ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១ ដល់ ១៥ ខែមិថុនា ឆ្នាំ ២០១៦

ឆ្នាំជុូត
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរបានកាក់កបល្អណាស់។ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយលោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការវិញ។ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនចូរកុំបដិសេធឲ្យសោះព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក ត្រូវបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេ ទើបការកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង។ ចំពោះកំលោះក្រមុំ ក្នុងរយៈពេលនេះអាចទាក់ទងសាងពន្លកស្នេហាបានដោយពុំមានឧបស័គ្គអ្វីមករាំងស្កាត់ឡើយ៕

ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរមុនពេលប្រគល់ឬទទួលមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ទើបមិនចាញ់បោកគេ។ ក្នុងរយៈពេលនេះ ដែរបើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុនតោងចេះត្រិះ រិះពិចារណាឲ្យបានល្អិតល្អន់ទើបមិនធ្លាក់ក្នុងល្បិចកលគេ ។ ក្រៅពីនោះលោកអ្នកមិនត្រូវល្មោភស៊ីល្មោភផឹកឡើយទើបមិនអន្តរាយដល់ក្រពះនិងពោះវៀន។ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល៕

ឆ្នាំខាល
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកដែលប្រកបកាងារនៅទីខ្ពស់ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង។ក្នុងរយៈពេលនេះដែរ ដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើងនិងរកបានដោយកម្លាំងញើសឈាមនោះ កុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ។ប្រយ័ត្ន មានវិបត្តិេសដ្ឋកិច្ជគ្រួសារចោទឡើង។ក្រៅពីនោះចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។ចំពោះ គូស្នេហ៍ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក៕

ឆ្នាំថោះ
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ។លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកឡើយគឺសមប្រកបទាំងអស់។នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាឲ្យសោះ។ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ករៈវិញ។ក្នុងរយៈពេលនេះដែរ ចំពោះលោកអ្នកដែលកំពុងតែស្វែងរកការងារធ្វើឬមានទុក្ខធុរៈរត់រកពឹងពាក់អ្នកណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា។ចំពោះ គូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់៕

ឆ្នាំរោង
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន។ក្នុងរយៈពេលនេះការងារនិងការរកស៊ីជួញដូរ បន្ទាប់ពីមានការរីកលូតលាស់អស់មួយរយៈពេលរួចមកនៅពេលនេះចាប់ផ្តើមធ្លាក់ចុះយ៉ាងកំហុកតែម្តងទោះជាលោកអ្នកប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន។ក្នុងរយៈពេល នេះដែរក្រៅពីត្រូវយកចិត្តទុកដាក់ក្នុងការប្រកបកិច្ចការងារក៏ត្រូវប្រយ័ត្នចំពោះជនខិលខូចមួយចំនួនដែលមានបំណងប៉ងឈ្នានីសនិងប៉ងប្រព្រឹត្តអំពើអាក្រក់មកលើលោកអ្នកទៀតផង។ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះប្រយ័ត្នមានជនទី៣ ចូលជ្រៀតជ្រែក៕

ឆ្នាំម្សាញ់
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន។ក្នុងរយៈពេលនេះ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានាតោងចេះរំងាប់ចិត្តឲ្យបានត្រជាក់។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ។ពុំនោះទេអាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន។ចំពោះ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់។ក្នុងរយៈពេលនេះ ដែរបើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទតោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្រោះថ្នាក់មានគ្រប់វិនាទី។ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន៕

ឆ្នាំមមី
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល។ក្នុងរយៈពេលនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបង់ខាតពេលវេលាឥតអំពើ។ក្នុងរយៈពេលនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារខ្លាំងក្លាម្នាក់ដែរព្រោះបើទោះជាបាននិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់និងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង។ក្រៅពីនោះបើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់។ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ៕

ឆ្នាំមមែ
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ។ក្នុងរយៈពេល នេះរាល់ការងារនិងការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី។តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់និងមានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយនាំឲ្យបង់ខាតទ្រព្យឥតអំពើ។ក្នុងរយៈពេលនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេ ជាពិសេសមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ជំនួសឡើយ។ប្រយ័ត្នគេកិបកែងយកផលចំណេញអស់។ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ៕

ឆ្នាំវក
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ។ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេនិងនាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ។ក្នុងរយៈពេលនេះដែរបើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបុណ្យ
ទានឬពីធីជប់លៀងផ្សេងៗចូរចេះរៀបឬកមារយាទឲ្យបានសមរម្យសម្តីសម្តៅឲ្យពីរោះពិសាទើបមិនប់ឱនកិត្តិយស។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រទន្លេបឹងបួរតោងប្រយ័ត្នប្រយែងក្រែងជួបគ្រោះ លង់ទឹក។ចំពោះគូស្នេហ៍ទាល់ចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ៕

ឆ្នាំរកា
រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់។ក្នុងរយៈពេលនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចបានទទួលផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង។ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួលការកោតសរសើរនិងជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង។ក្រៅពីនោះលោកអ្នកត្រូវ យកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក ទើបមិនមានមេរោគជ្រៀតចូលតាមមាត់។ចំពោះគូស្វាមីភរិយាមាន ភាពល្អូកល្អិនល្អណាស់៕

ឆ្នាំច
រាសីល្អជាមធ្យមការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ។ក្នុងរយៈពេលនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃលើលិខិតស្នាម ផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់និងមិនបង់ខាតផលប្រយោជន៍ឥតអំពើ។ក្នុងរយៈ ពេលនេះដែរលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ។ប្រយ័ត្នធ្វើគុណបានទោសនិងអាចជាប់ពាក់ព័ន្ធ ក្នុងបទល្មើសផ្សេងៗទៀតផង។ក្រៅពីនោះដោយសារតែសុខភាពមិនសូវល្អជាលោកអ្នកមិនត្រូវល្មោភស៊ីល្មោភផឹកឡើយទើបមិនអន្តរាយដល់ក្រពះនិងពោះវៀន។ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាលធ្វើឲ្យចំណងស្នេហារង្គោះរង្គើ ៕

ឆ្នាំកុរ
រាសីស្រុតចុះខ្លាំងការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបស័គ្គច្រើនប៉ុណ្ណោះទេព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផងដូច្នេះ លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ។ក្នុងរយៈពេលនេះដែរបើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំឬលក់ឲ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួលឬទិញយកដែរ។ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួននិងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង។ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនជាពិសេសចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយដាច់សង្វែងតែម្នាក់ឯងឡើយ។ប្រយ័ត្នអាចជួបគ្រោះអាក្រក់បង់ទាំងទ្រព្យបង់ទាំងកាយ។ចំពោះគូស្វាមីភរិយា ជួបរឿងរកាំរកូសច្រើន ៕

ប្រភព៖ pmhotnews

  • ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១ ដល់ ១៥ ខែមិថុនា ឆ្នាំ ២០១៦已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: