បាក់​ពិ​ដាន​បន្ទប់​ប្រទះ​ឃើញ​កាំភ្លើង​អាកា​បត់​១​ដើម

រាជធានី​ភ្នំពេញ ៖ កាំភ្លើង​អាកា​បត់​១​ដើម រួម​នឹង​បង់​ចំនួន​២​ដែល​មាន​គ្រាប់​ពេញ​ៗ​បង់​ផង សង្ស័យ​មន្ត្រី​យោធា​ម្នាក់ លាក់​ទុក​នៅ​លើ​ពិ​ដាន​បន្ទប់​ស្នាក់​នៅ ក្នុងអំឡុងពេល​ដែល​គាត់ មិន​ទាន់​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​មក​ម្លេះ លុះដល់​ពេល​គាត់​ចាកចេញ​ទៅ​បាត់ មិន​បាន​យក​ទៅ​ជាមួយ​នោះ​ទេ បាន​ទុក​នៅ​កន្លែង​ដដែល ហើយ​បន្ទប់​នោះ​ត្រូវ​បានកូន​ប្រុស របស់​គាត់​ចូល​ស្នាក់​នៅ​វិញ​ម្ដង​។

រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​ពិ​ដាន ពុក​ផុយ​បាន​បាក់​ធ្លាក់​មក​ក្រោម ទើប​ប្រទះ​ឃើញ​កាំភ្លើង​នោះ ហើយ​កូនប្រុស​របស់​គាត់​បាន​រាយការណ៍​ជូន លោក​មេ​ភូមិ ឲ្យ​ផ្ដល់​ដំណឹង​ទៅ​កាន់​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ទៅ​យក​មក​រក្សា​ទុក​។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ផ្ទះ​បាញ់ឆែវ ម្លប់​ត្នោត ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ក្រុម​ទី​១ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដែល​មាន​ម្ចាស់​បន្ទប់​ឈ្មោះ គា សុខ​ណា​ង អាយុ​២៨​ឆ្នាំ មុខរបរ​លក់​បាញ់ឆែវ​យីហោ បាញ់ឆែវ​ម្លប់​ត្នោត​នោះ​តែ​ម្ដង​។ បុរស​ម្ចាស់​បន្ទប់​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បានដឹង​ថា នៅ​ក្នុង​បន្ទប់​នោះ​មាន​កាំភ្លើង​នោះ​ទេ ព្រោះ​កាល​មុន​បន្ទប់​នោះ គឺ​ឪពុក​ខ្លួន​ជា​អ្នក​ស្នាក់​នៅ លុះ​ក្រោយមក​ឪពុក​ចាកចេញ​ទៅ​បាត់ ខ្លួន​បាន​ចូល ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​នោះ​។ ដោយ​មិន​បានដឹង​រហូត​មក លុះដល់​ថ្ងៃ​ទី​០១ ខែឧសភា ស្រាប់តែ​ពិ​ដាន​បន្ទប់​ខាងលើ​បាន​បាក់​ធ្លាក់​មក​ក្រោម ទើប​ប្រទះ​ឃើញ​កាំភ្លើង​នោះ គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ហើយ​មិនដឹង​ថា ឪពុក​ខ្លួន​ជា​អ្នក​ទុក​នៅ​ទីនោះ ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​នោះ​ឡើយ​។

ក្រោយមក​គាត់​បាន​រាយការណ៍ ជូន​លោក​មេ​ភូមិ ដើម្បី​ឲ្យ​លោក​មេ​ភូមិ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ទៅ​ពិនិត្យ​មើល និង​យក​ទៅ​រក្សា​ទុក​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បានឃើញ​កាំភ្លើង​១​ដើម​នោះ​ស្ថិត​នៅ​លើ​ពិ​ដាន​បន្ទប់ ដោយ​មាន​បង់​ចំនួន​២ និង​មាន​គ្រាប់​នៅ​ក្នុង​នោះ​ពេញ​ៗ​បង់ ព្រមទាំង​រុំ​ដោយ​ថង់​ប្លា​ស្ទិ​ច​១-៣​ជាន់​ថែម​ទៀត​ផង​។ ម្យ៉ាងទៀត​កាំភ្លើង​នោះ ផលិត​នៅ​ប្រទេស​ឆេ​កូ នៅ​មានគុណ​ភាព​ប្រមាណ​៩០​ភាគរយ ហើយ​ទាំង​កាំភ្លើង និង​គ្រាប់ អាច​នៅ​ប្រើ​ការ​បាន ពេល​នេះ​កំពុង​រក្សា​ទុក​នៅ​ប៉ុស្ដិ៍ ចោម​ចៅ ៕