វែងរក​នូវ​បទ​ពិសោធន៍ និង​បច្ចេកទេស​ថ្មី​ៗ​បន្ថែម​ទៀត សំដៅ​ពង្រឹងសមត្ថភាព បច្ចេកទេស ដល់​អត្ត​ព​លិ​ក​វ័យក្មេង​ដែល​ជា​កីឡាករ​ថ្នាល​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង ។ ម្យ៉ាងវិញទៀត អ្វី​ដែល​​សំខាន់​បំផុត​នោះ គឺ​មុន​នឹង​ឈាន​ដល់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ខែតុលា​ខាង​មុខ​នេះ កម្ពុជា​បាន​ត្រៀម​រៀបចំ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​(National Games2016) ដែល​ការ​ប្រកួត​នេះ​មាន​លំនាំ​ដូច កីឡា​ស៊ី​ហ្គេ​ម​ដែរ ដូច្នេះ​សហព័ន្ធ​ក៏​មាន​ផែនការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​មាន​សមត្ថ​ភាព​គ្រប់គ្រាន់​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ។ ស្រប​ពេល​ជា មួយ​គ្នា​នេះ​ដែរ ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​នេះ​ក៏​ដើម្បី​ចម្រាញ់​រក​កីឡាករ កីឡាការិនី ដែល​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​យក​ទៅ​ហ្វឹកហាត់​បន្ថែម​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង​ដែរ ។

លោក​អគ្គលេខាធិការ​សហព័ន្ធ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​សហព័ន្ធ​មាន​គ្រូបង្វឹក​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​កម្រិត​អន្តរជាតិ ជាង​១០​នាក់​ចាប់ពី​កម្រិត​១​ដល់​កម្រិត​​២ ។​សហព័ន្ធ​ក៏​មាន​គម្រោង​បញ្ជូន​គ្រូបង្វឹក​១​រូប ទៅ​ហ្វឹកហាត់​រយៈពេល​១៣​ខែ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ទៀត​ផង ។ សហព័ន្ធ​ក៏​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​ធ្វើការ​ប្រមូលផ្ដុំ​កីឡាករ​-​កីឡាការិនី​ពេញវ័យ​១០​នាក់ និង​កីឡាករ​ថ្នាល​៨​នាក់​ទៀត ធ្វើការ​ហ្វឹកហាត់​សម្រាប់​ទុក​ត្រៀម​ប្រកួត​កីឡា​ថ្នាក់​ជាតិ ៕