ចូល​ជ្រក​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ លើក​ទូរស័ព្ទ​និយាយ ​ត្រូវ​រន្ទះបាញ់​ស្លាប់

ចូល​ជ្រក​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ លើក​ទូរស័ព្ទ​និយាយ ​ត្រូវ​រន្ទះបាញ់​ស្លាប់



បាត់ដំបង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់ ទើប​តម្រូវ​ឲ្យ​ចូល​ទៅ​ជ្រក​នៅ​ក្នុង​រោង​តូច​មួយ ដែល​ស្ថិតនៅ​ពីក្រោម​ដើមឈើ ថែមទាំង​និយាយ​ទូរស័ព្ទ​ទៀត ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​តែម្តង។

ហេតុការណ៍​នៃ​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ និង​២៥​នាទី​រសៀល ត្រង់​ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល​ ខេត្តបាត់ដំបង ដោយសារ​តែមាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ បាន​បង្អុរ​មកដោយមាន​ទាំង​ខ្យល់​ លាយឡំ​នឹង​ផ្លេកបន្ទោរ​ផង។

នៅ​ពេល​នោះ​ដែរ ក៏​ស្រាប់​តែ​មាន​អ្នកដំណើរ​ម្នាក់​បាន​ជិះ​ម៉ូតូ​ មក​ឈប់​ជ្រក​ភ្លៀង​នៅ​ក្នុង​កូន​រោង ក្រោម​ដើមឈើ ត្រង់​ចំណុច​កើតហេតុ ដោយ​បាន​ដក​ទូរស័ព្ទ​យក​មក​និយាយ​ផង ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ ក៏​ស្រាប់តែ​ឮ​សម្លេង​រន្ទះ​មួយ​បាន​បាញ់​លាន់ឮ​ស្នូរ​យ៉ាង​ខ្លាំង​ ទៅលើ​ស្ត្រី​ដែលជា​អ្នកដំណើរ​នោះ​ ធ្វើអោយ​ស្ត្រី​រងគ្រោះ​ដួល​រលំ​ទាំង​ជំហរ ព្រមទាំង​បាន​ស្លាប់​ភ្លាមៗ​នៅ​ទីនោះ​តែ​ម្តង។

ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សព​រួចមក ទើបបាន​ធ្វើការ​វាយតម្លៃ​ថា​ គឺ​អាច​បណ្តាល​មក​ពី​ការប្រើប្រាស់​ទូរស័ព្ទ​ផង និង​ដោយសារតែ​នេះ​គឺ​ជា​គ្រោះធម្មជាតិ​ផង​ ដោយ​អ្នក​ដែល​ស្លាប់​នោះ​មានឈ្មោះ សោម សឿន ភេទ​ស្រី អាយុ៥៧ឆ្នាំ រស់នៅ​ភូមិ ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​​នៅឯ​គេហដ្ឋាន​ហើយ៕