មិត្តភក្ដិ​បង្អាប់​ចុះឡើង​ៗ សម្រេចចិត្ត​ឈប់​រៀន

មិត្តភក្ដិ​បង្អាប់​ចុះឡើង​ៗ សម្រេចចិត្ត​ឈប់​រៀន



ខេត្ត​ប៉ៃលិន ៖ ដោយសារ​ការ​និយាយ​បង្អាប់​លេងសើច​របស់​មិត្តភក្តិ​រួម​ថ្នាក់ច្រើនលើកច្រើនសារ ធ្វើ​ឱ្យ​ក្មេង​ប្រុសឈ្មោះ គឹ​ម ម៉ៅ ​ចុះចាញ់នឹងពាក្យសម្តី ថែមទាំងគិត​ខ្លី​រហូត​ឈាន​ដល់​ការ​បោះបង់​ការ​សិក្សា​ទាំង​នៅ​វ័យក្មេង ខណៈ​រូបគេ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ។

​ជារៀងរាល់ថ្ងៃ គឹ​ម ម៉ៅ ​តែងតែ​ដើរ​ពី​ផ្ទះ​ទៅ​សាលារៀន​ ក្នុងចម្ងាយ​ជាង​២​គីឡូម៉ែត្រ ។ លុះ​ទៅ​ដល់​សាលា​ចូល​ក្នុងថ្នាក់រៀន​ក្រោយ​គេ ត្រូវ​មិត្តភក្តិ​បង្អាប់​ចុះឡើង​ៗ ​ធ្វើឲ្យខ្មាស​គេ​ហើយក៏​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៥​គួរ​ឱ្យ​សោកស្ដាយបំផុត ។

ក្មេង​ប្រុស គឹ​ម ម៉ៅ ​ដែល​ខ្មាស​គេ​ហើយ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៥​នេះ មានអាយុ​១៥​ឆ្នាំ មាន​បងប្អូន​៤​នាក់ រូបគេ​ជា​កូនច្បង មាន​ឪពុក​ឈ្មោះ អូន អាយុ​៤២​ឆ្នាំ ម្តាយ​ឈ្មោះ ដា អាយុ​៣៥​ឆ្នាំ ជា​អ្នក​ដើរ​ទិញ​អេ​ត​ចាយ តែ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​ក្មេង​ប្រុស​រូប​នេះ​និយាយ​ថា រូបគេ​បាន​ឈប់​រៀន​អស់​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ ព្រោះតែ​មិត្តភក្តិ​បង្អាប់​ថា​ទៅ​រៀន​យឺត​ដោយសារ​តែ​នៅ​សម្ងំ​ជក់​គ្រឿងញៀន ។ ជា​រៀង​រាល់​ព្រឹក រូបគេ​តែងតែ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ព្រោះ​គ្មាន​កង់​ជិះ​ទៅ​រៀន​នឹង​គេ ហើយ​ពេល​ទៅ​ដល់​ម្តង​ៗ​ មិត្តភក្តិ​នាំ​គ្នា​ស្រែក​ចំអក​ថា ជន​ញៀន​នឹង​ថ្នាំ​ញៀន ទើប​ទ្រាំ​នឹង​សម្តី​ពួក​គេ​មិន​បាន​ក៏​សម្រេចចិត្ត​ឈប់​រៀន​តែ​ម្តង​ទៅ ។

ក្មេង​ប្រុស​រូប​នេះ​និយាយ​ទៀត​ថា រូបគេ​កំព្រា​ឪពុក​តាំងពី​តូច​មក​ម្ល៉េះ ដោយ​ឪពុក​ម្តាយ​លែងលះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ រាល់ថ្ងៃ​រូបគេ​រស់នៅ​ជាមួយ​ម្តាយមីង រីឯ​ប្អូនប្រុស​ចំនួន​៣​នាក់​ទៀត រស់នៅ​ជាមួយ​ម្តាយ ដើរ​ទិញ​អេ​ត​ចាយ​លក់​យក​លុយ​មក​ទិញ​អង្ករ ។ ដូច្នេះ​ហើយ ធ្វើ​ឱ្យ​ការ​រៀនសូត្រ​មានការ​លំបាក ត្រូវ​ដើរទៅ​រៀន​តាំងពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​៥ នៅ​សាលា​បឋម​សិក្សា​ប៉ា​ហ៊ី ។

ម្យ៉ាងទៀត ទើប​ធ្វើ​ឱ្យ​រូបរាង​ស្គមស្គាំង​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ លុះ​មិត្តភក្តិ​ និង​តា​យាយ​ចេះ​តែ​បង្អាប់​ចុះឡើង​ៗ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ខ្មាស​អៀន ក៏​បោះបង់​ការ​សិក្សា​ទាំង​ចិត្ត​នៅ​នឹក​អាល័យ​លោកគ្រូ​អ្នកគ្រូ និង​មិត្តភក្តិ​ដទៃ​ទៀត ។ ជា​ពិសេស​អ្វីដែល​រូបគេ​ត្រូវ​ប៉ង​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម​ ក៏​សូន្យ​បាត់​ដែរ ដោយពេល​នេះ​រូបគេ​ទៅ​ជួយ​ធ្វើ​ការងារ​នៅផ្ទះ​លោកតា​បង្កើត​របស់​ខ្លួន ជួយ​ជញ្ជូន​សាច់​គោ​ចេញពី​ស្តង់ ​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​រាល់​ព្រឹក ។

ការ​បង្អាប់​បន្តុះ​ដែល​ធ្វើ​ឱ្យ​សាមីខ្លួន​មានការ​ខ្លាចរអា​ និង​ខ្មាស​អៀន​ដូច្នេះ សូមកុំ​ធ្វើ​ដល់​អ្នក​ដទៃ​ឡើយ បើ​យក​ល្អ​គួរតែ​លើកទឹកចិត្ត​ និង​កោតសរសើរ​ចំពោះ​ការ​រៀនសូត្រ​ដែល​ក្មេង​ប្រុស​រូប​នេះ​ខំប្រឹង​រៀន​ទើប​ប្រសើរ​ជាង ។
តើជីវិតរបស់ក្មេងប្រុសកម្សត់ម្នាក់នេះ អនាគតនឹងទៅជាយ៉ាងណា?