ខ្មែរក្រោមយកទីតាំងមួយទល់មុខព្រះបរមរាវាំងធ្វើពិធីរំឭកការបាត់ទឹកដីទៅវៀតណាម

សមាគមខ្មែរកម្ពុជាក្រោម អះអាងថា ខ្លួននឹងយកទីតាំងវត្តអារាមមួយ នៅត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង ធ្វើពិធីរំឭកខួប៦៧ឆ្នាំនៃការបាត់បង់ទឹកដីទៅប្រទេសវៀតណាម។

នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានអះអាងតាមវីដេអូឃ្លីប លើបណ្តាញសង្គម នៅថ្ងៃទី១ខែឧសភានេះថា សាលារាជធានីភ្នំពេញ បានឯកភាពជាផ្លូវការហើយ ឲ្យសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជន ខ្មែរដើម្បីប្រជាធិបតេយ្យ ប្រារព្ធខួបថ្ងៃ៤មិថុនាឆ្នាំដែលអាណានិគមបារាំង កាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅប្រទេសវៀតណាមគ្រប់គ្រង។

លោក ថាច់ សេដ្ឋា អំពាវនាវឲ្យសាធារណជន ចូលរួមរាប់បាត្រព្រះសង្ឃចំនួន១៩៤៩អង្គ នៅថ្ងៃទី៤ខែមិថុនា ចាប់ពីម៉ោង៧ព្រឹក រហូតដល់ថ្ងៃត្រង់  ធ្វើនៅវត្តពោធិយារាម ហៅវត្តចាស់ នៅទល់មុខព្រះបរមរាជវាំង ត្រើយខាងកើត។

បើតាមប្រវត្តិសាស្ត្រ នៅឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង ដែលត្រួតត្រាកម្ពុជា នៅពេលនោះ បានកាត់ទឹកដីកម្ពុជាក្រោមចំនួន២១ខេត្ត ឲ្យទៅប្រទេសវៀតណាមគ្រប់គ្រង ដោយមិនរកការឯកភាពពីមេដឹកនាំខ្មែរ នាសម័យនោះទេ។

ឯកសារប្រវត្តិសាស្ត្រ អះអាងថា ក្រោយពីកាត់ដីខ្មែរ ឲ្យវៀតណាមគ្រប់គ្រងនេះ ធ្វើឲ្យអ្នកស្នេហាជាតិខ្មែរកម្ពុជាមួយចំនួនងើបតវ៉ាប្រឆាំងនឹងការគ្រប់គ្រងដោយរបបកុំមុយនីស្តនេះ ប៉ុន្តែអ្នកទាំងនោះ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ធ្វើទារុណកម្ម និងអ្នកខ្លះទៀតត្រូវបានវៀតណាមសម្លាប់។

ប្រភពៈ VOD