ស្នេហា​រវាងស្រីនឹងស្រី ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ ​វាយ​គ្នា​ផ្អើល​ឆុល​ដល់​សមត្ថកិច្ច

ស្នេហា​រវាងស្រីនឹងស្រី ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ ​វាយ​គ្នា​ផ្អើល​ឆុល​ដល់​សមត្ថកិច្ច



ភ្នំពេញ ៖ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ពុះកញ្ជ្រោល​ឡើង​ខ្លាំង​ខុស គេ​ខុស​ឯង ពោល​គឺ​ខុស​ពី​ស្នេហា​ដទៃ​រវាង​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​រហូត​ឈាន​ទៅ​បង្ក​ហិង្សា​ ប្រវាយប្រតប់​គ្នា​បណ្តាល​ឲ្យ​សមត្ថកិច្ច​ ចុះទៅ​អន្តរាគមន៍​ហៅ​មក​សួរ​នាំ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្វាយប៉ាក ​កាលពី​វេលា​ម៉ោង ២ នឹង ២០ នាទី​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ ផ្លូវ​បេតុង​ក្រុម​ទី​៥ ​ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គូ​ស្នេហា​ស៊ី​ម​២​នោះ​ម្នាក់​ធ្វើជា​តួឯក​ប្រុស​មានឈ្មោះ កូ ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ មាន​មុខរបរ​ចាក់​បទ​ចម្រៀង​នៅ​បន្ទប់​ខារ៉ាអូខេ រីករាយ​ចាស់​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សី​កែវ មាន​ស្រុកកំណើត​នៅ​ឃុំ​ពន្លក​ ស្រុក​ប្រសាទ​ ខេត្តព្រៃវែង ​ចំណែក​ឯ​តួឯក​ស្រី​មានឈ្មោះ អាង ហួ ភេទ​ស្រី ​អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ដូច​គ្នា​ ធ្វើការ​ហាង​ខារ៉ាអូខេ​រី​ករាយ​ទី​១​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ភូមិ​ឡ​កំបោ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ ​មាន​ស្រុកកំណើត​នៅ​ឃុំ​គុ​ស​ ស្រុក​ត្រាំងកក ​ខេត្ត​តាកែវ​ អ្នក​ទាំង ​២​នាក់​ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ជាមួយគ្ នា​រស់នៅ​របៀប​ជា​សង្សារ​នឹង​គ្នា ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ តែ​ធ្វើការ​ហាង​ផ្សេងគ្នា។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នៅមុន​កើតហេតុ​គេ​ឃើញ​គូរ​សង្សារ​ខាងលើ​ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ រួច​ឈាន​ទៅ​វាយតប់​គ្នា​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ​រួចក៏​ប្តឹង​សមត្ថកិច្ច​អោយ​ចុះមក​អន្តរាគមន៍។ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ ​បាន​ហៅ​ភាគី​ទាំងពីរ​នាក់​មក​សាកសួរ​នាំ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយប៉ាក។

ក្រោយពី​សមត្ថកិច្ច​សួរនាំ​រួច​ តួឯក​ប្រុស​បាន​សារភាព​ថា​ មូលហេតុ​ដែល​រូបគេ​វាយ​តួឯក​ស្រី​នោះ​ ដោយសារតែ​រូបគេ​ឃើញ​នាង​លួច​ទាក់ទង​នឹង​ប្រុស​ថ្មី​ទៀត​ ទើប​ធ្វើ​ឲ្យ​រូបគេ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​ទប់​កំហឹង​មិនបាន​ ក៏​វាយ​នាង​បែបនេះ​។ ក្រោយ​សួរ​ និង ​ណែនាំ​រួចហើយ​ភាគី​ខាង​ស្រី​មិនបាន​ប្តឹងផ្តល់​ទេ ​ដោយ​ភាគី​ទាំងពីរ​នាក់​សម្រេចចិត្ត​ សូម​រស់នៅ​បែក​គ្នា​រៀងៗ​ខ្លួន​៕