Gunze Sports បន្ថែមឱកាសប្រកួតប្រជែងដល់ក្រុមហែលទឹកកម្ពុជា

ក្រុមហ៊ុនផលិតសម្ភារកីឡា Gunze Sports បានបន្ថែមឱកាសប្រកួតប្រជែងថ្មីមួយទៀតដល់ក្រុមហែលទឹកកម្ពុជា តាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ចំនួន៣០០០ដុល្លារ ដើម្បីបន្តរៀបចំឲ្យមានការប្រកួតហែលទឹក ដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ប្រចាំឆ្នាំ២០១៦ ដែលនឹងត្រូវធ្វើឡើងពេញមួយថ្ងៃ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
mm3

នៅក្នុងសន្និសីទកាសែត ដែលបានធ្វើឡើងនៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារ ម្សិលមិញ ម្ចាស់ឧបត្ថម្ភ Gunze Sports រួមជាមួយដៃគូសហការ Foot Mark និងភេសជ្ជៈ Pocari Sweat សុទ្ធតែបានបង្ហាញពីភាពសប្បាយរីករាយ ក្នុងការចូលរួមឧតម្ភ ព្រោះការបង្កើតឲ្យមានការប្រកួតនេះ វាមិនត្រឹមតែបានរំឭកដល់វីរៈភាពរបស់ព្រឹទ្ធាចារ្យ ហែម ថុន ជាស្ថាបនិកដ៏សំខាន់ខាងកីឡាហែលទឹក កាលលោកនៅរស់ប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឲ្យអត្តពលិកហែលទឹកកម្ពុជា បានប្រកួតប្រជែងគ្នា ដើម្បីពង្រឹងសមត្ថភាពផងដែរ។

mm1

លោក Hideo Sato ប្រធានក្រុមហ៊ុន Gunze Sports បានថ្លែងក្នុងសន្និសីទកាសែតនោះថា លោកនឹងជួយរៀបចំការប្រកួតហែលទឹកនេះឲ្យមានសកម្មភាពបានជាប្រចាំឆ្នាំ នៅក្រុមហ៊ុនផលិតសម្ភារៈកីឡា Gune Sports របស់លោកបានចាប់ផ្ដើមបើកពេញលេញ ចាប់ពីឆ្នាំ២០១៨ទៅ ហើយក្រុមហ៊ុនលោក ក៏មានគម្រោងនាំអ្នកជំនាញហែលទឹកជប៉ុនមកជួយបណ្តុះបណ្តាលអត្តពលិកហែលទឹកកម្ពុជា និងចូលរួមប្រកួតនៅកម្ពុជា ផងដែរ។

mm2

បើតាម លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានឲ្យដឹងថា ការប្រកួតនេះមានកីឡាករ កីឡាការិនីចូលរួមមានចំនួន១០៥នាក់ ដោយពួកគេលេងតំណាងឲ្យក្លិបចំនួន៨រួមមានក្លិបព្រឹទ្ធាចារ្យហែមថុន ក្រសួងមហាផ្ទៃ អង្គការមិត្តសម្លាញ់ ក្លិបអារុណរះ ក្លិបជ្រោយចង្វារ ក្លិបនាគរាជខេត្តកំពង់ចាម ក្លិបអង្គការបេះដូងតូច និងក្លិប I Can នៅរាជធានីភ្នំពេញ។

អ្នកទាំងនេះ នឹងត្រូវប្រកួតប្រជែងគ្នានៅលើវិញ្ញាសាចំនួន៣០ ដែលមានហែលចាប់ពីចម្ងាយ៥០ម៉ែត្រ ដល់២០០ម៉ែត្រ គិតទៅតាមប្រភេទអាយុ គឺក្រុមអាយុពី៩ដល់១១ឆ្នាំ ក្រុមអាយុពី១២ដល់១៤ឆ្នាំ ក្រុមអាយុពី១៥ដល់១៨ឆ្នាំ និងការប្រកួតសម្រាប់ក្រុមជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតលក្ខណៈអន្តរជាតិនានា ប៉ុន្តែការប្រកួតនេះគ្មានការចូលរួមពីក្រុមជនពិការនោះទេ៕