ស្ត្រី​ប្រភេទ​ណាខ្លះដែល​សម្រាលកូន​ហើយសុក​មិន​ធ្លាក់​អស់​?

ជំងឺ សុកមិនធ្លាក់អស់ គឺជាជំងឺក្នុងពេលមានផ្ទៃពោះ ដ៏ធ្ងន់ធ្ងរមួយប្រភេទ ដែលកើតឡើងនៅពេលសរសៃឈាម និងផ្នែកផ្សេងៗនៃសុកលូតលាស់ ឬចាក់ឬសចូលទៅក្នុង ជញ្ជាំងស្បូនជ្រៅពេក។ ជាធម្មតា សុកនឹងរបេះចេញពីជញ្ជាំងស្បូន ក្រោយពីសម្រាលកូនរួច។ ចំពោះជំងឺសុកមិនធ្លាក់អស់វិញ មានន័យថា ផ្នែកណាមួយ ឬសុកទាំងអស់មិនអាចរបេះចេញ ឬនៅតែជាប់នៅស្បូនដដែល។ ករណីបែបនេះ អាចបង្កឲ្យបាត់បង់ឈាមធ្ងន់ធ្ងរ ក្រោយពីសម្រាលកូនរួច។

ជំងឺសុកមិនធ្លាក់អស់ ត្រូវបានគេចាត់ទុកថា ជាផលវិបាកនៃការមានផ្ទៃពោះដ៏ខ្ពស់មួយ។ បើសិនជាជំងឺនេះ ត្រូវបានសង្ស័យថាកើតមានហើយ អ្នកទំនងជាត្រូវការ សម្រាលកូនដោយវះកាត់ ហើយត្រូវកាត់ស្បូនចោលតែម្តង ទើបសង្គ្រោះជីវិតបាន។ មានកត្តាច្រើនណាស់ ដែលធ្វើឲ្យស្ត្រីម្នាក់ប្រឈមខ្លាំង នឹងសម្រាលកូនហើយ សុកធ្លាក់មិនអស់ ដូចជា ៖

ធ្លាប់វះកាត់ស្បូនពីមុនមក
បើសិនជាអ្នកធ្លាប់សម្រាលកូនដោយវះកាត់ ឬវះកាត់នៅស្បូនពីមុនមក អ្នកអាចនឹងប្រឈមខ្លាំង នឹងជំងឺសុកមិនធ្លាក់នេះ នៅពេលសម្រាលកូនលើកក្រោយ។ កត្តាប្រឈមមុខនេះនឹងកើនឡើង នៅពេលមានការវះកាត់ស្បូនកាន់តែច្រើន។

ទីតាំងរបស់សុកតាំងនៅ
បើសិនជាសុកកាច់សម្បុក គ្របលើមាត់ស្បូនតិចតួច ឬជិតតែម្តងនោះ ឬហៅថាសុកបាំងមាត់ស្បូន មានន័យថា អ្នកនឹងប្រឈមខ្ពស់ នឹងជំងឺសុកមិនធ្លាក់ហើយ។

អាយុម្តាយ
ជំងឺសុកធ្លាក់មិនអស់ ច្រើនតែកើតឡើងជាញឹកញាប់ លើស្ត្រីអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ។

ធ្លាប់សម្រាលកូនពីមុនមក
ការប្រឈមនឹងជំងឺសុកមិនធ្លាក់ នឹងកើនឡើងទៅតាម ចំនួនដងនៃការសម្រាលកូនរបស់អ្នក។

មានជំងឺនៅស្បូន
ការប្រឈមនឹងជំងឺសុក មិនធ្លាក់អស់នឹងមានខ្ពស់ បើសិនជាអ្នកមានភាពមិនធម្មតា ឬមានស្នាមសម្លាក នៅលើជាលិកាស្បូន។ ការមានដុំសាច់ស្លូតលូតលាស់នៅក្នុងស្បូន ក៏អាចប្រឈមនឹងសុក មិនធ្លាក់អស់ដែរ៕

ប្រភព៖ iknow

  • ស្ត្រី​ប្រភេទ​ណាខ្លះដែល​សម្រាលកូន​ហើយសុក​មិន​ធ្លាក់​អស់​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: