Duterte៖ អ្នកកាសែត​ពុករលួយ​សក្តិសម​នឹង​ស្លាប់ គ្មាន​ច្បាប់​ការពារ​ឡើយ និពន្ធដោយ : ទេព អ៊ីវិសាល       June-01-2016, 4:39 pm         4457

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377Duterte៖ អ្នកកាសែត​ពុករលួយ​សក្តិសម​នឹង​ស្លាប់ គ្មាន​ច្បាប់​ការពារ​ឡើយលោក Duterte។ រូបថត AsiaOne«​អ្នក នឹងមិន​ទទួលបាន​ការគំរាមកំហែង​នោះទេ ប្រសិន បើ​អ្នក​មិន​ប្រព្រឹត្ត​អ្វី​ខុស​»​។ នេះ​ជា​លើកឡើង​របស់លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ដែលជា​គោលនយោបាយ និង ប្តេជ្ញាចិត្ត​ក្នុងការ​លុបបំបាត់​បទ​ល្មើស​នៅក្នុង​ការបញ្ចប់​បទល្មើស​រយៈពេល​៦​ខែ​ក្នុងការ​ដឹកនាំ​របស់លោក​។

​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​៣១ ខែឧសភា ម្សិលមិញ បាន​ថ្លែងថា  អ្នកកាសែតរ​ពុករលួយ គឺជា​គោលដៅ​សំខាន់​នៃ​អំពើ​ឃាតកម្ម​ស្របច្បាប់​។ លោក សង្កត់ធ្ងន់ថា​អ្នកកាសែត​ដែល​ជាប់ទាក់ទង​នឹង​អំពើពុករលួយ សក្តិសម​នឹង​ស្លាប់​។

​សារ​ព្រមាន​របស់​អតីត​អភិបាលក្រុង​ដា​វ៉ា​វ និង​ជា​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​រូបនេះ​ត្រូវបាន​ធ្វើឡើង​នា​សន្និសីទកាសែត​របស់លោក​ទាក់ទង​នឹង​ការប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​គ្រោង​នឹង​ចូលកាន់​អំណាច​ផ្លូវការ​នៅ​ចុងខែ​មិថុនា​នេះ​។ នៅ​ថ្ងៃទី​៣០​ខែឧសភា​កន្លងទៅ​សភា​ហ្វីលីពីន​បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ថ្ងៃទី​០៩ ខែឧសភា កន្លង​ទៅដោយ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ក្លាយជា​ប្រធានាធិបតី​ទី​១៦​របស់​ហ្វីលីពីន​។​

​ឆ្លើយតប​នឹង​សំណួរ​នៅក្នុង​សន្និសីទកាសែត ដែល​សួរថា​តើ​លោក នឹងមាន​វិធាន​បែបណា​ចំពោះ​ការសម្លាប់​អ្នកសារព័ត៌មាន​ក្នុង​ក្រុង​ម៉ានីល​នៅ​សប្តាហ៍​មុន លោក ឌើ​ទើ​តេ បាន​បញ្ជាក់ថា «​មិនមែន​ដោយសារ អ្នក គឺជា​អ្នកសារព័ត៌មាន អ្នក​ត្រូវបាន​រួចខ្លួន​ពី​ការធ្វើ​ឃាតកម្ម​នោះទេ ប្រសិនបើ​អ្នកប្រព្រឹត្ត​ខុស​នោះ​» ។ នេះ​បើ​យោងតាម​សារព័ត៌មាន the Guardian​។

​លោក ឌើ​ទើ​តេ​ដែល​ត្រូវបាន​ប្រជាជន​ហៅ​ក្រៅ​ថា​«​អ្នក​ពួ​កែ​ដាក់ទណ្ឌកម្ម​» បាន​បន្ថែមថា « ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​សម្លាប់ បាន​ប្រព្រឹត្ត​អ្វីមួយ​។ ហើយ​ប្រសិន អ្នក​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ អ្នកនឹង​មិនត្រូវ​បាន​គេ​សម្លាប់​ឡើយ​។ លោក ឌើ​ទើ​តេ ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា​មាន​កាសែត​ពុករលួយ​ច្រើនណាស់​ក្នុងប្រទេស​ហ្វីលីពីន​។

​មួយវិញទៀត​នោះ លោក​ប្រធានាធិបតី​សម្តី​គំរោះគំរើយ ក៏បាន​ពន្យល់ថា បទ​បញ្ញា​តិ​សេរីភាព​នៃ​ការ បញ្ចេញមតិ​នៅក្នុង​រដ្ឋធម្មនុញ្ញ មិន​ការពារ​បុគ្គល​ណាមួយ​ពី​ការបរិហារកេរ្តិ៍​អ្នកដទៃ ក្នុងន័យ​អាក្រក់ នោះទេ​។ លោក សង្កត់ធ្ងន់ថា សកម្មភាព​នេះ មិនមែនជា​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ ហើយ រដ្ឋធម្មនុញ្ញ ក៏ មិន​ការពារ​អ្នក ប្រសិន​អ្នក មិន​គោរព​ដល់​បុគ្គល​ណាមួយ​ផងដែរ​នោះ​។

​សូមបញ្ជាក់​ផងដែរ​ថា​ហ្វីលីពីន គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក​សម្រាប់​អ្នកកាសែត នៅក្នុង​ឆ្នាំ​២០០៩ ដែល​ពេលនោះ មាន​អ្នកកាសែត​រហូតដល់​៣២​នាក់ ត្រូវបាន​សម្លាប់ ដោយសារ ពួកគេ បាន​ព្យាយាម​ប្រជែង​ជាមួយនឹង​អ្នកនយោបាយ​។ តែមាន​របាយការណ៍​ខ្លះ ក៏បាន​បង្ហាញថា អ្នកកាសែត​មួយចំនួន ក៏​តែងតែ​ប្រើប្រាស់​វិជ្ជាជីវៈ​ដើម្បី​គំរាម និង​ជំរិត​យកប្រាក់​ពី​អ្នកនយោបាយ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ការប្រើ​គោលការណ៍​គំរាម​សម្លាប់​អ្នកកាសែត​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​នេះ គឺ​ស្របទៅនឹង​គោលនយោបាយ​នៃ​ការ​បោ​សម្អាត​បទល្មើស​របស់​លោក ឌើ​ទើ​តេ​ដែល បាន​សន្យា និង​តែងតែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា លោក នឹង​លុបបំបាត់​បទល្មើស​ដែល​រួមមាន​ទាំង​ការជួញដូរ គ្រឿងញៀន និង​អំពើពុករលួយ​នៅក្នុង​រយៈពេល​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ​។

លោក ប្រកាស​ទុកជាមុន​ថា ជនល្មើស​ប្រមាណ​១​ម៉ឺន​នាក់ នឹងត្រូវ​សម្លាប់​ពេល​លោក កាន់អំណាច ហើយ សាកសព​របស់​ពួកគេ នឹងត្រូវ​យកទៅ​ឲ្យ​ត្រី​ស៊ី​ទៀតផង​៕