យោធិន​ចូល​និវត្តន៍​នៅ​ស្រុក​បវេល​បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ផ្ដល់​ព័ត៌មាន​គ្មាន​ដី​ដាំដុះ

មន្ត្រី​យោធិន​ចូល​និវត្តន៍​មួយ​គ្រួសារ​ដែល​រដ្ឋាភិបាល​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ការ​ព្រួយ​បារម្ភ​​នេះ​ បន្ទាប់​ពី​រូប​គាត់​​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី រៀបរាប់​ពី​ទុក្ខ​លំបាក​ដោយសារ​គ្មាន​ដី​ដាំ​ដុះ ហើយ​ត្រូវ​បាន​​​មេ​ឃុំ​​បឹងប្រាំ សួរ​នាំ​រក​ឈ្មោះ​អង្គភាព​​ដោយ​សំអាង​មាន​បញ្ជា​ពី​​មន្ត្រី​ថ្នាក់​លើ។ ប៉ុន្តែ​មេ​ឃុំ​បឹងប្រាំ បញ្ជាក់​ថា ការ​សួរ​នាំ​នេះ​ក្នុង​ន័យ​ល្អ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​របស់​យោធិន​ចូល​និវត្តន៍​ទេ។

​​​​​​មន្ត្រី​យោធិន​ចូល​និវត្តន៍​នៅ​ស្រុក​បវេល​ ខែត្រ​បាត់ដំបង លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​គួរ​ទូរស័ព្ទ​មក​​សួរនាំ​រក​ឈ្មោះ​អង្គភាព​របស់​​រូប​គាត់​បែប​នេះ​ឡើយ។

មន្ត្រី​យោធិន​ចូល​និវត្តន៍​នៅ​ឃុំ​បឹងប្រាំ​​ម្នាក់ គឺ​ លោក ម៉ុង សាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា ក្រោយ​ពី​វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ព័ត៌មាន​ ដែល​រូប​គាត់​បាន​ផ្ដល់​បទសម្ភាសន៍​ពាក់ព័ន្ធ​នឹង​រឿង​មន្ត្រី​យោធិន​ប្រមាណ ២៥០​គ្រួសារ​នៅ​ឃុំ​បឹងប្រាំ មាន​ជីវភាព​ខ្វះខាត​ដោយសារ​គ្មាន​ដី​ដាំដុះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា មេ​ឃុំ​បឹងប្រាំ ឈ្មោះ​ ឈា នី​ បាន​ទូរស័ព្ទ​មក​សួរ​រក​ឈ្មោះ​អង្គភាព​យោធា​ដែល​លោក​ធ្លាប់​បម្រើ​ការងារ។

លោក​អះអាង​ថា​ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​គ្រួសារ​របស់​លោក​មាន​ការ​​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​​យ៉ាង​ខ្លាំង៖ «បាទ! ព្រោះ​អី​​នៅ​ក្បែរ​​ផ្ទះ​ខ្ញុំ​មាន​តែ​ពលរដ្ឋ​រស់​នៅ ៣​គ្រួសារ​ទេ ​​ផុត​ពី​នេះ​មាន​តែ​អ្នក​រស់​នៅ​ឆ្ងាយៗ។ ម្យ៉ាង​ទៀត​អាជ្ញាធរ​សួរ​តែ​គ្រួសារ​ខ្ញុំ ហើយ​មិន​បាន​សួរ​គ្រួសារ​ផ្សេង​​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មេឃុំ​បឹងប្រាំ លោក ឈា នី មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ទូរស័ព្ទ​សាកសួរ​រក​​ឈ្មោះ​អង្គភាព​របស់​មន្ត្រី​យោធិន​ចូល​និវត្តន៍​ប្រាកដ​មែន។ ប៉ុន្តែ​លោក​អះអាង​ថា ការ​សួរ​នាំ​នេះ​ធ្វើ​ឡើង​តាម​សំណូម​ពរ​របស់​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​រូប ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា ឈ្មោះ​អ្វី​នោះ​ទេ ដោយ​ឲ្យ​លោក​សួរ​នាំ​ដើម្បី​ចង់​ដឹង​អំពី​​មូលហេតុ​​ដែល​​អង្គភាព​ដើម​របស់​មន្ត្រី​យោធិន​យក​រូប​គេ​ទៅ​ទុក​ចោល​ឲ្យ​​ជួប​ការ​លំបាក​នោះ៖ «អត់​មាន​អី​ទេ! ការ​សាកសួរ​ដោយ​មន្ត្រី​ថ្នាក់​លើ​លឺ​គាត់​សម្ភាសន៍​ថា និវត្តជន​នៅ​ឃុំ​បឹងប្រាំ ហាក់​បី​ដូច​ជា​យក​គាត់​មក​ទុក​ចោល មិន​គិតគូរ​ប្រព័ន្ធ​ទឹក ផ្លូវ ភ្លើង សាលារៀន និង​មន្ទីរពេទ្យ​ជា​ដើម​ អ៊ីចឹង​ទៅ​បាន​ជា​ខាង​អគ្គសេនាធិការ​គាត់​សួរ​មក​ខ្ញុំ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​សួរ​រក​ឈ្មោះ​អង្គភាព​មន្ត្រី​យោធិន​ជើង​ចាស់​បែប​នេះ អាច​ក្នុង​បំណង ២​ករណី។ ទី​១ អាច​ជា​ការ​សាកសួរ​ដើម្បី​ជួយ​ដោះស្រាយ​ដល់​ការ​រស់​នៅ​របស់​មន្ត្រី​យោធិន និង​ជា​ការ​សាកសួរ ដើម្បី​បំភិតបំភ័យ​ ប្រសិន​បើ​ការ​សួរនាំ​នោះ​មាន​បង្កប់​​អត្ថន័យ​​ផ្សេង៖ «ខ្ញុំ​គិត​ថា ការ​សាកសួរ​នេះ​មាន​តែ​ខ្លួន​ផ្ទាល់​ទេ​ដឹង​ថា ទំហំ​នៃ​ការ​គំរាម​កំហែង​នេះ​កម្រិត​ណា? បើ​សិន​ជា​ធ្ងន់ធ្ងរ​គាត់​អាច​ស្វះស្វែង​រក​ការ​ជួយ​ពី​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ផ្សេងៗ»

​​​​​​​​​​​មន្ត្រី​យោធិន​ចូល​និវត្តន៍​ ​ដែល​រដ្ឋាភិបាល​កាត់​រំសាយ ហើយ​បញ្ជូន​ពួកគាត់​ឲ្យ​ទៅ​រស់​នៅ​ឃុំ​បឹងប្រាំ ប្រមាណ ២៥០​គ្រួសារ ទទួល​បាន​​​ផ្ទះ​ឲ្យ​មួយ​ខ្នង និង​ដី​ភូមិ​​ទទឹង ៣០​ម៉ែត្រ​ និង​បណ្ដោយ ៤០​ម៉ែត្រ។មន្ត្រី​យោធិន​​អះអាង​ថា កន្លង​មក​មន្ត្រី​​រដ្ឋាភិបាល​សន្យា​ថា​ នឹង​ចែក​ដី​ស្រែ​ជូន​ពួកគាត់ ២​ហិកតារ​ក្នុង​មួយ​គ្រួសារ​ថែម​ទៀត ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​ដី​មួយ​ម៉ែត្រ​ក្រឡា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។