អាជ្ញាធរ​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា​គ្មាន​គោលការណ៍​ប្រមូល​ស្នាម​មេដៃ​ទាមទារ​រឿង​អ្វី​មួយ​ឡើយ

អាជ្ញាធរ​ខេត្ត​កំពង់ចាម បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​គ្មាន​គោលការណ៍​ណា​មួយ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ ឬ​ស្នើសុំ​អ្វី​មួយ ដូចជា​ទាមទារ​ជីក​អណ្ដូងទឹក ឬ​ស្រះ​ទឹក និង​ទាមទារ​បញ្ចុះ​តម្លៃ​សេវា​ទឹក​ស្អាត​នោះ​ឡើយ។ ការ​អះអាង​ដូច​នេះ ក្រោយ​ពេល​មាន​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ស្រីសន្ធរ។

អាជ្ញាធរ​ខេត្ត​កំពង់ចាម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្តល់​ស្នាម​មេដៃ​ទៅ​បុគ្គល​ណា​ម្នាក់ ព្រម​ទាំង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ដែល​ពួក​គាត់​រស់នៅ។ បន្ថែម​ពី​នេះ ប្រសិន​បើ​មាន​ការ​ប្រមូល​ស្នាម​មេដៃ​ណា​មួយ ដែល​ពលរដ្ឋ​យល់​ថា​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ ឬ​ដោយ​ការ​បង្ខិតបង្ខំ ពួក​គាត់​គប្បី​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង។

អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​បំពេញ​កិច្ចការ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ដូចជា គិតគូរ​រឿង​អណ្ដូងទឹក ឬ​ស្រះ​ទឹក ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ទៀត​ឡើយ។ ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត ព្រម​ទាំង​មន្ត្រី​ថ្នាក់​ជាតិ តែង​ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​ដែល​ពួក​គាត់​រស់នៅ ហើយ​ពលរដ្ឋ​អាច​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ ដាក់​ជូន​មន្ត្រី​ទាំង​នោះ​ទៀត​ផង។

លោក ជីម លាវ ហៅ​ការ​ប្រមូល​ស្នាម​មេដៃ​របស់​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ដើម្បី​ទាមទារ​ឲ្យ​បញ្ចុះ​តម្លៃ​សេវា​ទឹក​ស្អាត ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​នោះ ថា​ជា​រឿង​ខុស​ច្បាប់៖ «វិធានការ​របស់​ខេត្ត គឺ​យើង​មាន​ហើយ ថា​ប្រសិន​បើ​មាន​រដ្ឋ​អំណាច ឬ​នគរបាល​ប៉ុស្តិ៍ ត្រូវ​អញ្ជើញ​គាត់​មក​ប្រាប់ ឬ​មក​អប់រំ​ពួក​គាត់ ដើម្បី​កុំ​ឲ្យ​បោកប្រាស់​ប្រជាជន​យើ​អ៊ីចឹង​ទៀត»

ការ​បញ្ជាក់​ជំហរ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ចាម ពេល​នេះ ក្រោយ​ពេល​មាន​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​ស្រុក​ស្រីសន្ធរ កើត​មាន​ជា​បន្តបន្ទាប់ ក្រោម​រូបភាព​ជីក​អណ្ដូងទឹក ឬ​ស្រះ​ទឹក​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ទាមទារ​ឲ្យ​បញ្ចុះ​តម្លៃ​ត​ភ្ជាប់​សេវា​ទឹក​ស្អាត​ក្នុង​ភូមិ​ពី​សំណាក់​អាជ្ញាធរ​ភូមិ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រជាពលរដ្ឋ​មួយ​ចំនួន បារម្ភ​ខ្លាច​អាជ្ញាធរ​ទាំង​នោះ យក​ស្នាម​មេដៃ​របស់​ពួក​គាត់​ទៅ​ធ្វើ​រឿង​អ្វី​មួយ​ផ្ទុយ​ពី​គោល​បំណង​របស់​ពួក​គេ។

ពលរដ្ឋ​នៅ​ឃុំ​ស្វាយសាច់ភ្នំ លោក នាង សួរ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ប្រមូល​ស្នាម​មេដៃ​ពួក​គាត់​យក​ទៅ​ប្រើប្រាស់​ដូច​បំណង​ប្រជាពលរដ្ឋ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ភូមិ​ភ័យ​ខ្លាច​ចំពោះ​ការ​យក​ស្នាម​មេដៃ​ពួក​គាត់ ទៅ​ធ្វើ​រឿង​ដែល​ប្រាសចាក​ពី​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន៖ «ប្រជាពលរដ្ឋ​ព្រួយ​ខ្លាច​តែ​ខុស​បំណង មិន​ទៅ​តាម​បាវចនា​ដើម​ដែល​ដាក់​មក​ហ្នុង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់​មួយ​ច្បាស់លាស់ ហើយ​ប្រជាពលរដ្ឋ​ផ្តល់​ជូន​ដោយ​ស្ម័គ្រចិត្ត ហើយ​អ្នក​ប្រមូល​យក​ស្នាម​មេដៃ​ទៅ​នោះ យក​ទៅ​ប្រើប្រាស់​ដូច​គោល​បំណង​ដែល​ប្រាប់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​ស្រប​ច្បាប់។ លោក​បញ្ជាក់​ថា ខ្លាច​ក្រែង​តែ​ការ​ប្រមូល​ស្នាម​មេដៃ​ដែល​មាន​រូបភាព​មិន​ច្បាស់លាស់ ហើយ​យក​ប្រើ​ខុស​ពី​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ទើប​ជា​រឿង​ខុស​ច្បាប់៖ «ទោះ​បី​ជា​អាជ្ញាធរ​ក៏ដោយ ឬ​មិន​មែន​ជា​អាជ្ញាធរ​ក៏ដោយ ឲ្យ​តែ​គាត់​មាន​ទម្រង់​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​គេ​គាំទ្រ អា​ហ្នឹង​វា​អត់​មាន​ខុស​អី​ទេ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឲ្យ​ប្រាកដ​ថា​ការ​ផ្តល់​ស្នាម​មេដៃ​ទៅ គឺ​មាន​ប្រយោជន៍ ប្រជាពលរដ្ឋ​ត្រូវ​ស្វែង​យល់​អំពី​លិខិត​ស្នាម​ឲ្យ​បាន​ច្បាស់លាស់ ពិសេស​លិខិត​ស្នាម​ដែល​មាន​គោល​បំណង​ត្រឹមត្រូវ ហើយ​មាន​ទម្រង់​ជា​លិខិត​រដ្ឋបាល​ផ្លូវ​ការ និង​ត្រូវ​ទុក​ចិត្ត​លើ​តំណាង​ពលរដ្ឋ​ដែល​ចង់​បាន​ស្នាម​មេដៃ​ពី​ពួក​គាត់ ជៀសវាង​មាន​រឿង​មិន​ល្អ​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។