រាំង​ខ្ទប់​ទាន់​ពេលវេលា រថយន្ត​បែន​ដឹកឈើ​ទម្លាក់​អូរ បន្ទាត់​ព្រំដែន​វៀតណាម

រាំង​ខ្ទប់​ទាន់​ពេលវេលា រថយន្ត​បែន​ដឹកឈើ​ទម្លាក់​អូរ បន្ទាត់​ព្រំដែន​វៀតណាម



ខេត្តមណ្ឌលគិរី ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ដី តែ​បែរជា​ដឹកឈើ​ប្រភេទ​លេខ​១​ជាង​៣០​ដុំ ដែល​ព្យាយាម​លោត​ឆត្រ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នោះ ត្រូវ​បានសមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដាក់​កម្លាំង​ទប់ស្កាត់ រង់ចាំ​កិច្ច​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ដើម្បី​រឹបអូស​។ ករណី​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​អូរ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​បែន​ដឹក​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​បុរស​វ័យ​កណ្តាល​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បន្លំ​ដឹកឈើ​ហុប​ជ្រុង និង​ឈើ​ប្រភេទ​សសរផ្ទះ​ចេញពី​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងស្រុក​កែវ​សីមា កាត់មុខ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា និង​ទីបញ្ជាការ​កងអនុសេនាធំ​ទី​២​តាម​ផ្លូវ​ឆ្ពោះទៅ​ច្រក​ទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ ដើម្បី​លក់​នៅ​ប្រទេស​វៀតណាម ។ ប្រភព​បន្ត​ថា ការ​ដឹក​ជញ្ជូន​មាន​ភាពរ​លួ​ន​តាម​ដងផ្លូវ ខណៈ​រថយន្ត​នោះ​បាន​រត់​កាត់មុខ​សមត្ថកិច្ច​ជា​ច្រើនស្ថាប័ន ដែល​កំពុង​តែ​អង្គុយ​នៅ​ទល់មុខ​ស្ថានីយ​ប្រេង​ខាងលើ ។ មិន​ដល់​រយៈពេល​មួយ​ចម្អិន​កំពឹស​ផង រថយន្ត​ដឹកឈើ​ខាងលើ បាន​បត់​ចូល​តាម​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្បែរ​ស្នាក់​ការ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ និង​បន្ត​បែន​ទម្លាក់​ឈើ​ទាំងនោះ​នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ការពារ​ព្រំដែន​នោះ​ទេ ។

នៅ​ប៉ុន្មាន​ជា​កន្លះ​ម៉ោង​ក្រោយមក ខណៈ​មានការ​បែន​ទម្លាក់​ឈើ​អស់ គេ​ក៏​បានឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ដល់​មុខ​លំនៅ​ឋាន​នោះ និង​បាន​និយាយ​ទូរស័ព្ទ​ចុះឡើង​ៗ​នៅ​មុខ​ថៅកែ​ជនជាតិ​វៀតណាម ហើយ​ប្រហែលជា​មាន​អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​ច្រើន​ពេក មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​គេ​ឃើញ​ថា ដឹកនាំ​ដោយ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា លោក ជុ​យ សុ​ឃាង ក៏​សម្រេចចិត្ត​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដែល​មាន​ទម្លាក់​ឈើ​ខាងលើ ជាមួយនឹង​នគរបាល​ការពារ​ព្រំដែន​ម្នាក់ ហើយ​ក៏​បានឃើញ​មាន​ឈើ​ខុសច្បាប់​ពិតប្រាកដ​មែន​។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លោក ជុ​យ សុ​ឃាង បានឱ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រឹបអូស​រថយន្ត​បែន​១​គ្រឿង​ចេញពី​លំនៅ​ឋាន​ខាងលើ​នោះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​រឹបអូស​ឈើ​ទាំងនោះ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​នៅឡើយ​ទេ ។ ជាមួយ​គ្នា​នេះ​លោក​បន្ថែម​ថា ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ប្រាប់​ថា​មាន​មនុស្ស​កំពុង​លើក​ឈើ​ដាក់​ក្នុង​រថយន្ត​បែន លោក​ក៏​បាន​បញ្ជា​ទៅ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ជិះ​រថយន្ត​ទៅ​ពិនិត្យ​នៅ​ក្រោយ​ស្ថានីយ​ប្រេង​ខាងលើ តែ​នាយ​សង្កាត់​នោះ​ប្រាប់​មក​វិញ​ថា មិនឃើញ ។

សូម​ជម្រាប​ថា មិន​ដល់​ប៉ុន្មាន​នាទី​ផង​បន្ទាប់​ពី​មន្ត្រី​មេព្រៃ​ទៅ​ពិនិត្យ ក៏​មាន​សេចក្តីរាយការណ៍​មក​ថា រថយន្ត​ខាងលើ​បាន​បើក​ចេញពី​ស្ថានីយ​ប្រេង​នោះ ហើយ​បើក​ឆ្ពោះទៅ​ព្រំដែន​ដោយ​កាត់មុខ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​តែ​ម្តង​។ ចំណែក​លោក ប៊ូ សំ​អុល ហៅ​សាន្ត ប្រធាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ បាន​ប្រាប់​អ្នកកាសែត​ថា លោក​មិន​បានដឹង​ថា មាន​ករណី​នេះ​កើតឡើង​នៅ​ច្រក​ដែល​លោក​គ្រប់គ្រង​នោះ​ទេ លោក​ក៏​បាន​សាទរ​នឹង​ចំណាត់ការ​មួយ​នេះ​ផង​ដែរ ។

ស្នងការ​ខេត្តមណ្ឌលគិរី​លោក តូច យ៉ុ​ន បាន​ថ្លែង​ថា លោក​បាន​សួរនាំ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ហើយ តែ​ពួក​គេ​ឆ្លើយ​ថា មិន​បានដឹង ព្រោះ​ស្មានថា​ជា​រថយន្ត​ដឹក​ដី​ដែល​កំពុង​តែ​ស្ថាបនា​ផ្លូវ​នេះ ។ លោក​ថា លោក​កំពុង​បញ្ជា​ឲ្យ​នគរបាល​ការពារ​ព្រំដែន​យាមកាម​ដើម្បី​រង់ចាំ​ចំណាត់ការ​បន្ត ។

គេ​នៅ​ចាំ​មើល​ថា តើ​សមត្ថកិច្ច​ដែល​ចុះ​ដល់ទី​តាំង​ឈើ​នោះ​រឹបអូស ឬ​ក៏​បណ្តោយ​ឲ្យ​ឈើ​រំកិល​ឆ្លង​ទៅ​ដី​ប្រទេស​វៀតណាម បើ​អូរ​ព្រំដែន​មាន​ចម្ងាយ​មិន​ដល់​៥​ម៉ែត្រ​ផង​នោះ ។

ក្នុង​ករណី​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ឈ្មោះ តា ហា នេះ​ផង​ដែរ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គេ​ជា​ឈ្មួញ​ឈើ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ក្នុងស្រុក​កែវ​សីមា​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​នាំ​គ្រឿងចក្រ និង​រថយន្ត​បែន ដែល​សង្ស័យ​ថា គ្មាន​ពន្ធ​ត្រឹមត្រូវ​ចូល​ធ្វើ​អាជីវកម្ម​ក្នុងស្រុក​កែវ​សីមា​យ៉ាង​អនាធិបតេយ្យ ទៀត​ផង​មិន​ញញើត​នឹង​អាជ្ញាធរ​ស្រុក​នោះ​ទេ ៕