ល្បួង​ក្មេង​ស្រី​ចាប់​រំលោភ​រហូត​មាន​ផ្ទៃពោះ​៤​ខែ​ បែក​ការណ៍​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​

ល្បួង​ក្មេង​ស្រី​ចាប់​រំលោភ​រហូត​មាន​ផ្ទៃពោះ​៤​ខែ​ បែក​ការណ៍​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​



បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ មាន​រថយន្ត​១​គ្រឿង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ​ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ទទួលបន្ទុក​គ្រឿងញៀន និង អនីតិជន​ និង​ជួញដូរ​មនុស្ស​ បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់​ជនសង្ស័យ​ម្នាក់​ ពី​បទ​ល្បួង​ក្មេង​ស្រី​អនីតិជន ​យក​ទៅ​រំលោភ​រហូតដល់​ទម្ងន់​បាន​៤​ខែ​ ទើប​បែកការណ៍​កាលពី​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​ភូមិ​ស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក ស ​ប៊ុន​សឿង​ បាន​និយាយ​ថា ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ស គ អាយុ​ ១៧​ឆ្នាំ​ និង ​ម្តាយ​ជនរងគ្រោះ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ឈ្មោះ​ ស៊ុន ​ស៊ីថា ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​ ពីបទ​បាន​លួងលោម​ក្មេង​ស្រី​ម្នាក់​សន្យា​ថា ​នឹង​យក​នាង​ធ្វើជា​ប្រពន្ធ ​ពេល​នាង​ព្រម​ប្រគល់​ខ្លួនប្រាណ​ឲ្យ ​រហូត​នាង​មាន​ទម្ងន់​៤​ខែ​ ពេលនោះ​ជនសង្ស័យ​បាន​ធ្វើ​ការ​គំរាម​ជនរងគ្រោះ​ថា បើ​ចង់​យក​អញ​ធ្វើ​ប្តី​ ត្រូវយក​កូន​ចេញ​ទើប​អញ​ព្រម​យក​នាង​ឯង​ធ្វើជា​ប្រពន្ធ​ ពេលនោះ​ជនរងគ្រោះ​បាន​យល់ព្រម​ រួច​ជនសង្ស័យ​បាន​ឌុប​នាង​តាម​ម៉ូតូ ​ជិះ​មក​ក្រុង​សិរីសោភ័ណ​ដើម្បី​យក​កូន​ចេញ​។

លោក​ ស ​ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពេល​មកដល់​ក្រុង​សិរីសោភ័ណ​ហើយ​ ជនសង្ស័យ​បាន​យក​លេះ​ថា​ ខ្លួន​មិន​ដឹង​ថា ​មាន​កន្លែង​ណា​គេ​យក​កូន​ចេញ​នោះ​ឡើយ​ ហើយក៏​ឌុប​ជនរងគ្រោះ​មក​ផ្ទះ​វិញ​ហើយ​ប្រាប់​ថា ​រឿង​រៀប​ការ​មិន​សម្រេច​លើ​ខ្ញុំ​នោះ​ទេ​ បើ​ចង់​ការ​ណាស់​ទាល់តែ​ម៉ែ​ខ្ញុំ​ឲ្យ​ការ​ទើប​ការ​បាន ​ពេលនោះ​ជនរងគ្រោះ​ខឹង​យ៉ាង​ខ្លាំង ​បាន​ប្រាប់​ម៉ែ​និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាវុធហត្ថ​ខេត្ត​តែម្តង​។

លោក​ ស ​ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ហើយ​ លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ​ហើយ​បញ្ជូន​មក​ទីបញ្ជាការ ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។

នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ល្បួង​នាង​ជនរងគ្រោះ​ យក​ទៅ​រំលោភ​រហូត​ទាល់​នាង​នោះ​ទម្ងន់​បាន​៤​ខែ​ ហើយក៏​ចង់​ដោះដៃ​ដោយសារ​ឃើញ​ក្រុម​គ្រួសារ​នោះ​ ក្រ​ជាង​គ្រួសារ​ខ្លួន​រហូតដល់​ថ្ងៃនេះ​ អាវុធហត្ថ​ឃាត់ខ្លួន​តែ​ម្តង​។

លោក ​ស​ ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​បាន​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ហើយ​នោះ​ ក៏​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕