ចោរលួច​គោ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុងប៉ៃលិន​ឃាត់ខ្លួន​

ចោរលួច​គោ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុងប៉ៃលិន​ឃាត់ខ្លួន​



​ប៉ៃលិន ​៖ ជនសង្ស័យ​ម្នាក់ ដែល​ជា​ចោរលួច​គោដ៏​សកម្ម​ ត្រូវ​បាន​កម្លាំង​នគរបាលក្រុងប៉ៃលិន ធ្វើ​ការ​ឃាត់ខ្លួន បន្ទាប់ពី​លួច​សម្លាប់​គោ ដោយ​វះ​យក​សាច់​ភ្លៅ​ខាងស្តាំ​មួយ​ចំហៀង​យក​ទៅ​បាត់ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

ជនសង្ស័យ ​ឈ្មោះ កប វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​ដឹកគោ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

ប្រភព​ព័ត៌មាន​ពី​នគរបាល ​ក្រុងប៉ៃលិន​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្ដឹង ពី​ម្ចាស់​គោ ឈ្មោះ ទឹម ប៊ុន​ថា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​រួចមក កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៃ​អធិការ​ក្រុងប៉ៃលិន បាន​បើក​ការស្រាវជ្រាវ​ តាម​រក​ជនសង្ស័យ ព្រមទាំង​មាន​សាក្សី​ចង្អុលបង្ហាញ​ផង​នោះ កម្លាំង​យើង​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ឈ្មោះ កប វ​ណ្ណះ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​ដឹកគោ​ឲ្យ​គេ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ក្រោយពី​ឃាត់ខ្លួន​រួច សមត្ថកិច្ច​បាន​សាកសួរ​ ពេល​នោះ​ជនសង្ស័​យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​សត្វ​គោ​នោះ និង​វះ​យក​សាច់ភ្លៅ​ពិតប្រាកដ​មែន​។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​គុម្ពោត​ព្រៃ​ខាងក្រោយ អធិការ​ក្រុងប៉ៃលិន ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ក្នុងភូមិ​អូរ​តា ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន មាន​ករណី​ចោរលួច​សម្លាប់​គោ ហើយ​វះ​យកភ្លៅ​ខាងស្តាំ​មួយ​ចំហៀង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​ម្ចាស់​គោ​ ឈ្មោះ​ ទឹម ប៊ុន​ថា​ន ហៅ​ចក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​កាប់​គោ​លក់ មាន​ប្រពន្ធ​ ឈ្មោះ ឈ្មោះ​ដន រតនា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ដាក់​ពាក្យបណ្ដឹង ទៅ​នគរបាល​កាលពី​រសៀល​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦ កន្ល​ង​ទៅ​នេះ ដើម្បី​ឲ្យ​​ចាត់ការ​លើ​ជនសង្ស័យ​ផង​ដែរ​។

បច្ចុប្បន្ន សមត្ថកិច្ច​នៃ​អធិការ​ក្រុងប៉ៃលិន កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ ខេត្ត ដើម្បី​ចាត់​ការ​បន្ត​៕

ចោរលួច​គោ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុងប៉ៃលិន​ឃាត់ខ្លួន​