លោក លី ធុជ៖ នាយករដ្ឋមន្រ្តីដាក់បទបញ្ជាថា ឲ្យតែរាស្រ្តមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ត្រូវដោះស្រាយឲ្យរាស្រ្តឈ្នះ

(រតនគិរី)៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនៈគិរី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់បទបញ្ជាហើយថា ឲ្យតែប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចនៅទីណាក៏ដោយ គឺត្រូវដោះស្រាយឲ្យប្រជាពលរដ្ឋឈ្នះ ដែលនេះគឺជាការគិតគូ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំប្រទេស។

លោក លី ធុជ៖ នាយករដ្ឋមន្រ្តីដាក់បទបញ្ជាថា ឲ្យតែរាស្រ្តមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ត្រូវដោះស្រាយឲ្យរាស្រ្តឈ្នះ

ការលើកឡើងខាងលើនេះ បានធ្វើឡើង ខណ:ដែលលោក លី ធុជ នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារថ្នាក់ជាតិ សហការជាមួយអាជ្ញាធរខេត្តរតនគិរី បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងមន្រ្តីជាមួយមន្រ្តីរាជការ នៅក្នុងស្រុកតាវែង និងស្រុកអណ្តូងមាស ខេត្តរតនគិរី។

នៅក្នុងអង្គវេទិកាលោក លី ធុជ បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ឲ្យដឹងថា «សព្វថ្ងៃតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជាពិសេស បញ្ហាជំលោះដីធ្លី ដែលបងប្អូនកំពុងតែជួបប្រទះ ដោយសមេ្តចនាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាយ៉ាងមឺុងម៉ាត់ថា ប្រសិនបើប្រជាពលរដ្ឋ មានបញ្ហាជាមួយក្រុមហ៊ុនដីសម្បាទាន ត្រូវតែដោះស្រាយឲ្យប្រជាពលរដ្ឋឈ្នះ»

បើតាមលោក លី ធុជ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើកំណែទម្រង់យ៉ាងសីុជម្រៅ ដូចជា ការកែសម្រួលកាំប្រាក់ ការតម្លើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនដល់មន្រ្តីរាជការ យ៉ាងច្រើនទៅតាមកំណើន សេដ្ឋកិច្ចរបស់ជាតិយើង។

ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំយ៉ាងខ្លាំងក្នុងការដឹកនាំ និងធ្វើយ៉ាងណាឲ្យប្រទេសរបស់យើងឲ្យមានស្ថេរភាព ដើម្បីទាក់ទាញអ្នកវិនិយោគ មករកសីុនៅកម្ពុជាយើង និងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស សម្តេចខិតខំស្វែងរកទីផ្សារកសិកម្មជូនដល់បងប្អូនប្រជាពលរដ្ឋ និងការប្រមូលពន្ធផ្សេងៗឲ្យបានច្រើន សំរាប់ទុកបើកប្រាក់ខែជូនមន្រ្តីរាជការយើងទាំងអស់។

ជាចុងបញ្ចប់លោក លី ធុជ ស្នើសុំឲ្យមន្រ្តីរាជការ ទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយ និងខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសំណើររបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ត្រូវយកអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ទៅអនុវត្តន៍ឲ្យបានខ្ចាប់ខ្ជួន ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានទំនុកចិត្តលើការដឹកនាំរបស់យើង ជាពិសេស អាជ្ញាធរត្រូវមានគោលជំហរ ឲ្យបានរឹងមាំ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ត្រូវដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៕

លោក លី ធុជ៖ នាយករដ្ឋមន្រ្តីដាក់បទបញ្ជាថា ឲ្យតែរាស្រ្តមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ត្រូវដោះស្រាយឲ្យរាស្រ្តឈ្នះ

ប្រភពៈ freshnewsasia