តុលាការបញ្ជាក់​​ថា​ ដីកា​ចាប់​ខ្លួន​​​លោក កឹម សុខា អនុប្រធាន​បក្ស​​​​​​ប្រឆាំង​​នឹង​ចេញ​​​​​​​ឆាប់ៗ​​​​នេះ​

មួយថ្ងៃបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចសម្រេចថា អាចចោទប្រកាន់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបាន ថ្វីបើលោកមានអភ័យឯកសិទ្ធិតំណាងរាស្ត្រក្តី មន្ត្រីតុលាការមួយរូបបាននិយាយកាលពីម្សិលមិញថា ដីកាចាប់ខ្លួននឹងចេញក្នុងពេលឆាប់ៗនេះ។

តុលាការបញ្ជាក់​​ថា​ ដីកា​ចាប់​ខ្លួន​​​លោក កឹម សុខា អនុប្រធាន​បក្ស​​​​​​ប្រឆាំង​​នឹង​ចេញ​​​​​​​ឆាប់ៗ​​​​នេះ​

លោក កឹម សុខា មិនបានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួនពីរលើកនៅពេលត្រូវបានកោះហៅឲ្យចូលបំភ្លឺក្នុងនាមជា “សាក្សី” ក្នុងសំណុំរឿងសញ្ចរកម្មប្រឆាំងស្រីកំណាន់របស់លោក។ កាលពីថ្ងៃច័ន្ទ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាទាំង៦៨រូបបានសម្រេចថាអវត្តមានរបស់លោកគឺស្មើនឹងប្រព្រឹត្តបទល្មើសជាក់ស្ដែង។

តំណាងរាស្ត្រដែលប្រព្រឹត្តបទល្មើសជាក់ស្ដែង មិនត្រូវបានការពារដោយអភ័យឯកសិទ្ធិរបស់ខ្លួនឡើយ ហើយនគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីសប្ដាហ៍មុនដោយអះអាងថាមានដីកាចាប់ខ្លួន។ ទោះជាយ៉ាងណា លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍កាលពីម្សិលមិញថា មិនទាន់មានការចេញដីកានៅឡើយទេ។

លោកបានថ្លែងថា “ព្រះរាជអាជ្ញាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ស៊ើបអង្កេតលើនីតិវិធីនៃសំណុំរឿង ទោះបីជាយើងនឹងចេញដីកាចាប់ខ្លួនក៏ដោយ”។

បច្ចុប្បន្នលោក កឹម សុខា កំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយលោកមិនបានបង្ហាញខ្លួនជាសាធារណៈទេចាប់តាំងពីកម្លាំងនគរបាលជាច្រើនបង្ហាញខ្លួននៅទីនោះ ហើយព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានសម្រេច។ គេមិនដឹងច្បាស់ពីមូលហេតុដែលនគរបាលមិនប៉ុនប៉ងបន្ថែមទៀតដើម្បីចាប់ខ្លួនលោក កឹម សុខា នោះទេ។

កាលពីថ្ងៃច័ន្ទ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មូលហេតុដែលនគរបាលមិនព្យាយាមចាប់ខ្លួនលោក កឹម សុខា ដោយសារតែខ្លួនមិនទាន់មានដីកាចាប់ខ្លួនពីតុលាការ។

កាលពីម្សិលមិញ លោក ខៀវ សុភ័គ បានបង្ហាញហេតុផលថា លោក កឹម សុខា មានសេរីភាពនៅឡើយដោយសារមានការគំរាមធ្វើមហាបាតុកម្ម ប្រសិនបើលោកត្រូវបានដាក់ពន្ធនាគារ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់ដែលបានបង្ហាញមុខកាលពីថ្ងៃច័ន្ទនៅទីស្នាក់ការកណ្ដាលរបស់គណបក្សដែលនគរបាលបានដាក់របាំងបិទផ្លូវធំពីខាងមុខ។

លោកបានលើកឡើងទៀតថា “ខ្ញុំគិតថា បើដីកាចេញមកខណៈស្ថានការណ៍អស្ថិរភាព អាចនឹងមានអំពើហិង្សា ឬការប៉ះទង្គិចគ្នាដូច្នេះនៅពេលរឿងនោះកើតឡើង តើរដ្ឋាភិបាលត្រូវធ្វើការឆ្លើយតប?”។

កាលពីថ្ងៃច័ន្ទ តំណាងរាស្ត្រគណបក្សប្រឆាំងមួយក្រុមបានព្យាយាមដឹកនាំអ្នកគាំទ្រទាំងនោះមកកាន់ព្រះបរមរាជវាំងដើម្បីថ្វាយញត្តិដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី សុំព្រះរាជអន្តរាគមន៍ក្នុងស្ថានភាពនយោបាយនេះ។ ដោយផ្លូវត្រូវនគរបាលបិទ ទីបំផុតពួកគាត់បានយល់ព្រមបញ្ជូនក្បួនរថយន្តតំណាងរាស្ត្រដើម្បីចេញដំណើរ។

ដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ លោក ហូរ វណ្ណ លោក ឡុង រី ក្នុងក្បួនរថយន្តដែលត្រូវបានគ្រប់គ្រងយ៉ាងស្អិត គណបក្សសង្គ្រោះជាតិបានប្រគល់ប្រអប់ដែលមានស្នាមផ្ដិតមេដៃ២០០.០០០នាក់មកពីទូទាំងប្រទេសដើម្បីស្នើសុំជំនួយពីព្រះមហាក្សត្រ។

កាលពីព្រឹកម្សិលមិញ គេហទំព័រ Fresh News ដែលជាញឹកញាប់សម្រាប់ផ្ទុកឯកសារផ្លូវការរបស់រដ្ឋាភិបាល បានចុះផ្សាយអត្ថបទមួយដែលលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃមិនបញ្ចេញឈ្មោះម្នាក់កំពុងស៊ើបអង្កេតការអះអាងថា ស្នាមផ្ដិតមេដៃជាច្រើនចេញពីមនុស្សដដែលៗ។

ដោយដាក់ចំណងជើងថា “គណបក្សសង្គ្រោះជាតិកំពុងឱបគ្រាប់បែកមួយគ្រាប់ទៀតជាប់នឹងដើមទ្រូង ត្រៀមតែនឹងផ្ទុះ” អត្ថបទនេះនិយាយថា មន្ត្រីគណបក្សប្រឆាំងអាចនឹងប្រឈមបទចោទប្រកាន់ផលិតឯកសារក្លែងក្លាយក្នុងបំណងបោកប្រាស់សាធារណជន និងធ្វើបាបព្រះមហាក្សត្រ។

ក្រោយមក គេហទំព័រនេះក៏បានបង្ហោះវីដេអូមួយដែលខ្លួននិយាយថាបានបង្ហាញពីការក្លែងស្នាមផ្ដិតមេដៃដែលកើតឡើងនៅកន្លែងមិនបញ្ជាក់មួយក្នុងខេត្តកណ្ដាល ប៉ុន្មានថ្ងៃមុនពេលគណបក្សសង្គ្រោះជាតិប្រមូលញត្តិបាននៅទូទាំងប្រទេស។

“ឈ្មោះបងប្អូនយើងក្នុងគ្រួសារដាក់ចូលឲ្យអស់ៗទៅ” នេះជាអ្វីដែលស្ត្រីម្នាក់និយាយក្នុងវីដេអូឃ្លីបរយៈពេល៣៥វិនាទី នៅពេលដៃរបស់មនុស្សម្នាក់សរសេរឈ្មោះជាប់នឹងស្នាមផ្ដិតមេដៃដែលមានរួចជាស្រេចនៅលើទំព័រក្រដាសនោះ។ ទោះជាយ៉ាងណា គេមើលមិនឃើញមុខ ឬលក្ខណៈសម្គាល់ផ្សេងទៀតឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា លោកមិនដឹងពីគម្រោងស៊ើបអង្កេតណាមួយនោះទេ ប៉ុន្តែថា អាចនឹងមានការស៊ើបអង្កេត។ “បើព្រះបរមរាជវាំងស្នើ ឬធ្វើសំណើមកយើងពាក់ព័ន្ធភាពមិនប្រក្រតីក្នុងស្នាមផ្ដិតមេដៃ យើងនឹងស៊ើបអង្កេត។ តាមទស្សនផ្ទាល់ខ្លួន ខ្ញុំយល់ឃើញគឺថា ទទួលបានពីមនុស្ស ២០០.០០០នាក់វាមិនអាចទៅរួចទេ”។

ព្រះបរមរាជវាំងត្រូវបានគ្រប់គ្រងយ៉ាងស្អិតដោយលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាអ្នកគាំទ្រស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្នុងទសវត្សរ៍ឆ្នាំ១៨៨០។ លោក អ៊ុំ ដារាវុធ ទីប្រឹក្សារាជវង្សានុវង្សបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញករណីនេះកាលពីម្សិលមិញ។

ក្នុងសុន្ទរកថាថ្លែងទៅកាន់អ្នកគាំទ្រនៅខាងមុខទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីពេលរសៀល លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រើការគំរាមស៊ើបអង្កេតដើម្បីបន្តការគំរាមធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង។

លោកបានមានប្រសាសន៍ថា ”ខ្ញុំឃើញមានព័ត៌មានស្ដីពីភាពមិនប្រក្រតីក្នុងស្នាមផ្ដិតមេដៃ។ បើមានភាពមិនប្រក្រតី សូមប្រជាពលរដ្ឋទាំងអស់នោះទៅខាងមុខព្រះបរមរាជវាំងដើម្បីមើលថា តើស្នាមផ្ដិតមេដៃទាំងនោះជារបស់ពួកគាត់ ឬមិនមែន”៕

ប្រភពៈ ខេមបូឌា ដេលី