ពលរដ្ឋ​១​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​ដោះស្រាយ​បណ្ដឹង​ដីធ្លី

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​មាន​ទ្រព្យ​ធន​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មួយ​គ្រួសារ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ថា មិន​ដោះស្រាយ​បណ្ដឹង ដើម្បី​ជួយ​រារាំង​ភាគី​ចុង​បណ្ដឹង​ឲ្យ​បញ្ឈប់​ភ្ជួរ​ដី​ទំនាស់​នោះ​ទេ។ ប៉ូលិស​បញ្ជាក់​ថា ករណី​នេះ​សមត្ថកិច្ច​ពុំ​មាន​សិទ្ធិ​ទៅ​ហាម​ឃាត់​ភាគី​ម្ខាង​ទៀត​បាន​ឡើយ។

ពលរដ្ឋ​ដើម​បណ្ដឹង បាន​នាំ​គ្នា ៣​នាក់​ប្ដី​ប្រពន្ធ និង​កូន ចុះ​ទៅ​ហាម​ឃាត់​ត្រាក់ទ័រ​ភ្ជួរ​ដី​ដល់​ទីកន្លែង​ដី​ទំនាស់​ដោយ​ខ្លួន​ឯង នៅ​ភូមិ​ពពាលខែ ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។

ពលរដ្ឋ​ដើម​បណ្ដឹង​រស់នៅ​ភូមិ​កគោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល លោក ហ៊ាន លីហូវ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​កន្លែង​ដី​ទំនាស់​ថ្ងៃ​ទី​១ មិថុនា ថា រឿង​ក្ដី​នេះ​កំពុង​ដំណើរ​ក្ដី នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរតាគី មិន​ចាត់​វិធានការ​តាម​ពាក្យ​បណ្ដឹង​របស់​លោក ដើម្បី​ហាម​ឃាត់​ភាគី​ទំនាស់​ឲ្យ​បញ្ឈប់​ភ្ជួរ​ដី​ទំនាស់​នោះ​ទេ៖ «ខ្ញុំ​សូម​ឲ្យ​សម្ដេច ស ខេង អភិបាល​ខេត្ត​បាត់ដំបង និង​អភិបាល​ស្រុក​ថ្មគោល ជាដើម មេត្តា​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ដី​សម្រាប់​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរតាគី លោក អ៊ុយ រិទ្ធី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​មិន​បាន​ចុះ​ទៅ​ហាម​ឃាត់​ភាគី​ម្ខាង​ទៀត​ភ្ជួរ​ដី​ទំនាស់ ដោយសារ​ដើម​បណ្ដឹង​ពុំ​មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ថា​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន៖ «គាត់​ប្រាប់​ថា​ដី​នោះ​ជា​ដី​ទំនាស់ ប៉ុន្តែ​គាត់​គ្រាន់​តែ​ថា ដោយ​គ្មាន​អ្វី​សំអាង​ទេ។ រឿង​នេះ​ប្រសិន​បើ​ពិត​ដូច​ពលរដ្ឋ​ប្ដឹង ម្ល៉េះ​ថ្នាក់​លើ​បញ្ជា​មក​ឲ្យ​ខ្ញុំ​ចាត់​វិធានការ​បាត់​ទៅ​ហើយ»

ពលរដ្ឋ​អះអាង​ថា ដី​ទំនាស់​ទំហំ​ជាង ៥​ហិកតារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ប៉ុន្តែ​លោក​ថា នៅ​ឆ្នាំ​២០០៦ លោក​បាន​យក​ដី​នោះ​ទៅ​បញ្ចាំ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ឈ្មោះ លោក ភូ ហុកហី ចំនួន ៣​ម៉ឺន​បាត ឬ​ស្មើ​ប្រមាណ ៣​លាន​រៀល​កាល​ពី​សម័យ​នោះ។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​២០០៨ ទឹក​ប្រាក់​ទាំង​ការ​ទាំង​ដើម​ឡើង​ដល់ ៩​ម៉ឺន​បាត ឬ​ប្រមាណ ៩​លាន​រៀល។ នៅ​ឆ្នាំ​២០០៨ ដដែល លោក​សុំ​ប្រគល់​ប្រាក់​គ្រប់​ចំនួន​យក​ដី​មក​វិញ តែ​ភាគី​ចុង​បណ្ដឹង​មិន​ព្រម ហើយ​ក៏​បាន​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង។ លោក​អះអាង​ថា អំឡុង​ពេល​ប្ដឹងផ្ដល់​គ្នា​នៅ​តុលាការ តាំង​ពី​ឆ្នាំ​២០០៨ លោក​បាន​ដាំ​ដុះ​នៅ​លើ​ដី​ទំនាស់​រហូត​មក។

ទាក់ទង​នឹង​បញ្ហា​នេះ កូន​ប្រុស​ចុង​បណ្ដឹង គឺ​លោក ភូ ហុងដា អះអាង​ថា ដី​នេះ​តុលាការ​កំពូល បាន​សម្រេច​ឲ្យ​លោក​ឈ្នះ​ក្ដី​នៅ​ដើម​ឆ្នាំ​២០១៦។ លោក​បញ្ជាក់​ថា ភាគី​ដើម​បណ្ដឹង​រឹង​រូស​មិន​ព្រម​ឲ្យ​លោក​ចូល​អាស្រ័យ​ផល​នៅ​លើ​ដី​ទំនាស់​ឡើយ៖ «ខាង​ដើម​បណ្ដឹង​គាត់​បាន​ចាញ់​ក្ដី ហើយ​មិន​ព្រម​ចូលរួម​អនុវត្ត​ដីកា​ស្ថាពរ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ប្រសិន​បើ​រឿង​ទំនាស់​នេះ​ភាគី​ដើម​បណ្ដឹង​បន្ត​ក្ដី​ទៅ​សាលា​ឧទ្ធរណ៍ ហើយ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ​សម្រេច​ឲ្យ​ភាគី​ណា​ឈ្នះ​ក្ដី​នៅ​ឡើយ គឺ​ដើម​បណ្ដឹង​នៅ​តែ​មាន​សិទ្ធិ​ដាំ​ដុះ​នៅ​លើ​ដី​នោះ​បន្ត​ទៀត។ លោក​បញ្ជាក់​ថា ករណី​សមត្ថកិច្ច​មិន​ចាត់​វិធានការ​ទប់ស្កាត់​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់ ដោយ​មិន​បំពេញ​ភារកិច្ច​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។