ក្រសួង​វប្បធម៌​ប្រាប់​គោលការណ៍ យូនីស្កូ ក្រោយ​ថៃ​ប្រកាស​ដាក់​ល្ខោន Khon ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី

ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួង​វប្បធម៌​បាន​ឱ្យ​ដឹង​ថា មិន​មែន​គ្រប់​សំណើ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព សុទ្ធ​តែ​ត្រូវ​បាន​អង្គការ យូនីស្កូ ទទួល​យក​ទេ។ ជាក់​ស្ដែង​សំណើ​របស់​ថៃ​ដាក់​ល្ខោន Khon មាន​ទម្រង់​ដូច​ល្ខោន​ខោល​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​អរូបី​ក៏​ដូច​គ្នា​ដែរ។ ប្រសិន​បើ​ភាគី​ប្រទេស​កម្ពុជា​ ឬ​ប្រទេស​ណា​មួយ​​លើ​ពិភព​លោក​មាន​ការ​ជំទាស់ អង្គការ​​នឹង​ពិចារណា​ចំពោះ​សំណើ​​របស់​ថៃ​មិន​ខាន​។

 

ក្រសួង​វប្បធម៌​ប្រាប់​គោលការណ៍ យូនីស្កូ ក្រោយ​ថៃ​ប្រកាស​ដាក់​ល្ខោន Khon ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបីឯកឧត្ដម ថៃ នរៈសត្យា  រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌

 

“បើ​ប្រទេស​ថៃ​និយាយ​ថា ល្ខោន​នេះ​វា​កកើត​ឡើង​នៅ​ក្នុង​សម័យ​អយុធ្យា​មែន វា​កាន់​តែ​ជា​ទឡ្ហីករណ៍​មួយ​បង្ហាញ​ពី​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ប្រវត្តិសាស្ត្រ​ថែម​ទៀត​ផង អញ្ចឹង​ យូនីស្កូ គេ​អាច​ពិចារណា​បាន​ហើយ”។ លោក ថៃ នរៈសត្យា ថ្លែង​មក​កាន់ Sabay ។

 

លោក​អះអាង​ថា ក្រសួង​វប្បធម៌​នៅ​តែ​ប្រកាន់​តួនាទី​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ ដោយ​មិន​ព្រងើយកន្តើយ​ចំពោះ​រឿង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេតិកភណ្ឌ​របស់​ជាតិ​ឡើយ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ដោយ​សារ​តែ​ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​សំណើ​របស់​ថៃ​ជា​ផ្លូវ​ការ ទើប​ក្រសួង​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​នៅ​ឡើយ។

 

លោក​បន្ត​ថា ក្រសួង​វប្បធម៌​កម្ពុជា ត្រូវ​ប្រជុំ​ក្នុង​ជូរ​ថ្នាក់​ដឹក​នាំ​ទាំង​អស់ ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​នេះ ឬ​អាច​ឆ្លង​ដល់​អន្តរ​ក្រសួង​បន្ថែម​ទៀត​ផង ប្រសិន​បើ​មាន​ភាព​ចាំបាច់​នោះ។

 

ក្រសួង​វប្បធម៌​ប្រាប់​គោលការណ៍ យូនីស្កូ ក្រោយ​ថៃ​ប្រកាស​ដាក់​ល្ខោន Khon ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបីល្ខោន​ខោល​របស់​កម្ពុជា

ឯកឧត្ដម ថៃ នរៈសត្យា បាន​បន្ថែម​ថា នាយកដ្ឋាន​ស្រាវ​ជ្រាវ​បច្ចេកទេស​វប្បធម៌​មាន​ឯកសារ​តម្កល់​គ្រប់គ្រាន់​ទាក់ទង​ទៅ​នឹង​ល្ខោន​ខោល​របស់​ខ្មែរ។ ប៉ុន្តែ​ភាព​យឺតយ៉ាវ​ដាក់​សំណើ​ទៅ​អង្គការ យូនីស្កូ ក៏​ដោយ​សារ​កម្ពុជា​កំពុង​ដំណើរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សម្បូរ​ព្រៃគប់ ក៏​ដូច​ជា​ប្រាសាទ​នានា​ជា​ច្រើន​ទៀត និង​ភ្លេង​អារក្ស​ និង​ចាប៉ី​ដង​វែង​ជា​ដើម។

 

លោក​បន្ត​ថា៖”ក្រសួង​ធ្វើ​ជា​អាទិភាព​ចំពោះ​របស់​ណា​ដែល​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ច្រើន​ជាង​គេ ចំពោះ​ល្ខោន​ខោល កំពុង​តែ​មាន​និរន្តរភាព។ ប៉ុន្តែ​បើ​ថៃ​គេ​ដាក់​អញ្ចឹង​ក្រសួង​យើង​ត្រូវ​ការ​ពារ​បេតិកភណ្ឌ​យើង​ដែរ”៕

 

 

ក្រសួង​វប្បធម៌​ប្រាប់​គោលការណ៍ យូនីស្កូ ក្រោយ​ថៃ​ប្រកាស​ដាក់​ល្ខោន Khon ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបីល្ខោន Khon របស់​ប្រទេស​ថៃ

 

អត្ថបទ៖ សំ ជំនាញ