លោក ​ឌិ​ត ទី​ណា៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​សំណង់​ទាំងអស់ ត្រូវគោរព​ច្បាប់ និង​ជួយ​អភិវឌ្ឍ​ដល់​មូលដ្ឋាន ដែល​ខ្លួន​ធ្វើ​អាជីវកម្ម​

លោក ​ឌិ​ត ទី​ណា៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​សំណង់​ទាំងអស់ ត្រូវគោរព​ច្បាប់ និង​ជួយ​អភិវឌ្ឍ​ដល់​មូលដ្ឋាន ដែល​ខ្លួន​ធ្វើ​អាជីវកម្ម​



ភ្នំពេញ​៖ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ តំណាង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​សំណង់​ទាំងអស់ ត្រូវគោរព​ច្បាប់ និង​ជួយ​អភិវឌ្ឍ​ដល់​មូលដ្ឋាន ដែល​ខ្លួន​ធ្វើ​អាជីវកម្ម។

លោក ឌិ​ត ទីណា បាន​មានប្រសាសន៍​បែបនេះ នៅ​ក្នុង​វេទិកា​សាធារណៈ​ពិគ្រោះ​យោបល់ ​អំពីការស្នើសុំ​ធ្វើ​អាជីវកម្ម​ថ្ម​សំណង់ នៅ​តំបន់ភ្នំ​ខ្សាក ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៦ នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៧០០ នាក់។

ពិធី​នេះ​ផ្តោត​សំខាន់​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​ក្តី​កង្វល់ និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ មុននឹង​ក្រសួង​រ៉ែ និង​ថាមពល ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ថ្ម​សំណង់ ជូន​ក្រុមហ៊ុន ហុង ហ្វុ​ង អ៊ិន​ដា​ស្ទ្រី ខ​ប​ភើ​រេ​សិន អិ​ល​ធី​ឌី ដែល​បាន​ដាក់​ពាក្យសុំ​ធ្វើ​អាជីវកម្ម​ថ្ម​សំណង់ នៅ​តំបន់​ខាងលើ។

នាឱកាស​នោះ លោក ឌិ​តទី​ណា ក៏បាន​ជម្រាប​ជូន​អង្គ​វេទិកា​ថា ជា​លក្ខណៈ​ផ្លូវច្បាប់ ធនធានធម្ម​ជាតិ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ និង​ធ្វើការ​អភិវឌ្ឍ ទៅតាម​ច្បាប់​កំណត់ ហើយ​ថ្ងៃនេះ មុននឹង​ក្រសួង​រ៉ែ និង​ថាមពល ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជូន​ក្រុមហ៊ុន គឺ​ក្រសួង​បាន​រៀបចំ​វេទិកា​នេះ​ឡើង ដើម្បី​សុំ​មតិយោបល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​ថ្ម​សំណង់ នៅ​ភ្នំ​ខ្សាក​នេះ។

លោក​បន្ថែម​ថា ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​រួចហើយ ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​រួចហើយ​ដែរ ហើយ​អ្វី ដែល​ទទួល​បាន​ផល​ពី​ការ​ធ្វើ​អាជីវ​កម្ម​នេះ គឺ​ចំណូល​ថវិកាជាតិ ចំណូល​ថវិកា​សម្រាប់​ស​ហគ​មន៍​មូលដ្ឋាន និង​ជួយ​សម្រួល​ដល់​ការស្ថាបនា​ផ្លូវជាតិ​លេខ ២១ ដែល​ត្រូវការ​ថ្ម​សំណង់​ជា​ចាំបាច់ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​មូលដ្ឋាន​ខេត្ត​កណ្តាល​ដូចជា ផ្លូវ​បេតុង សាលារៀន វត្ត​អារាម រួម​ទាំង​ការដ្ឋាន​សំណង់ផ្ទះ​ផងដែរ ដែល​តម្លៃ​ថ្ម​សំណង់​នេះ នឹង​ថោក​ជាង​ពាក់​កណ្តាល បើ​ប្រៀប​ជាមួយ​ថ្ម​សំណង់ ដែល​ដឹក​ពី​ខេត្តកំពង់ស្ពឺ ឬ​តាកែវ ឬ​តំបន់​ផ្សេងទៀត ព្រោះថា ក្នុង​ខេត្តកណ្តាល​ជាពិសេស​ស្រុក​ស្អាង និង​កោះធំ​នេះ មិនមាន​ការដ្ឋាន​អាជីវកម្ម​ថ្ម​សំណង់​នោះ​ទេ​។

ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ បាន​សម្ដែង​មតិ​យ៉ាង​ផុលផុស ដែល​ផ្តោត​សំខាន់​លើ​ការដឹកជញ្ជូន​ថ្ម​សំណង់ និង​បង្ក​ឲ្យ​ហ៊ុយ​ដី ខូចខាត​ផ្លូវ អាច​មាន​សំឡេង​រំខាន និង​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន សូម​ឲ្យ​ផ្តល់​ថ្ម​សំណង់ ដោយ​ឥតគិតថ្លៃ ដល់​ការសាងសង់​សំណង់​សាធារណៈ​ដូចជា វត្ត​អារាម ប្រឡាយ​ទឹក ទំនប់ទឹក​។ រាល់​មតិយោបល់ និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវបាន​ក្រសួង​ក៏ដូចជា​សាលាខេត្ត និង​ក្រុមហ៊ុន​ស្វាគមន៍​ទទួលយក និង​ដោះស្រាយ​ជូន៕