ឃាត់ខ្លួន​៥​នាក់ ខ្នង​ក្រាស់​ពេក​ដោះ​លែង​ស្ត្រី​ម្នាក់​វិញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​(​បៀរ​)​មួយ​កន្លែង​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​បាន​អ្នក​ញៀន​ល្បែង​ចំនួន​៥​នាក់ តែ​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ស្រាប់តែ​របូត​បាត់​ស្ត្រី​ម្នាក់​ដោយសារ​តែ​មាន​ខ្នង​ក្រាស់​ពេក​មក​អន្តរាគមន៍ ។

ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ដោយ​មានការ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​ដើម្បី​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ។

អ្នក​ញៀន​ល្បែង​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ លី ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ,២-​ឈ្មោះ ម៉ុ​យ សុខុម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ត​ទឹក​-​ភ្លើង ទាំង​២​នាក់​ស្នាក់​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​, ៣-​ឈ្មោះ ក្រូច យ៉េន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួ​ញ​, ៤-​ឈ្មោះ អឿ សុ​ផាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ដោយ​ត្រូវ​បាន​ដោះ​លែង​ភ្លាម​ៗ​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​អធិការដ្ឋាន ។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ទម្លាយ​អោយ​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​មាន​ខ្នង​ធំ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្លាប់​ចាប់ខ្លួន​តែ​ចេះ​តែ​របូត​ទៅ​វិញ​រហូត ។
តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ចំណុច​លេងល្បែង​ស៊ីសង​ខាងលើ​ជា​កន្លែង​លក់ដូរ និង​មាន​ខ្ចូ​ស​ដែល​ក្រុម​អ្នក​រកស៊ី​គូក​ជេរ​ដី​បាន​ជួប​ប្រមូលផ្តុំ​គ្នា​លេងបៀរ និង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​បង្ក​អោយ​បាត់បង់​សណ្តាបធ្នាប់​សង្គម ។ ដោយ​មាន​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​ចុះ​ទៅ​បង្ក្រាប ដោយ​ឃាត់ខ្លួន​បាន​ក្រុម​អ្នក​លេងបៀ​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ច្បាប់ តែ​ដោយសារ​តែ​មានការ​អន្តរាគមន៍ ស្ត្រី​ម្នាក់​នោះ​ក៏​បាន​ដោះ​លែង​វិញ នៅ​សល់​តែ​៤​នាក់់​ប៉ុណ្ណោះ ៕