កម្ពុជា​ត្រូវតែ​ពង្រឹង​នយោបាយ​ការទូត និង កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក

កម្ពុជា​ត្រូវតែ​ពង្រឹង​នយោបាយ​ការទូត និង កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក



ភ្នំពេញ ៖​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ថ្លែង​ថា ច្បាស់​ណាស់​កម្ពុជា​ត្រូវតែ​ពង្រឹង​នយោបាយ​ការទូត និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក ជាពិសេស​ប្រទេស​ដែល​កំពុង​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។ នៅ​ពេល​ដែល​ប្រទេស​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ពិភពលោក គឺ​កម្ពុជា​កាន់តែ​មានឱកាស​ច្រើន​ឡើង​ក្នុង​ការ​កសាង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន។

សម្តេច​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​បន្ទាប់​ពី​ចូលរួម វេទិកា​សេដ្ឋកិច្ច​ស្តីពី​អាស៊ាន​(World Economic Forum on ASEAN )​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នា រសៀល​ថ្ងៃទី១ ខែមិថុនា នេះ។

សម្តេច​តេ​ជោ​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​បាន​ចូលរួម​បើក​ជា​ផ្លូវការ​នៃ វេទិកា​សេដ្ឋកិច្ច​ស្តី​ពី​អាស៊ាន (World Economic Forum on ASEAN, នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ប្រមុខ​ដឹកនាំ តំណាង​ប្រទេស តំណាង​ក្រុម​ហ៊ុន​ពាណិជ្ជករ និង​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​រយ​នាក់។

សម្តេច​បន្ត​ថា ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ដែល​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១-២ មិថុនា​នេះ​នឹង​ផ្តល់​ឱកាស ឲ្យ​សហគមន៍​អន្តរជាតិ​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់​ជាពិសេស​ក្នុង​ការ​ស្វែងយល់​អំពី​សក្តានុពល​នានា​របស់​កម្ពុជា​ដែល​ទាក់ទាញ​ពាណិជ្ជករ​និង​វិនិយោគិន​មក​បណ្តាក់​ទុន ដែល​ផ្តល់​ការងារ និង​ប្រាក់ចំណូល​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី ២៥ ស្តី​ពី​អាស៊ាន ក្រោម​ប្រធានបទ “​ការរៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់​និង​ការ​រីកចម្រើន​” បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី ១ ខែ មិថុនា ដោយ​បាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ,​លោក Rui Maria de Araujo នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​, លោក Jusuf Kalla អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ,​លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រី​វៀតណាម​, លោក Phillipp Rosler សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។ នេះ​បើ​យោងតាម​ប្រភព​ព័​ត៌​មាន​ដែល​ផ្តល់​ឲ្យ​ដោយ​បេសកជន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា។

នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី ២៥ ស្តី​ពី​អាស៊ាន​បាន​បង្ហាញ​នូវ​រូបភាព​វីដេអូ​ដែល​ជា​សារ​ពិសេស​របស់​លោក​សាស្ត្រាចារ្យ Kluas Schwab ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៥ ស្តីពី​អាស៊ី។

ថ្លែង​សុន្ទរកថា​ ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​មានប្រសាសន៍ថា លើ​បញ្ហា​ប្រឈម​នៃ​វិ​បត្តិ​សេដ្ឋកិច្ច​ពិភពលោក អាស៊ាន​ត្រូវតែ​ពង្រឹង​នូវ​ភាពជា​ដៃគូ​ផ្ទៃក្នុង​ដ៏​រឹងមាំ​ដើម្បី​ឈាន​ទៅ​កាន់ការ​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​នោះ​ត្រូវ​រួមគ្នា​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​និង​ការ​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន​ពិសេស​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​ធុរជន​ដែល​ពាក់ព័ន្ធ​ទៅ​និង​កំណើន ចិរ​ភាព​សេដ្ឋកិច្ច។

លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​យើង​នៅ​ក្នុង​រយៈពេល ២ ថ្ងៃ​ទៅមុខ យើង​នឹង​រក​ឃើញ​នូវ​ចំណុច​ល្អ​ៗ​ក្នុង​ការ​លើកកម្ពស់​កំណើន និង ការ​ធ្វើ​ឲ្យ​មានគុណ​ភាព​នៃ​អនុផល។

លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី ២៥ ស្តី​ពី​អាស៊ាន​បាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​បរិបទ​មួយ​ដែល​អាស៊ាន​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​សហគមន៍​អាស៊ាន​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​២០១៥។ លោកនាយក​រដ្ឋមន្ត្រី​បន្ត​ថា ជា​សហគមន៍​ដែល​មាន​ប្រជាជន​រួមគ្នា​ប្រមាណ ៦៣០ លាន​នាក់ និង ជាទី​ផ្សារ​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក​តំបន់​អាស៊ាន​បាន​នឹង​កំពុង​រីក​លូតលាស់​ធ្វើ​នគរូបនីយកម្ម និង ឱប​ក្រ​សោម​យក​បច្ចេកវិទ្យា​ថ្មីៗ។ លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ​តំបន់​អាស៊ាន​កំពុងតែ​ផ្តោត​ទៅ​លើ​និម្មាបនកម្ម​សេដ្ឋកិច្ច​តំបន់​ថ្មី​មួយ​ខណៈដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ បាន​លេច​ជា​រូបរាង​ឡើង។

លោក​ក៏បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​របស់​អា​ស៊ាន​ដែល​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​ដូចជា​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច​ពិភពលោក និង កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ សមាហរណកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាដើម។

នៅ​ក្នុង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​វេទ​កា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី ២៥ ស្តីពី​អាស៊ាន​នោះដែរ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏បាន​ផ្តល់នូវ​ចំណុច​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​របស់​តំបន់ និង​បានលើកឡើង​ពីបទ​ពិសោធន៍​មួយ​ចំនួន​ដែល​ប្រទេស​ម៉ាឡេស៊ី​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​។

លោក Phillipp Rosler សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ក្នុង​ការ​គោរព​អញ្ជើញ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ថ្លែង​ពី​បទ​ពិសោធន៍​នៃ​កំណើន​របស់​កម្ពុជា​ដែល​រូបលោក​បាន​ធ្វើ​ការ​កាត់​សំគាល់​ក្នុង​រយៈពេល​១៥ ឆ្នាំ​ចុងក្រោយ​ដែល​មាន​អត្រា​កំណើន ៧ ភាគរយ​ដែល​សំណូមពរ​របស់​រូបលោក​ថា តើ​អនាគត​ដ៏​ខ្លី​ខាងមុខ​ក្នុង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិយាយប័ណ្ណ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​នៅ​កម្ពុជា។

បន្ទាប់មក​លោក Rui Maria de Araujo នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​, លោក Jusuf Kalla អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ,​លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រី​វៀតណាម បានធ្វើ​បទ​អន្តរាគមន៍​ស្តី​ពី​ការ​ចូលរួមចំណែក​រប​ស់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ប្រទេស​ឥណ្ឌូណេស៊ី និង ប្រទេស​វៀតណាម ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណើន​សេដ្ឋកិច្ច ការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទិន​ទៅ​នឹង​ប្រធានបទ ការរៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការ​រីកចម្រើន ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តីពី​អាស៊ាន​បានលើកឡើង៕

កម្ពុជា​ត្រូវតែ​ពង្រឹង​នយោបាយ​ការទូត និង កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក