អង្គរក្ស​ចៅហ្វាយ​ខេត្ត​កោះកុង ដក​កាំភ្លើង​បាញ់​ ផ្អើល​ហាង​ខារ៉ាអូខេ អេ​ច​ស្តា​

អង្គរក្ស​ចៅហ្វាយ​ខេត្ត​កោះកុង ដក​កាំភ្លើង​បាញ់​ ផ្អើល​ហាង​ខារ៉ាអូខេ អេ​ច​ស្តា​



កោះកុង ៖ មានការ​ភ្ញាក់ផ្អើល​មួយបាន​កើត​ឡើង កាលពី​យប់​ថ្ងៃទី ៣០ ខែឧសភា កន្លងទៅនេះ ក្រោយពី​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​អង្គរក្ស​របស់​ចៅហ្វាយ​ខេត្តកោះកុង បាន​ដក​កាំភ្លើង​បាញ់ នៅក្នុង​បន្ទប់​លេខ៨ នៃ​ហាង​ខារ៉ាអូខេ អេ​ច​ស្តា ស្ថិត​ក្នុងភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ក្រោយ​មាន​ទំនាស់​ពាក្យសម្តី​។​

​តាម​បុរស​ម្នាក់​ឈ្មោះ ប្រាក់ រី​ម ដែល​អះអាងថា ជា​ជនរងគ្រោះ និង​មាន​តួនាទី​ជា​ប៉ូលិស​អន្តរាគមន៍ នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ថ្លែងថា នៅ​ថ្ងៃកើតហេតុ ខ្លួន​បាន​ផឹកស៊ី នៅផ្ទះ​មិត្តភក្តិ ក្រោយមក​មិត្តភក្តិ​ខ្លួន ក៏បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ ផាវ ឆ​វ័​ន្ត ដែលជា​អង្គរក្ស​លោក​អភិបាលខេត្ត ដោយ​បបួល​ទៅ​ផឹក​បន្ត​នៅ​ហាង​ខារ៉ាអូខេ អេ​ច​ស្តា ។ លុះ​ពេល​គិតលុយ ស្រាប់តែ​ពួកគេ​ទាស់សម្តី​គ្នា បន្ទាប់មក​ឈ្មោះ ផាវ ឆ​វ័​ន្ត ក៏បាន​ដក​កាំភ្លើង​ភ្ជង់​ក្បាល​របស់​ខ្លួន ហើយ​ពេលនោះ ក៏ត្រូវ​មិត្តភក្តិ​ផ្សេងទៀត​មកឃាត់ ទើប​ឈ្មោះ​ផាវ ឆ​វ័​ន្ត នោះ​ស្រែកថា​៖ «​អញ​បាញ់​ឯង​ឲ្យ​ងាប់​» បន្ទាប់មក​ឈ្មោះ ផាវ ឆ​វ័​ន្ត ក៏បាន​បាញ់​មួយ​គ្រាប់​ចំ​តុ បណ្តាល​ឲ្យ​ធ្លុះ​តុ រួច​ក៏​ចេញ​ក្រៅ​ឡើង​ជិះ​ម៉ូតូ​ទៅ​បាត់​។​

​បន្ទាប់មក​ខ្លួន​ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ឲ្យ​ដោះស្រាយ​តាម​នីតិវិធី​។

តែ​យ៉ាងណាក៏ដោយ បើតាម​ប្រភពពី​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ថា ករណីនេះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការហើយ ​ប៉ុន្តែ​គេក៏បាន​ដោះស្រាយ​គ្នា​ ក្រៅ​ផ្លូវ​តុលាការហើយ​អស់​ដែរ ដើម្បី​បញ្ចប់​សំណុំ​រឿងនេះ​៕